សៀមរាប៖ គ្រឹះស្ថានអង្គរ បានប្រកាសថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរគឺមានភ្ញៀវទេសចរបរទេសចំនួន២៩៥.៣៨៩នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើធៀបនឹងខែកុម្ភៈឆ្នាំ២០១៧កើនឡើង១៧,៣៣ភាគរយ ដែលអាចរកចំណូលបាន ១៤.០០៩.០៦៨ដុល្លារ បើប្រៀបធៀបខេកុម្ភៈឆ្នាំ២០១៧ កើនឡើង១៦,៨២ភាគរយ។ ចំណូលត្រូវបានបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ខែកុម្ភៈចំនួន៥៩០.៧៧៨ដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញប័ណ្ណ និងចំណូលដែលទទួលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែកុម្ភៈ ដើមឆ្នាំ២០១៨។
បើតាមប្រកាសព័ត៌មានដដែល បានបន្តថា រយៈពេល២ខែដំបូង ឆ្នាំ២០១៨ ចាប់ពីខែមករា ដល់ ខែកុម្ភៈ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ គឺមានភ្ញៀវទេសចរបរទេស ទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន៥៩០.២០២នាក់ កើនឡើង ៩,៥៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ដោយទទួលបានចំណូលសរុប២៧.៤៨៨.៧៥៤ដុល្លារ គឺកើនឡើង៣៥,៤៣ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៧។ ចំណូលត្រូវបានបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ខែមករា កុម្ភៈ មានចំនួន ១.១៨០.៤០៤ដុល្លារ៕ ដោយ៖បញ្ញាស័ក្តិ