ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ និងវិស័យឯកជនបានបន្តប្តេជ្ញាចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ មានក្រុមហ៊ុនចំនួន៣ រួមមាន សាខាក្រុមហ៊ុនអូបាយ៉ាស៊ីខបភើរេសិន ក្រុមហ៊ុនអេសអិមស៊ីអេសឬីសអិលធីឌី និងក្រុមហ៊ុនចូតាន់ ខេមបូឌាលីមីធីត បានបង្ហាញឆន្ទៈផ្តល់ការសហការ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយតាមរយៈការចុះអនុស្សរណ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាស្ថាប័នឯករាជ្យបង្គោលទទួលអាណត្តិលើការងារនេះ។
អនុស្សរណៈនៃការយោគយល់គ្នាត្រូវបានចុះហត្ថលេខាដោយលោកឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាមួយនឹងតំណាងក្រុមហ៊ុនទាំងបី កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការអង្កភាព។
លោកឃាង សេង បានថ្លែងថា គិតមកដល់ពេលនេះមានក្រុមហ៊ុនជាតិ អន្តរជាតិ សភាពាណិជ្ជកម្ម សមាគម គ្រឹះស្ថានសាធារណៈ ចំនួន៩០ ដេលបានចុះអនុស្សរណជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។ ខ្លឹមសារសំខាន់”អនុស្សរណៈនេះមានចំនួនបីចំណុចគឺក្រុមហ៊ុនប្តេជ្ញាធ្វើជាស្ថាប័នស្អាតស្អំ កសាងនូវវប្បធម៌តម្លាភាព គោរពច្បាប់កម្ពុជា បដិសេធរាល់អំពើពុករលួយ អប់រំមិនឲ្យមានការសូកប៉ាន់នៅពេលទំនាក់ទំនងជាមួយនឹងមន្ត្រីរាជការ អ្នកផ្គត់ផ្គង់ អតិថិជន អង្គភាព ឬបុគ្គលដទៃ ចាត់វិធានការប្រុងប្រយ័ត្នជាមុននានា ផ្តល់ព័ត៌មានដល់អង្គភាពប្រឆាំងអំពើពុករលួយ អំពីបញ្ហាប្រឈមដែលខ្លួនមាន។ អង្គភាពប្រឆាំងអំពើពុករលួយសន្យាការពារសុចរិតភាព និងគាំទ្រយ៉ាងពេញទំហឹងនូវការប្តេជ្ញារបស់ភាគីនៃអនុស្សរណៈ ដោយរក្សាឲ្យបានដាច់ខាតនុវការសម្ងាត់ពីប្រភពព័ត៌មាន និងភស្តុតាងពាក់ព័ន្ធនឹងអំពើពុករលួយ ដែលផ្តល់ជូនហើយនិងបើការស៊ើបអង្កេត។ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុននឹងបង្កើតច្រកទំនាក់ទំនងគ្នាមួយ ដែលលឿន និងសម្ងាត់ សម្រាប់ការប្រាស្រ័យទាក់ទងគ្នា គ្រប់ពេលវេលា និងគ្រប់កាលទេសៈចាំបាច់។
ក្នុងឱកាសនោះដែរលោក ឃាង សេង បានបញ្ជាក់បន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយ បន្តស្វាគមន៍ និងលើកទឹកចិត្តដល់វិស័យឯកជនដទៃទៀតឲ្យបន្តចូលរួមក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីពូនផ្តុំកម្លាំងចូលរួមអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា លើការប្រយុទ្ធប្រឆាំងអំពើពុករលួយទាំងក្នុងវិស័យឯកជន និងសាធារណៈ សំដៅធានានូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ក្នុងការប្រកបធុរកិច្ច និងផ្តល់សេវាសាធារណៈ ក្នុងគោលដៅលើកស្ទួយបរិយាកាសវិនិយោគអំណោយផលដល់ការប្រកួតប្រជែងដោយស្មើភាព និងការរីកចម្រើនប្រកបដោយចីរភាពនៅកម្ពុជា៕ ដោយ៖កូឡាប