ភ្នំពេញ ៖ ក្មេងទំនើងមួយក្រុមបានជិះម៉ូតូនិងរថយន្តប្រដាប់ដោយខ្សែក្រវ៉ាត់ពេញដៃ បានដេញវាយទៅលើជនរងគ្រោះមួយក្រុមទៀត តែវាយមិនត្រូវក៏បានបើករថយន្ដទៅបំបុកម៉ូតូពីក្រោយ បណ្តាលឲ្យជនរងគ្រោះដួលរងរបួសបែកក្បាលហូឈាមរួចឡើងរថយន្តបើកគេចខ្លួនទៅបាត់ស្រមោល។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ១១ និង២០ នាទីយប់ថ្ងៃពុធទី៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកហុងដា ទ្រីមសង់សេ១២៥ ពណ៌ក្រហមមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1D 2817 រួមនឹងមិត្តភក្តិជិះម៉ូតូស្គុបពីរមួយគ្រឿងទៀត បានចូលហូបអីតិចតួចនៅម្តុំទួលពង្រ រួចចេញមកវិញជូនមិត្តភក្តិត្រឡប់មកផ្ទះវិញ នៅម្តុំចំការដូង បានធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្មេងទំនើងមួយក្រុម ប្រដាប់ទៅដោយខ្សែក្រវ៉ាត់ពេញដៃជិះម៉ូតូនិងរថយន្តមកដេញវាយពីក្រោយជនរងគ្រោះតែមិនត្រូវ ដោយជនរងគ្រោះបានតដៃ បណ្តាលឲ្យជនបង្កផ្តួលម៉ូតូរត់ឡើងលើរថយន្តជិះបំបុកពីក្រោយម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលបែកក្បាលរងរបួសស្រាល។ ចំណែកឯជនបង្កវិញបានរត់ឡើងរថយន្តគេចខ្លួនបន្សល់ទុកម៉ូតូចោលមួយគ្រឿង ម៉ាកហុងដាទ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ បាត់ដំបង1H 9851 នៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចបានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីងាយស្រួលឲ្យសមត្ថកិច្ចតាមស្រាវជ្រាវរកជនបង្កឃាត់ខ្លួនមកចាត់ការទៅតាមតាមច្បាប់។
ចំណែកឯម៉ូតូជនបង្ក ត្រូវកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣៕រក្សាសិទ្ធិដោយ៖ សា មេត









