ភ្នំពេញ ៖ ក្មេងទំនើងមួយក្រុមប្រហែលជា១០ម៉ូតូ បានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះជិះម៉ូតូ២គ្រឿង មានគ្នា៦នាក់ រួចដកកាំភ្លើងខ្យល់បាញ់សំដៅលើជនរងគ្រោះ២ ទៅ៣គ្រាប់ សំណាងមិនត្រូវបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសធ្ងន់ ចំណែកនាក់បង្ករត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរកើតឡើងនៅវេលាម៉ោង ២ និង ៣០ នាទីយប់ឈានចូលថ្ងៃព្រហស្បតិ៍ទី ៤ ខែមីនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួននិងមិត្តភក្តិជិះម៉ូតូ២គ្រឿងមានគ្នា៦នាក់ បានទៅលេងផ្ទះបងនៅម្តុំក្រាំងធ្នង់ រួចក៏បាននាំគ្នាវិលត្រឡប់មកផ្ទះវិញ នៅម្តុំច្បារអំពៅ ធ្វើដំណើរកាត់តាមផ្លូវ២០១១ ខណៈមកដល់ចំណុចកើតហេតុ ជិតនឹងសាលាសាមគ្គី ស្រាប់តែមានក្មេងទំនើងមួយក្រុម ប្រហែលជា១០ម៉ូតូប្រដាប់ទៅដោយដាវនិងប្រើប្រាស់កាំភ្លើងស្នប់ បាញ់សំដៅទៅលើជនរងគ្រោះប្រហែលជា២ ទៅ៣គ្រាប់បណ្តាលឲ្យជនរងគ្រោះភ័យ រត់គេចរួចបាន៣នាក់ ចំណែកឯ៣នាក់ទៀត ដួលម៉ូតូរងរបួសដៃជើងធ្ងន់។ ហើយភ្លាមៗនោះដែរ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់ទាន់ពេលបានសហការជាមួយនឹងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ធ្វើការប្រដេញជនបង្ក តែជនបង្កបានរត់គេចខ្លួនបាត់ស្រមោលទៅ។
ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចធ្វើការឃាត់ជនរងគ្រោះទាំង៦ នាក់ យកទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីឱ្យដាក់ពាក្យបណ្ដឹង ងាយស្រួលសមត្ថកិច្ចតាមស្រាវជ្រាវរកជនបង្ក ដើម្បីតាមឃាត់យកមកចាត់ការទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ សាមេត













