សៀមរាប ៖ កាំកុងត្រូលខេត្តសៀមរាប បានប្រើប្រាស់រថយន្ត មន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបរិមាណប្រេងឥន្ធនៈចំនួន៦ស្ថានីយ៍ក្នុងខេត្តសៀមរាបរកឃើញ៤ស្ថានីយ៍លក់មិនគ្រប់លីត្រ ហើយបានណែនាំឲ្យម្ចាស់ស្ថានីយ៍បានទទួលស្គាល់ និងបានធ្វើកិច្ចសន្យាជាលើកទី១ ដើម្បីឲ្យកែប្រែបរិមាណនិងគុណភាពឡើងវិញ។
សាខាកាំកុងត្រូលខេត្តសៀមរាបបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត កាលពីថ្ងៃទី២៧ ខែកុម្ភៈ ចុះត្រួតពិនិត្យបរិមាណនិង គុណភាពប្រេងឥន្ធនៈចំនួន៦ស្ថានីយ៍ តាមបណ្តោយផ្លូវជាតិលេខ៦ ។ លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីបានប្រើប្រាស់រថយន្ត មន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល មកពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ តាមដេប៉ូ និងស្ថានីយ៍ប្រេងនានាក្នុងខេត្តចំនួន៦កន្លែង រកឃើញថា ខ្លះត្រឹមត្រូវ ឯខ្លះទៀតពុំទាន់បានត្រឹមត្រូវទៅតាមស្តង់ដារទេ(ពីរស្ថានីយ៍ត្រឹមត្រូវ ឯបួនស្ថានីយ៍មិនត្រឹមត្រូវ)។ ប៉ុន្តែស្ថានីយ៍ប្រេងឥន្ធនៈធំៗ ដូចជា តូតាល់ សូគីម៉ិច តេលា ជាដើម គឺក្រុមហ៊ុនទាំងនោះ ពួកគេបានអនុវត្តទៅតាមស្តង់ដារ របស់អគ្គនាយកដ្ឋានកាំកុងត្រូលដែលបានកំណត់ ឲ្យប្រើប្រាស់នៅរង្វាស់រង្វាល់ នឹងមានគុណភាព ហើយថា ក្រុមការងារមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់ម្ចាស់ដេប៉ូ និងស្ថានីយ៍ប្រេងឥន្ធនៈ ធ្វើយ៉ាងណាឲ្យមាននិរន្តភាព និងមានគុណភាពបរិមាណកម្រិតស្តង់ដារ។ ចំពោះដេប៉ូ និងស្ថានីយ៍មួយចំនួនដែលខុសប្រក្រតីនោះ ខាងមន្ត្រីក្រុមការងារបានឲ្យពួកគាត់ធ្វើកិច្ចសន្យាជាលើកទី១ ដើម្បីឲ្យពួកគាត់កែប្រែបរិមាណគុណភាពវិញ។
លោកបញ្ជាក់ថា “ពេលនេះយើងនៅមិនទាន់បានបង្ហាញ ទីតាំងដេប៉ូ និងស្ថានីយ៍ដែលលក់មិនគ្រប់លីត្រ និងគ្មានគុណភាពនោះទេ គឺទុកឱកាសអោយម្ចាស់ទាំងនោះកែខ្លួន រៀបចំអោយមានភាពត្រឹមត្រូវតាមលក្ខណ: បច្ចេកទេសស្តង់ដារឡើងវិញ។ តែបើសិនជាមានការលក់មិនគ្រប់លីត្រ លើកទី២ និងករណីរកឃើញភាពមិនប្រក្រតីនោះទៀត ពួកគាត់អាចប្រឈមមុខនិងបិទដេប៉ូ ឬស្ថានីយ៍ នឹងដកអាជ្ញាប័ណ្ណទៅតាមនិតិវិធី”។
ការលក់មិនគ្រប់លីត្រពីតាមបណ្តាស្ថានីយ៍ឬដេប៉ូ មានហេតុផលពីរ គែអាចថៅកែប្រេង លួចរង្វាល់លីត្រពីកុងទ័រតែម្តង និងអាចបុគ្គលិកលក់ប្រចាំការ បំភាន់ភ្នែកលើកុងទ័រតែម្តង។ ឯចំណុចដែលថា គ្មានគុណភាព គឺគេអាចយកប្រេងទាំងនោះ ទៅលាយជាមួយសារធាតុផ្សេងៗ ដូចជា ប្រេងសាំងលាយប្រេងកាត និងប្រេងសាំងលាយ ជីអុយរ៉េ ជាដើម។ល៕ ដោយ៖បញ្ញាស័ក្តិ