ភ្នំពេញ ៖ កាលពីម្សិលមិញ វេលាម៉ោងប្រមាណ ១១ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ មានករណីចូលប្លន់ប្រដាប់អាវុធដ៏រន្ធត់ ទៅលើភូមិគ្រឹះមួយក្នុងបុរីអង្គរភ្នំពេញ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឧក្រិដ្ឋជនមានគ្នីគ្នាចំនួន៤នាក់ បានរៀបផែនការ ដើម្បីជម្រិតយកប្រាក់ចំនួន១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធ និងកូនឈ្នួល២នាក់ ជាក្រោយ។
តែយ៉ាងណា ផែនការដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ពួកគេ គឺត្រូវរលាយ និងក្លាយជាខ្លោចទាំង៤នាក់ ក្រោយពួកគេបានប្រឈមមុខនឹងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមចាំរង់ចាំនៅក្នុងផ្ទះជនរងគ្រោះរួចស្រេច ធ្វើឲ្យពួកគេទាល់ច្រក បើកការបាញ់ស្រោចទៅសមត្ថកិច្ច ដែលជាហេតុធ្វើឲ្យកម្លាំងអាវុធហត្ថ ប្រើសិទ្ធិបាញ់តបតវិញ បណ្តាលឲ្យស្លាប់រដូករណែលទាំង៤នាក់តែម្តង។
ក្រោយបាញ់សម្លាប់រួច សាកសពឧក្រិដ្ឋជនទាំង៤នាក់ខាងលើ ក៏ត្រូវបានដឹកយកតម្កល់នៅក្នុងវត្តទឹកថ្លា ដើម្បីរង់ចាំគ្រួសារមកទទួល។ ហើយក្នុងចំណោមសពទាំង៤នាក់នោះ គេសង្កេតឃើញថា គឺមានតែសពឧក្រិដ្ឋជនម្នាក់តែប៉ុណ្ណោះ ដែលមានឈ្មោះ រី ពិសី ហៅ លុច អាយុ៣០ឆ្នាំ ត្រូវបានគ្រួសារសាច់ញាតិ និងប្រពន្ធ មករៀបចំពិធីបូជាតាមប្រពៃណី។
យ៉ាងណាមិញ ក្រោយបូជាសពប្តីរួច ស្ត្រីជាប្រពន្ធ បើទោះជាដឹងថាប្តីរបស់ខ្លួនជាឧក្រិដ្ឋជនយ៉ាងណាក៏ដោយចុះ ក៏នាងនៅតែអាណិតស្រឡាញ់ដល់ប្តីជាខ្លាំង និងសូម្បីមានពាក្យពេចន៍ដ៏ល្អបែបនេះ ផ្តាំផ្ញើទៅកាន់វិញ្ញាណក្ខន្ធសពប្តីថា បើមានជាតិក្រោយពិត សូមធ្វើជាប្តីប្រពន្ធនឹងគ្នាទៀត។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ JJ Thom បង្ហោះសារបង្ហាញអារម្មណ៍សោកស្តាយយ៉ាងដូច្នេះថា៖ «ទៅឲ្យបានសុខណា ប្ដីសម្លាញ់ បើមានជាតិក្រោយពិត អូនសូមធ្វើជាប្រពន្ធបងទៀតណាប្ដីសម្លាញ់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



