ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំក្រុមការងារចំពោះកិច្ចធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដឹកនាំកិច្ចប្រជុំដោយលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងជាប្រធានក្រុមការងារចំពោះកិច្ច។
ក្នុងនោះមានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដែលជាអនុប្រធាននិងជាសមាជិកនៃក្រុមការងារ។
លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងក៏បានលើកឡើងថា ក្រុមការងារនេះមានតួនាទីភារកិច្ចត្រូវធ្វើរបាយការណ៍ជារៀងរាល់ថ្ងៃរាយការណ៍ជូនអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញពាក់ព័ន្ធស្ថានភាពវិវត្តន៍ទីតាំងនៃការឆ្លងរាលដាលជំងឺកូវីដ១៩និងការប្រើប្រាស់កម្លាំងចេញអន្តរាគមន៍បន្ថែមការពារគោលដៅធ្វើចត្តាឡីស័កដែលរកឃើញថ្មី គោលដៅព្យាបាលជំងឺកូវីដ១៩និងសកម្មភាពផ្សេងទៀតរបស់អាជ្ញាធរ សមត្ថកិច្ច មន្ត្រីសុខាភិបាល ដែលកំពុងអនុវត្តការងារប្រចាំថ្ងៃជុំវិញជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
លោកឧត្តមសេនីយ៍ស្នងការរងក៏បានផ្តាំផ្ញើឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចថ្មីនេះទៅតាមតួភារកិច្ចឱ្យមានប្រសិទ្ធភាពនិងទទួលខុសត្រូវខ្ពស់ចំពោះមុខថ្នាក់លើ។
សូមបញ្ជាក់ថា ក្នុងការចាប់ផ្តើមផ្ទុះរាលដាលជំងឺកូវីដ១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រូវបានប្រើប្រាស់កម្លាំងសរុបជាង៦០០នាក់ចេញការពារគោលដៅធ្វើចត្តាឡីស័ក និងគោលដៅព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ដែលជាការអនុវត្តលើវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩កុំឱ្យឆ្លងរាលដាលទៅសហគមន៍ផ្សេងទៀតធ្ងន់ធ្ងរអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការឱ្យមានការពង្រឹងសន្តិសុខឱ្យបានគត់មុតដើម្បីតាមដានទប់ស្កាត់ចំពោះអ្នកធ្វើចត្តាឡីស័កចំពោះអ្នកព្យាបាល ដែលចង់គេចវេសមិនចង់អនុវត្តតាមវិធានក្រសួងសុខាភិបាលកម្ពុជាដែលជាបញ្ហាប្រឈមបង្កការឆ្លងរាលដាលជំងឺកូវីដ១៩។ក្នុងនោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រៅពីប្រើកម្លាំងប្រចាំការ២៤ម៉ោងការពារនៅគោលដៅធ្វើចត្តាឡីស័កនិងគោលដៅព្យាបាលតែប៉ុណ្ណោះនោះទេក៏បានប្រើប្រាស់កម្លាំងចេញល្បាតតាមរថយន្តនិងម៉ូតូចុះត្រួតពិនិត្យពង្រឹងកម្លាំងនៅតាមគោលដៅនីមួយថែមទៀត៕ រក្សាសិទ្ធិដោយ : ចេស្តារ



