ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅលើកោះរ៉ុង ស្នើសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយពន្លឿនចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ជូនពួកគាត់ឲ្យបានឆាប់ ព្រោះចាប់តាំងពីមន្ត្រីជំនាញបានចុះវាស់វែងកំណត់ក្បាលជូនប្រជាពលរដ្ឋចប់ជាស្ថាពរ កាលពីចុងឆ្នាំ២០១៧កន្លងមក ប៉ុន្តែគិតមកត្រឹមថ្ងៃព្រហស្បត៍ ទី១ ខែមីនា ឆ្នាំ២០១៨ទៅហើយ នៅឡើយពួកគាត់ មិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិ ដើម្បីអាចយកទៅប្រើប្រាស់ ឬបង្កើតរបរចិញ្ចឹមជីវិតឲ្យបានស្របច្បាប់នោះទេ។
ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ បានសំណូមពរ ដល់សម្តេចនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋពួកគាត់ ដែលជាកូនចៅ ឲ្យមានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីនៅលើកោះរ៉ុង ឲ្យបានស្របច្បាប់ ដើម្បីជៀសផុតពីការប៉ុនប៉ងរំលោភបំពាន ពីសំណាត់បុគ្គលជាមន្ត្រីមានឋានៈបុណ្យស័ក្តិខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល និងក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចមួយចំនួននាថ្ងៃខាងមុខ។
សំណូមពរ របស់ប្រជាពលរដ្ឋរស់នៅសង្កាត់កោះរ៉ុងពេលនេះ បានកើតឡើងស្របពេល ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងថ្នាក់ក្រសួងរៀបចំដែនដី បានផ្លាស់ប្តូរតំណែងប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃព្រហស្បត៍ ទី១ ខែមីនា ឆ្នាំ២០១៨។
តាមរយៈការផ្លាស់ប្តូរ ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុពេលនេះ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានសង្កាត់កោះរ៉ុង ក៏បានទទូចស្នើដល់ ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុថ្មី គឺលោក ចេង ស្រុង ដែលមកជំនួស តំណែង លោក នួន ប៉ុក ដែលត្រូវផ្លាស់ប្តូរចេញ បានស្នើឲ្យមន្ត្រីរូបនេះ ជួយពន្លឿនការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋរស់នៅលើកោះរ៉ុង ឲ្យបានឆាប់តាមអាចធ្វើទៅបាន ដើម្បីអាចឲ្យពួកគាត់មានសិទ្ធិបង្កើតមុខរបរចិញ្ចឹមជីវិតនៅលើដីកាន់កាប់ជាក់ស្តែង ឲ្យបានស្របច្បាប់។
ជាងនេះទៀត ក្រុមប្រជាពលរដ្ឋរស់នៅលើកោះរ៉ុង ក៏បានរំលឹកដល់ លោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ដែលទើបទទួលបានតួនាទីថ្មី ត្រូវបំពេញការងារឲ្យស្របតាមច្បាប់បានកំណត់ ជាពិសេសត្រូវជៀសឲ្យផុតពីសំណូកពុករលួយ និងមានបក្សពួកនិយម ជ្រៀតចូលក្នុងកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួននាថ្ងៃខាងមុខ។
បន្ថែមលើនេះ ប្រជាពលរដ្ឋរស់នៅកោះរ៉ុង ក៏បានសំណូមពរដល់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក៏ត្រូវជួយសម្រួលឯកសារផ្សេងៗ ដើម្បីឈានទៅដល់ចេញប្លង់កម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់ ព្រោះកន្លងមកនេះ មានមន្ត្រីមានអំណាច និងក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលមួយចំនួនរួមមាន៖ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប (Royal Group) របស់លោកឧកញ៉ា គិត ម៉េង ជាដើម បានប៉ុនប៉ងរំលោភដីលំនៅឋាន និងដីបង្កបង្កើនផល របស់ពួកគាត់ជាបន្តបន្ទាប់មកនេះ។
ត្រង់ចំណុចនេះប្រជាពលរដ្ឋរស់នៅមូលដ្ឋានសង្កាត់កោះរ៉ុង តាមរយៈអ្នកយកព័ត៌មានគេហទំព័រ CEN.COM.KH ប្រចាំខេត្តព្រះសីហនុ បានលើកដៃសំពះ សំណូមពរដល់ សម្តេច ហ៊ុន សែន នាឱកាសសម្តេច នឹងចុះមកជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករកម្មការិនី នាដើមខែមីនា ឆ្នាំ២០១៨នេះ ស្នើឲ្យជួយអន្តរាគមន៍ទៅ លោក សេង ហ៊ួលៀង ចៅសង្កាត់កោះរ៉ុង និងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ឲ្យជួយចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋពួកគាត់ឲ្យបានឆាប់ ដើម្បីអាចឲ្យពលរដ្ឋពួកគាត់យកដីកម្មសិទ្ធិនេះ ទៅប្រើប្រាស់ឲ្យមានសុវត្ថិភាពនាថ្ងៃអនាគត។
ក្រៅពីបានផ្លាស់ប្តូរតួនាទី លោក នួន ប៉ុក ពីប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ត្រូវតម្លើងឋានៈទៅជាអនុប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ផែនការ និងទំនាក់ទំនងសហប្រតិបត្តិការងារលំនៅឋាន ចំណុះឲ្យអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ក៏មានការផ្លាស់ប្តូរតួនាទីមន្ត្រីរាជការមួយចំនួនទៀត គឺ លោក ស្រ៊ុន ម៉ាប់ ត្រូវផ្លាស់ប្តូរតួនាទីពី អនុប្រធានមន្ទីរសុរិយដី ខេត្តព្រះសីហនុ តម្លើងឋានៈទៅជាអនុប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ផែនការ និងទំនាក់ទំនងសហប្រតិបត្តិការងារលំនៅឋាន ចំណុះឲ្យអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងលោកស្រី កើត ពៅ ពីប្រធានការិយាល័យអភិរក្សសុរិយោដី ត្រូវផ្ទេរមកបម្រើការងារនៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់វិញ។
ព្រមគ្នានេះ ក៏មានការតែងតាំងមន្ត្រីរាជការ នៅមន្ទីរសុរិយោដីខេត្តព្រះសីហនុមួយចំនួនទៀតរួមមាន៖
១- លោក អ៊ូ ម៉ូនីកា ជាអនុប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ
២- លោក ទ្រី ឆាយហុក ប្រធានការិយាល័យរៀបចំដែនដី និងនគរូបនីយកម្ម ជាអនុប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ
៣- លោក សេង សុខណាក់ អនុប្រធានការិយាល័យរៀបចំដែនដី និងរគរូបនីយកម្ម ជាអនុប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ
៤- លោក សាយវ៉េងស្រ៊ាន់ អនុប្រធានការិយាល័យអភិរក្សសុរិយោដី ទៅជាប្រធានការិយាល័យអភិរក្សសុរិយោដី ខេត្តព្រះសីហនុ
៥- លោក សង សោភ័ណ អនុប្រធានការិយាល័យរៀបចំដែនដី និងនគរូបនីយកម្ម ទៅជាប្រធានការិយាល័យរៀបចំដែនដី និងនគរូបនីយកម្ម នៃមន្ទីរសុរិយោដីខេត្តព្រះសីហនុ។
ចំពោះការតែងតាំង និងការផ្លាស់ប្តូរខាងលើនេះ ត្រូវបានសាធារណៈជន មានការភ្ញាក់ផ្អើល ចំពោះការប្រកាសតែងតាំង និងការផ្លាស់ប្តូរតួនាទីប្រធាន-អនុប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ និងការតម្លើងឋានៈមន្ត្រីរាជការ នៅក្នុងមន្ទីរសុរិយោដីខេត្តព្រះសីហនុនាឱកាសនេះ គឺបានរៀបចំ ស្របពេលសកម្មភាពលក់ដូរ និងជួលដីធ្លី នៅខេត្តទេសចរណ៍មួយនេះ កំពុងមានហាងឆេង និងមានតម្លៃដីខ្ពស់កប់ពពក។
យ៉ាងនេះក្តី ប្រជាពលរដ្ឋ ពិសេសមន្ត្រីរាជការមានឋានៈទាបមួយចំនួន នៅខេត្តព្រះសីហនុ ហាក់មិនពេញចិត្តចំពោះការតម្លើងឋានៈ ឬតួនាទី របស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងរៀបចំដែនដី ដែលបានតែងតាំង ឬតម្លើងឋានៈជូនមន្ត្រីរាជការមួយចំនួន ដែលកន្លងមកមានតួនាទីត្រឹមជាអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកព្រៃនប់ ត្រូវតម្លើងតួនាទីឲ្យក្លាយទៅជាអនុប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ។
ទាំងប្រជាពលរដ្ឋ ពិសេសមន្ត្រីរាជការមួយចំនួន កំពុងបំរើការងារនៅមន្ទីសុរិយោដីខេត្តព្រះសីហនុ បានថ្លែងរិះគន់ ចំពោះការតម្លើងឋានៈតួនាទី ជូនមន្ត្រីរាជការមួយចំនួន របស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងរៀបចំដែនដី ថា មានភាពមិនប្រក្រតី និងអាចមានបក្សពួកនិយមជ្រៀតចូល ចំពោះការតម្លើងតំណែងតួនាទី ជូនមន្ត្រីបំរើការងារ នៅក្នុងស្ថាប័នមន្ទីរសុរិយោដីខេត្តព្រះសីហនុនៅពេលនេះ៕ ដែន សីមា