Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​២​ខែ​ដំបូង នៃ​ដើមឆ្នាំ​២០២១​នេះ កម្ពុជា បានសម្រេច​នូវ​ការនាំចេញ​អង្ករ​របស់ខ្លួន ក្នុង​រង្វង់​ទឹកប្រាក់ ៦៤.៥៣ លាន​ដុល្លារ​

​ភ្នំពេញ ៖ រយៈពេល​២​ខែ​ដំបូង នៃ​ដើមឆ្នាំ​២០២១​នេះ កម្ពុជា បានសម្រេច​នូវ​ការនាំចេញ​អង្ករ​របស់ខ្លួន ក្នុង​រង្វង់​ទឹកប្រាក់ ៦៤.៥៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ក្នុង​បរិមាណ ៧៦ ២២២ តោន ដែល​ការនាំចេញ​ក្នុង​រយៈពេល​២​ខែ​នេះ នៅតែ​ប្រឈម​នឹង​ការថយចុះ ពោលគឺ​ថយចុះ ៤៤.១៦% បើ​ប្រៀបធៀប​នឹង​រយះពេល​ដូចគ្នា នៃ​ឆ្នាំ​២០២០ ។​

​ការថយចុះ​នេះ​គឺ​បណ្តាលមកពី​មូលហេតុ​ចំបង​ដោយសារ​កង្វះ​កុង​តែ​ន័​រ និង​តម្លៃ​ដឹកជញ្ជូន តាមផ្លូវ​សមុទ្រ​នៅ​បន្ត​ខ្ពស់ រហូតដល់​ជិត​៥០០% នៃ​តម្លៃ​ដឹកជញ្ជូន​ឆ្នាំ ២០១៩​។​

​ស្រប​ពេលនេះ​ផងដែរ បើ​ប្រៀបធៀប​ទៅនឹង​ខែមករា ឆ្នាំ​២០២១ ដែលជា​ខែ​មុននេះ​វិញ យើង​ឃើញថា របត់​នៃ​ការនាំចេញ​អង្ករ​កម្ពុជា ក្នុង​ខែកុម្ភៈ​នេះ កំពុង​ឈានទៅរក​ការកើនឡើង​ជា​វិជ្ជមាន​ជា​បណ្តើរៗ​។​

​ជាក់ស្តែង ខែមករា ឆ្នាំ​២០២១ កម្ពុជា នាំចេញ​បានត្រឹមតែ​ចំនួន ៣៤២៧៣ តោន ទៅកាន់​ទិសដៅ​ចំនួន​២៨​ប្រទេស​តែប៉ុណ្ណោះ តែ​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ការនាំចេញ បាន​កើនឡើង​បាន ២២% ពោលគឺ​ឡើងដល់ ៤១៩៤៩ តោន និង​ទិសដៅ​ទីផ្សារ​ទៀតសោត ក៏​កើន​ដល់ ៣៥​ប្រទេស​ផងដែរ​។​

​ចំពោះ​ទិសដៅ​ទីផ្សារ នៃ​ការនាំចេញ​អង្ករ​កម្ពុជា ក្នុង​រយៈពេល​២​ខែ ដើមឆ្នាំ​២០២១​នេះ ប្រទេស​ចិន ដែល​រួមទាំង​ហុងកុង និង​ម៉ា​កាវ ផងដែរ​នោះ នៅតែ​ជាទី​ផ្សារ​ធំជាងគេ នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា ដែលមាន​ចំណែក​ដល់​ទៅ ៤៩.៣៧% គិត​ជា​បរិមាណ​គឺមាន​ចំនួន ៣៧ ៦៣០ តោន​។ រីឯ​ទីផ្សារ​ធំ​ទី​២ គឺជា​ទីផ្សារ​សហភាព​អឺរ៉ុប ដែល​រួមមាន​១៨​ប្រទេស មាន​ចំណែក​២៤.៩១% គិត​ជា​បរិមាណ មាន​ចំនួន ១៨ ៩៩៦ តោន ក្នុងនោះ ទីផ្សារ​ធំ​ក្នុង​សហភាព​អឺរ៉ុប គឺ​ប្រទេស​បារាំង ដែលមាន​ចំនួន ៨ ៨៥០ តោន​។​

​ទីផ្សារ​បន្ទាប់ ដែលមាន​ចំណែក​៨% គឺជា​ទីផ្សារ​អាស៊ាន រួមមាន​ម៉ាឡេស៊ី និង​សាំង​ហ្កា​ពួរ ដែលមាន​ចំនួន ៦ ២២៩ តោន និង​ចំណែក ១៨% ទៀត គឺជា​ទីផ្សារ​ប្រទេស​ផ្សេងៗ គិត​ជា​បរិមាណ​គឺមាន ១៣ ៣៦៧ តោន ក្នុងនោះ​រួមមាន ហ្កា​បុ​ង អូស្ត្រាលី អង់គ្លេស និង ញូ​ហ្សេ​ឡេ​ន ជាដើម​។​

​គួរបញ្ជាក់​ផងដែរ​ថា ប្រភេទ​អង្ករ​នាំចេញ ក្នុង​រយៈពេល​២​ខែ ដើមឆ្នាំ​២០២១​នេះ ចំណែក​ធំជាងគេ គឺ​៨៥.៧៧% ជា​ប្រភេទ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​រួមមាន ផ្ការំដួល ម្លិះ សែន​ក្រអូប ជាដើម​នោះ ដែល​គិត​ជា​បរិមាណ​មាន​ចំនួន ៦៥ ៣៧៤ តោន​។ អង្ក​រស ត្រូវបាន​នាំចេញ ១០ ១១៦ តោន និង​អង្ករ​ចំហុយ មាន​៧៣២ តោន​៕ រក្សា​សិទ្ធិ​ដោយ : CEN​

×