Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យ​ទេសចរណ៍​បែប​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​នៅ​ខេត្តកណ្តាល រួមចំណែក​ក្នុងការ​អភិវឌ្ឍ សេដ្ឋកិច្ច​ខេត្ត​ស្មើនឹង ២៦,៧% នៃ​ចំណូល​ថវិកាខេត្ត​

​ភ្នំពេញ ៖ ខេត្តកណ្តាល​ជា​ខេត្ត​មួយ​នៅជាប់​និង​រាជធានី​ភ្នំពេញ ខេត្ត​នេះ​មាន​តំបន់​ទេសចរណ៍​បែប​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​សំខាន់ៗ រួម​និង​តំបន់​ទេសចរណ៍​កែច្នៃ​ជាច្រើន ដូចជា​៖ ភ្នំ​ព្រះរាជ​ទ្រព្យ ភ្នំ​ប្រសិទ្ធ កៀនស្វាយក្រៅ ស្អាង​ភ្នំ ស្កា​យ​លែ​ន ចំការ​ស្នេហ៍ អ្នកតាចិន និង​គោលដៅ​ទេសចរណ៍​មួយចំនួនទៀត​។​

​ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ រដ្ឋបាល​ខេត្តកណ្តាល បាន​យកចិត្តទុកដាក់​ជំរុញ​វិស័យ​ទេសចរណ៍ ដោយ​ទទួលបាន​ការវិនិយោគ នៅ​ទីតាំង​ថ្មីៗ​ជាច្រើន​ដូចជា ៖ ព្រី​ន​ម៉ា​ណឺ​រ 7NG និង​ភូមិ​ផ្កាត្រកួន​ជាដើម​។​
​បើ​យោងតាម​របាយការណ៍​ពី​រដ្ឋបាល​ខេត្តកណ្តាល បាន​បញ្ជាក់ថា វិស័យ​ទេសចរណ៍​នៅ​ខេត្តកណ្តាល ជា​ទេសចរណ៍ វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ដោយបាន​រួមចំណែក​យ៉ាងសកម្ម ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត ស្មើនឹង​២៦,៧% នៃ​ចំណូល​ថវិកាខេត្ត និង​បានផ្តល់​ការងារ​មួយផ្នែកធំ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទីនោះ​ផ្ទាល់​។​

​ដោយសារតែ​រង​ផលប៉ះពាល់ ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ធ្វើឱ្យ​ភ្ញៀវ​ទេសចរណ៍ នៅ​ខេត្តកណ្តាល ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន​ត្រឹមតែ​ជាង ១​ម៉ឺន​២​ពាន់​នាក់​ប៉ុណ្ណោះ គឺមាន​អត្រា​ថយចុះ​៨៨.៣៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។​ចំពោះ​ផ្នែក​សេវាកម្ម​, ខេត្ត មាន​សណ្ឋាគារ​០២​កន្លែង ផ្ទះសំណាក់​៧៦​កន្លែង មណ្ឌល​កម្សាន្ត​មនុស្សពេញវ័យ​៦៤​កន្លែង ភោជនីយដ្ឋាន​៤៧​កន្លែង និង​ទីតាំង​អាជីវកម្ម​ផ្សេង​ជាច្រើន​ទៀត​។​

​គួរ​បញ្ជាក់ថា រដ្ឋបាល​ខេត្តកណ្តាល បានរៀបចំ​អភិវឌ្ឍ​ទីក្រុង​តាខ្មៅ និង​បានទទួល​ពានរង្វាន់​ទី​ក្រុង​ទេស ចរណ៍​ស្អាត​អាស៊ាន​លើក​ទី​២ សុពលភាព​ឆ្នាំ​២០២០-២០២២ នៅ​រាជធានី​ម៉​ង់​ដា​សេរី​បេ​ហ្គា​វ៉ាន់ ប្រទេស​ព្រុយ​ណេ​ដា​រូ​សា​ឡឹម នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ និង​ពិធី​ដង្ហែ​ក្បួន​អបអរសាទរ​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០​កន្លងទៅ​ផងដែរ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×