ភ្នំពេញ-ក្រុមបាល់ទាត់មហាហង្ស All Star កំពុងតែមានប្រជាប្រិយភាពខ្លាំង និងមានសន្ទុះកម្លាំងខ្លាំងមែន ទែន បន្ទាប់ពីក្រុមបាល់ទាត់មួយនេះ បានយកឈ្នះ លើក្រុមបាល់ទាត់មិនមែនអាជីពធនាគារ «ABA Group» ដោយលទ្ធផល ៤-៣ ខណៈតារាសម្ដែង លោក ហេង នរៈសក្កដា ធ្វើបានហែតទ្រីក (រកបាន៣គ្រាប់)។
លោក អ៊ិន សុភិន ជាមេក្រុមបាល់ទាត់ និងជាអនុប្រធានសមាគនភាពយន្តកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតនៅក្នុងថ្ងៃនោះ គឺដើម្បីបើកសម្ពោធឈុតថ្មី ពណ៌ផ្កាឈូក របស់ក្រុម ហើយក៏ដើម្បីបើកប្រកួតសាកល្បង ជាមួយក្រុមខ្លាំង «ABA Group» ដើម្បីស្វាគមន៍ដើមខែមិនា នេះផងដែរ។ លោកពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ដែលកីឡាករ នៅក្នុងក្រុម របស់ខ្លួន បានស្រុះស្រួលគ្នា សហការគ្នាបានល្អ ទាំងខ្សែប្រយុទ្ធ ខ្សែបម្រើ ខ្សែការពារ និង អ្នកចាំទី ព្រមទាំងបានធ្វើឲ្យក្រុមទាំងមូល ដែលទើបតែបើកប្រកួតឈុតថ្មី ទទួលបានជោគជ័យ ហួសពីការរំពឹងទុក។
ជាក់ស្តែង ដូចជា កីឡាករ ហេង នរៈសក្កដា បានក្លាយជាសមាជិកដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីប្រើពេលក្នុងការប្រកួតអស់មួយរយៈពេលខ្លី អាចបំបាក់ដៃគូប្រកួតបាន ជាពិសេសតារាសម្ដែងរូបសង្ហាពូកែថ្វីជើងរូបនេះ មិនត្រឹមតែមានទេពកោសល្យផ្នែកសម្ដែងនោះទេ សូម្បីតែការលេងកីឡាក៏លោកមានភាពបិុនប្រសប់ ស្ទើរមិនគួរឲ្យជឿងផងដែរ ខណៈដែលលោកបានស៊ុតចូល៣ គ្រាប់ ដែលធ្វើឲ្យក្រុម ABA ដែលធ្លាប់តែបំបាក់ក្រុមផ្សេង ចុះចាញ់ដោយមិនអស់ចិត្ត៕ ដោយ-គីមស្រីរ័ត្ន