Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីផ្សារ​នាំចេញ ដំឡូង​មី​ស្រស់​និង​ក្រៀម​នៅ​ដើមឆ្នាំ​នេះ មាន​ភាពល្អប្រសើរ​

​ភ្នំពេញ​: ទីផ្សារ​នាំចេញ ដំឡូង​មី​ស្រស់ និង​ក្រៀម​នៅ​ដើម​ឆ្នាំនេះ មាន​ភាពល្អប្រសើរ ក្នុងនោះ​របាយការណ៍​មួយ បាន​បង្ហាញថា ការនាំចេញ​ផលិត ផល​កសិកម្ម គិត​ត្រឹម​រយៈពេល​២​ខែ ដើមឆ្នាំ​២០២១​នេះ មាន​ទំហំ​ប្រមាណ​ជិត ១,៦​លាន​តោន កើនឡើង​ជាង​ឆ្នាំមុន​ប្រមាណ ៥៦​ម៉ឺន​តោន ស្មើ​ប្រមាណ​ជាង ៥៥​ភាគរយ ។​

​របាយការណ៍​អគ្គនាយកដ្ឋាន​កសិកម្ម បានឱ្យ​បានដឹងថា ផលិតផល​កសិកម្ម​មា​ន​ការបញ្ជាទិញ ដូចជា ដំឡូង​មី​ក្រៀម​ទទួលបាន​ការទិញ​ចំនួន​ប្រមាណ​៨០​ម៉ឺន​តោន ដំឡូង​មី​ស្រស់​ជាង​១៥​ម៉ឺន​តោន ស្រូវ​ជាង​២៨​ម៉ឺន​តោន​។ គ្រាប់ស្វាយចន្ទី​ជាង ៧៩​ពាន់​តោន គ្រាប់ពោត​ក្រហម​ជាង ៧៨​ពាន់​តោន ផ្លែ​ចេក​ស្រស់​ជាង​៧៥​ពាន់​តោន ផ្លែស្វាយ​ស្រស់​ជាង ៤៣​ពាន់​តោន​ជាដើម​។​

​សមាគម​ដំឡូង​មី​ខេត្តបាត់ដំបង បានឱ្យដឹងថា ការនាំចេញ​ដំឡូង​មី​ឆ្នាំនេះ មាន​ទីផ្សារ​ល្អ​។ ជាក់ស្តែង​ការនាំចេញ​ដំឡូង​មី​ក្រៀម ក្នុង​ខេត្ត មាន​ប្រមាណ​ជាង ៣០​ម៉ឺន​តោន ក្នុង​មួយ​គីឡូក្រាម ដោយ​ទទួលបាន ៦​បាត​ក្នុង មួយ​គីឡូ​។ សមាគម​នេះ បាន​បញ្ជាក់ថា ទីផ្សារ​នាំចេញ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា និង​មាន​ទីផ្សារ​កាន់តែ​ល្អប្រសើរ ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត ដោយ​ផ្តោត​ជា សំខាន់​លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ដូចជា​៖ ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​កូរ៉េ​ជាដើម​។​

​ដំឡូង​មី ជា​ដំណាំ​ក​សិ​-​ពាណិជ្ជកម្ម​សម្រាប់​ការនាំចេញ និង​មិនមែនជា​អាហារ​មូលដ្ឋាន​សម្រាប់​ចិញ្ចឹមជីវិត​របស់​ប្រជាជន​កម្ពុជា​ឡើយ ប៉ុន្តែ​វា​ជា​ដំណាំ​សំខាន់បំផុត​បន្ទាប់ពី​ស្រូវ ពោត និង​ស្រូវ​សាលី​។ ដំឡូង​មី​ត្រូវបាន​ដាំ​ដុះ​ដោយ​ប្រជា​-​កសិករ​នៅតាម​ទីជនបទ​។ វា​បាន​ក្លាយទៅជា​ដំណាំ​សក្តានុពល ដោយសារ​តំបន់​ដាំ​ដុះ និង​បរិមាណ ផលិតផល មានការ​ពង្រីក​ច្រើនឡើងៗ​។​

​ក្នុង​ឆ្នាំ​២០២០​កន្លងទៅ ការប្រមូល​ផល និង​ការផ្គត់ផ្គង់​មើមដំឡូង​មី​ស្រស់​ចូល​ទីផ្សារ​ពិភពលោក មាន​ចំនួន​រហូត​ទៅដល់​១២​លាន​តោន ដែលជា​ពិសេស​គឺ​ស្ថិតនៅក្នុង​តំបន់​អាស៊ី​ខាងកើត​។ ចំណែក​នៃ​ការផ្គត់ផ្គង់​ទីផ្សារ​ទាំងនេះ កម្ពុជា​ជា​ប្រទេស​ផលិត​ដំឡូង​មី​ដ៏​ធំ ដែល​ស្ថិតនៅ​លំដាប់​ទី​៤ នៅក្នុង​តំបន់​អាស៊ី និង​លំដាប់​ទី​១០ នៅក្នុង​ពិភពលោក​។ ដំឡូង​មី បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​ប្រជាជន​នៅតាម​ទីជនបទ និង​បង្កើត​ការងារ​ថ្មី ក៏ដូចជា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​នៅក្នុង​ការដាំដុះ ការប្រមូល​ផល ការកែច្នៃ សម្រាប់​ការនាំចេញ​។​

​បើតាម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បានឱ្យដឹងថា ក្នុង​មួយឆ្នាំៗ វិស័យ​ដំឡូង​មី​បានទទួល​ការវិនិយោគ​ជា​ទឹកប្រាក់​ប្រមាណ ៣០០​លាន​ដុល្លារ ដោយមាន​ផ្ទៃដី​ដាំ​ដុះ​ជាង ៦​ម៉ឺន​ហិកតា​។ ក្នុង​ឆ្នាំ​២០១៩ កម្ពុជា បាន​នាំចេញ​ដំឡូង​មី​ស្រស់ ក្រៀម និង​ម្សៅ​ប្រមាណ ៣.៣០​លាន​តោន ដែល​គិត​ជា​ទឹកប្រាក់​មានតម្លៃ​ជាង ២៦.៤០​លាន​ដុល្លារ​។​

​គួរ​បញ្ជាក់ថា ក្នុង​រយះពេល​២​ខែ ដើមឆ្នាំ​២០២១​នេះដែរ ការនាំចេញ​ផលិតផល​កសិកម្ម​ក្រៅពី​អង្ករ ដោយ​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ ភូតគាម​អនាម័យ កម្ពុជា​បាន​នាំចេញ​ទៅកាន់​គោលដៅ​ចំនួន ២៥​ប្រទេស​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​