ភ្នំពេញ ៖ ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីនៅឆ្នាំ២០២០ មានតម្លៃ ៦៧.៣៦ លានដុល្លារអាមេរិក (ដែលរួមមានតម្លៃនាំចេញរបស់កម្ពុជា មានចំនួន ៥២.១៩ លានដុល្លារអាមេរិក និងតម្លៃនាំចូល ១៥.១៧ លានដុល្លារអាមេរិក) ដែលមានកំណើនប្រមាណ ១៧.៧% បើធៀបនឹងឆ្នាំ២០១៩។
ផលិតផលសក្តានុពលដែលបាននាំចេញរបស់កម្ពុជា រួមមាន៖ សម្លៀកបំពាក់បុរស នារី និងកូនក្មេង (ដេរនិងចាក់)ស្បែកជើង និងអង្ករ។ សម្រាប់ការនាំចូល រួមមាន៖ ត្បូងមិនទាន់កែច្នៃ ជីកសិកម្ម ចំណីសត្វ ត្រាក់ទ័រកសិកម្ម ក្រដាស និងឱសថ។
កម្ពុជាមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសទាំង៥ ដែលជាសមាជិករបស់សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ទៅទីស្នាក់ការកណ្តាល EAEU នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី កាលពីខែឧសភា ឆ្នាំ២០១៦ និងការធ្វើទស្សនកិច្ចរបស់ឯកឧត្តម Tigran Sargsyan អតីតប្រធានក្រុមប្រឹក្សានៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC) មកកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០១៧។
ភាគីកម្ពុជាបានបញ្ជាក់ពីបំណងចង់ចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយ EEC ដែលជាស្ថាប័នគ្រប់គ្រង EAEU តាមរយៈកិច្ចជំនួបពិភាក្សានាពេលកន្លងមក។ ជាលទ្ធផល ភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា និងបានរៀបចំកិច្ចប្រជុំចំនួន០២លើករួចមកហើយ នៃក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការ រវាង(EEC) និងកម្ពុជា ដែលធ្វើការពិភាក្សាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិធានការបសុពេទ្យ បទដ្ឋានគតិយុត្ត បច្ចេកទេស បទដ្ឋានគតិយុត្តគយ កិច្ចសម្រួលពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម ការអភិវឌ្ឍទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន ស្តង់ដារ ការវាយតម្លៃទទួលស្គាល់ និងអនុលោមភាព អនាម័យនិងភូតគាមអនាម័យ និងកម្មសិទ្ធិបញ្ញា។
កិច្ចពិភាក្សាជាមួយតំណាង EEC កន្លងមក ទទួលបានផលវិជ្ជមាន ដោយក្នុងនោះមានប្រទេសសមាជិកចំនួន៤ (សហព័ន្ធរុស្ស៊ី សាធារណរដ្ឋបេឡារុស សាធារណរដ្ឋអាមេនី និងសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន) បានបង្ហាញជំហរគាំទ្រសម្រាប់បំណងសិក្សាពីលទ្ធភាពបង្កើត និងការចរចាFTA ដោយឡែកសម្រាប់សាធារណរដ្ឋកាហ្សាក់ស្ថាន ខាងភាគីកម្ពុជាកំពុងបន្តកិច្ចសន្ទនា និងស្វែងរកកិច្ចសហប្រតិបត្តិការគាំទ្រ។ ក៏ប៉ុន្តែ កិច្ចពិភាក្សា និងបំណងរៀបចំដំណើរទស្សនកិច្ចទៅប្រទេសកាហ្សាក់ស្ថាន កាលពីឆ្នាំ២០២០ ត្រូវបានខកខានដោយសារបញ្ហារាតត្បាតជាសកលនៃជម្ងឺកូវីដ-១៩។
ក្រសួងពាណិជ្ជកម្ម តែងបានលើកទឹកចិត្តធុរជន និងវិនិយោគិនមកពីប្រទេសសមាជិកEAEU ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ហើយក៏បានជំរុញលើកទឹកចិត្តដល់ធុរជន និងអ្នកនាំចេញកម្ពុជាឱ្យនាំចេញផលិតផលសក្តានុពល កសិកម្ម កសិ-ឧស្សាហកម្ម និងសំលៀកបំពាក់ទៅទីផ្សាររបស់EAEU ដែលមានអ្នកប្រើប្រាស់ប្រមាណ១៨០ លាននាក់ និងមានផលិតផលក្នុងស្រុកសរុបចំនួន ១.៩ ទ្រីលានដុល្លារអាមេរិក កាលពីឆ្នាំ២០១៧។ ខណៈពេលដែលភាគីទាំងពីរ កំពុងពិភាក្សាស្វែងរកចំនុចរួម ក្រុមការងារថ្នាក់បច្ចេកទេសរវាងភាគីទាំងពីរ (Expert Group Meeting) ត្រូវបានបង្កើតឡើង ហើយគ្រោងនឹងមានជំនួបតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ខាងមុខ ដើម្បីពន្លឿនកិច្ចពិភាក្សា៕ រក្សាសិទ្ធិដោយ៖CEN