ខេត្តព្រះសីហនុ ៖ ថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ បង្ហាញមោទនៈភាព ដែលមូលដ្ឋានទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ ប្រកួតឈ្នះជ័យលាភីទីក្រុងស្អាត ដោយទទួលបានផ្ការំដួល ៣ទង ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ទន្ទឹមគ្នាថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងវិស័យឯកជនមួយចំនួន បានអប់អបអរសាទរ និងរីករាយ ចំពោះឈ្នះជ័យលាភីទីក្រុងស្អាត និងទទួលបានផ្ការំដួល ៣ទង ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្រាប់ឆ្នាំ២០១៨- ២០២១។ សូម្បីសត្វគោជាច្រើនហ្វូង ក៏បង្ហាញវត្តមាន នៅតាមផ្លូវសាធារណៈ ដើម្បីអបអរសាទរ ខេត្តព្រះសីហនុ ឈ្នះជ័យលាភីទីក្រុងស្អាត ទទួលបានផ្ការំដួល ៣ទងនៅពេលនេះដែរ។ គេសង្កេតឃើញថា រយៈពេល ២ថ្ងៃមកនេះ មានហ្វូងសត្វគោជាច្រើនហ្វូង ត្រូវគេប្រទះឃើញចេញដើរនៅតាមផ្លូវសំខាន់ៗមួយចំនួន នាទីប្រជុំជនក្នុងក្រុងព្រះសីហនុ មានដូចជា៖ ផ្លូវឯករាជ្យ ជិតរង្វង់មូលត្រីដាវ។ ផ្លូវសាធារណៈ ទល់មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងហ្វូងសត្វគោខ្លះទៀត បានដើរអនាធិបតេយ្យនៅតាមផ្លូវសាធារណៈមួយចំនួនទៀត នាទីប្រជុំជនក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី២៧- ២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ផ្តើមពីបញ្ហានេះ ភ្ញៀវទេសចរជាតិអន្តរជាតិមួយចំនួន ដែលចូលមកទស្សនាខេត្តព្រះសីហនុ បានស្នើដល់រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំនៅតាមន្ទីរស្ថាប័នរដ្ឋទាំងអស់ ត្រូវរួមសហការគ្នាបង្កើនសកម្មភាពថែរក្សាអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់ក្នុងក្រុងទេសចរណ៍មួយនេះ ឲ្យបានប្រសើរថែមទៀត ព្រោះទើបឈ្នះជ័យលាភីទីក្រុងស្អាតថ្មីៗ។
ត្រង់ចំណុចនេះ ភ្ញៀវទេសចរជាតិ បានសំណូមពរថា នៅថ្ងៃអនាគត រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ប្រជាពលរដ្ឋ និងប្រតិបត្តិករទេសចរទាំងអស់នាមូលដ្ឋាននេះ ត្រូវចូលរួមទុកដាក់កាកសំណល់រឹងរាវគ្រប់ប្រភេទ ឲ្យបានត្រឹមត្រូវ ដោយមិនត្រូវទុកកាកសំណល់ចោលនៅតាមចិញ្ចឹមផ្លូវសាធារណៈ និងជះក្លឹនស្អុយ ប៉ះពាល់ដល់អារម្មណ៍អ្នកធ្វើដំណើរ ដែលជាហេតុនាំឲ្យបាត់បង់ដល់កិត្តិយស ឬមុខមាត់ខេត្ត ព្រោះខេត្តព្រះសីហនុ ទើបឈ្នះជ័យលាភីទីក្រុងស្អាត និងទទួលបានផ្ការំដួល ៣ទង សម្រាប់ឆ្នាំ២០១៨-២០២១ ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលផងនោះ។
ជាងនេះទៀត រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ត្រូវទប់ស្កាត់សត្វចិញ្ចឹមគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពរួមមាន៖ សត្វគោ និងពពែជាដើម កុំឲ្យដើរអនាធិបតេយ្យតាមផ្លូវសាធារណៈពាសពេញក្រុង ដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ថែមទៀត។
យ៉ាងណាក៏ដោយចុះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍តាមបណ្តាញសង្គម ហ្វ្រែសប៊ុក (FaceBook) ផ្ទាល់ខ្លួន របស់លោកក្រោយពេលខេត្តនេះឈ្នះជ័យលាភីទីក្រុងស្អាត និងទទួលបានផ្ការំដួល ៣ទង ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។ លោកបានប្តេជ្ញាបន្តដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ និងវិស័យឯកជន ដើម្បីថែរក្សាការពារឲ្យទីក្រុងព្រះសីហនុ មានសោភណ្ឌភាព និងបរិស្ថានល្អស្អាត ឲ្យសមស្របជាទីក្រុងរំដួល ៣ទង និងតារារះនាទិសនិរតី។ ឯកឧត្តម យន្ត មីន បន្តថា ទិសដៅទៅថ្ងៃអនាគតលោកចង់ឲ្យប្រជាពលរដ្ឋមូលដ្ឋាននេះ មានភាពសុខដុមរមនា និងជីវភាពរុងរឿង ថ្កុំថ្កើង ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈឈ្នះជ័យលាភីទីក្រុងស្អាត ទទួលបានផ្ការំដួល ៣ទងខាងលើនេះ ឯកឧត្តម យន្ត មីន បានអរគុណដល់ប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ស្ថាប័ន និងវិស័យេកជន ដែលបានរួមសហការគ្នាជាមួយរដ្ឋបាលខេត្តព្រះសីហនុ អភិវឌ្ឍមូលដ្ឋាននេះ ឲ្យមានភាពរីកចម្រើនទាំងពេលបច្ចុប្បន្ន និងតទៅថ្ងៃអនាគត។
កាលពីរសៀលថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតការងារទេចរណ៍ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវា ទីក្រុងស្អាតក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា និងពិធីចែកជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១»។
នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីទេសចរដែលមានស្នាដៃល្អ និងអញ្ជើញប្រគល់ជ័យលាភី ទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ ២០១៨-២០២១ ដល់ទីក្រុងដែលទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រកួតប្រជែងទីក្រុងស្អាតរួមមាន៖ ក្រុងបាត់ដំបង ក្រុងកែប ក្រុងកំពត ក្រុងសៀមរាប ក្រុងភ្នំពេញ ក្រុងកំពង់ចាម និងក្រុងព្រះសីហនុ៕ ដែន សីមា