ភ្នំពេញ ៖ លោកតុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីបង្កើនជំនឿទុកចិត្តពីមហាជន មកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានថ្លែងបែបនេះក្នុងកិច្ចប្រជុំលើកទី៣២អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៨នៅទីស្តីការអង្គភាព។ លោកប្រធានក្រុមប្រឹក្សា បានបញ្ជាក់ថា របាយការណ៍ប្រចាំឆ្នាំ២០១៧របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ គោរពជូនសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឡើងវិញ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានសរសើរចំពោះចំណាត់ការផ្ទៀងផ្ទាត់ដោយម៉ត់ចត់ចំពោះមន្ត្រីជាប់កាតព្វកិច្ចដែលមិនបាបនមកប្រកាសទ្រព្យសម្បត្តិ និងបំណុល មុននឹងចាត់វិធានការតាមផ្លូវច្បាប់។
ក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍សកម្មភាពការងាររបស់អង្គភាព ក្នុងអំឡុងខែកុម្ភៈឆ្នាំ២០១៨ ដែលមាន៖ អង្គភាពទទួលការប្រកាសទ្រព្យសម្បត្តិនិងបំណុលសរុបចំនួន៧១៣៤នាក់ ដែលក្នុងនោះបុគ្គលដែលទទួលបានការតែងតាំងថ្មីចំនួន១៨៥៩នាក់ ។ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវជាប់កាតព្វកិច្ចប្រកាសមានចំនួន៥៨៣០នាក់ ដែលក្នុងនោះ៤៣០១នាក់បានមកប្រកាសរួចហើយ នៅសល់៦១៨នាក់ មិនទាន់បានមកបំពេញកាតព្វកិច្ចទេ (អតីតតំណាងរាស្ត្រ៣នាក់ អតីតសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ៤នាក់ អតីតសមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ៨០នាក់ និងអតីតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ៥៣១នាក់)។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្នុងខែកុម្ភៈ អង្គភាព បានទទួលពាក្យប្តឹងចំនួន៦០ពាក្យ (អនាមិក២៧ពាក្យ ស្នើនឹង៤៥ភាគរយ)។ អង្គភាពបានឲ្យសាមីខ្លួនរងការចោទប្រកាន់ធ្វើការបំភ្លឺចំនួន៣៣លិខិត ទទួលបានការបំភ្លឺចំនួន២៧លិខិត ហើយបានឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន២១ម្ចាស់បណ្តឹង ក្រោយពិចារណាថាពាក្យប្តឹងរបស់គាត់មិនពាន់ព័ន្ធដល់សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ។ អង្គភាព បានបើកបន្ទប់ស្តាប់ចម្លើយចំនួន២៨លើក និងបានសង្កេតការណ៍ការដេញថ្លៃ និងពិគ្រោះថ្លៃលើគម្រោងចំនួន១៦៕ ដោយ៖កូឡាប