ភ្នំពេញ ៖ របាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបង្ហាញថា ក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដែលមានក្រសួងការងារ និងក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យសហគ្រាស គ្រឹះស្ថាននានាចំនួន ៣.៩៦៩គោលដៅ មានពលករបរទេស សរុបចំនួន៣២.៥១២នាក់ មាន៩៣សញ្ជាតិ ក្នុងនោះបានផាកពិន័យជនបរទេសប្រកបមុខរបរ និងបម្រើការងារគ្មានប័ណ្ណការងារ ចំនួន១.៣៨៩នាក់ ខណៈពេលដែលកម្ពុជាបានបាត់បង់ថវិកាប្រមាណ២៣លានដុល្លារ ពីការគេចវេះមិនបង់ពន្ធរបស់ពលករបរទេស។
នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំក្រសួងមហាផ្ទៃ មានរៀបចំពិធីប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃនិងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ៧៩ប្រ.ក ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា និងសេចក្តីជូនដំណឹងលេខ១៨៨សជណ.អអ ស្តីពីកាតព្វកិច្ចធ្វើប័ណ្ណ និងសៀវភៅការងារជនបរទេសរបស់ម្ចាស់សហគ្រាស គ្រឹះស្ថាន កាស៊ីណូ និងជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបរណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ដូចគ្នាថា ក្រសួងទុករយៈពេល១ខែជូនពលករបរទេស ដើម្បីមកចុះបញ្ជីការងារស្របតាមច្បាប់ ពោលគឺក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រុមអធិការកិច្ចចម្រុះនៃអន្ដរក្រសួង នឹងចុះពិនិត្យស្រាវជ្រាវលើករណីនេះ។
នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងយ៉ាងដូច្នេះថា “យើងទុកពេលមួយខែតាមស្មារតីប្រកាសអន្ដរក្រសួង រហូតទៅដល់ថ្ងៃក្រោយចូលឆ្នាំខ្មែរ យើងនឹងធ្វើការត្រួតពិនិត្យឡើងវិញ តើអវត្តមានដែលគាត់មិនបានបង់ទៅតាមសៀវភៅ និងប័ណ្ណការងារនេះ ហើយយើងនឹងធ្វើការត្រួតពិនិត្យជំហ៊ានមួយទៀត ហើយផុតសុពលភាពមួយខែដែលកំណត់ យើងនឹងធ្វើការផាកពិន័យ”។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល បានបញ្ជាក់ថា ប្រសិនបើពលករបរទេសទាំងអស់នេះ នៅតែបន្ដរឹងរុះមិនព្រមបង់ពិន័យ នឹងប្រឈមជាមួយទោសទណ្ឌផ្លូវតុលាការ ដោយដាក់ពន្ធនាគាររយៈពេល៣ខែ រួចបណ្ដេញចេញពីកម្ពុជាតែម្ដង ឬម្យ៉ាងទៀត មិនដាក់ពន្ធនាគារទេតែបណ្ដេញចេញតែម្ដង ផ្អែកតាមច្បាប់អន្ដោប្រវេសន៍។
កិច្ចប្រជុំនេះ លោក សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការងារ
បានថ្លែងថា ពលករបរទេសទាំងអស់ សូមមកធ្វើប័ណ្ណ និងសៀវភៅការងារនៅក្នុងឆ្នាំ២០១៧ ឲ្យបានរួចរាល់ ហើយបើតាមច្បាប់អន្ដោប្រវេសន៍ និងច្បាប់ស្ដីពីការងារ ក្នុងឆ្នាំ២០១៨នេះ គឺតម្រូវឲ្យធ្វើការផាកពិន័យ ប៉ុន្ដែក្រសួងទាំង២មិនទាន់ធ្វើការផាកពិន័យនោះទេ គឺទុករយៈពេល១ខែ ដើម្បីឲ្យពលករទាំងអស់នោះមកបំពេញកាតព្វកិច្ច។ ប្រសិនបើពលករបរទេសទាំងនោះ មិនបានមកធ្វើសៀវភៅការងារ ឬបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធជូនរដ្ឋ ដែលក្នុងមួយឆ្នាំមានតម្លៃ៤០ម៉ឺនរៀលនោះ ក្រសួងនឹងធ្វើការផាកពិន័យទៅតាមច្បាប់ ដោយកំណត់ផាកពិន័យពី៦០ថ្ងៃ ទៅ៩០ថ្ងៃ នៃប្រាក់ឈ្នួលប្រចាំថ្ងៃ គឺកំណត់ក្នុងមួយថ្ងៃ៤ម៉ឺនរៀល៕ ដោយ៖បញ្ញាស័ក្តិ