ភ្នំពេញ ៖ នារី២នាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាជ្រុលទៅបុករថយន្តម៉ាកព្រុស បណ្ដាលឲ្យដួលនិងរបួសធ្ងន់សន្លប់ស្តូកនៅនឹងកន្លែង ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៣ខែមីនាឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ អា ចំណុចទល់មុខបុរីសុភមង្គល ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រថយន្តម៉ាកព្រូសពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ 2BH 9679 បើកដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះនោះទេ។
ម៉ូតូម៉ាកស្កុបពីពណ៌សពាក់ផ្លាកលេខកណ្ដាល1AH- 60 29 ជិះឌុបគ្នាដោយនារី ២នាក់រងរបួសសន្លប់នៅកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូបានជិះតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកព្រូសពណ៌ក្រហមខាងលើ បើកឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូងពេលនោះ ម៉ូតូបានអកហ្សើចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកគ្នាជាមួយនឹងរថយន្តបណ្ដាលឱ្យម៉ូតូនិងរថយន្ត រងការខូចខាតនិងនារី ២នាក់ដែលជិះម៉ូតូឌុបគ្នានោះរងរបួសធ្ងន់សន្លប់ស្តូកនៅនឹងកន្លែង។
ភ្លាមៗបន្ទាប់ពីកើតហេតុត្រូវបានគេលើកនារីទាំងពីរនាក់នោះ ដឹកតាមកង់បីឥណ្ឌាឆ្ពោះទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារ ចុះមកវាស់វែងយកទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីឲ្យតំណាងខាងនារីរងគ្រោះនិងភាគីខាងរថយន្តដោះស្រាយជាក្រោយ៕ រក្សាសិទ្ធិដោយ៖សារឿន











