នាយករដ្ឋមន្ត្រីជប៉ុន ហ្សីន ហ្សូអាបេ (Shinzo Abe) បានប្តេជ្ញាចិត្តថា នឹងដោះស្រាយបញ្ហាឲ្យតឹងរឹងជាមួយនឹងកូរ៉េខាងជើង បន្ទាប់ពីរូបលោកទទួលបានជ័យជំនះម្តងទៀតក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃច័ន្ទនេះ។
លោកថ្លែងប្រាប់អ្នកសារព័ត៌មានថា “កិច្ចការបន្ទាប់របស់ខ្ញុំគឺដោះស្រាយបញ្ហារបស់កូរ៉េខាងជើង។ សម្រាប់បញ្ហានោះ វានឹងត្រូវការផ្នែកការទូតដ៏តឹងតែង”។
លោកបាននិយាយថា គាត់បានស្នើឲ្យមានការបោះឆ្នោតមុនអាណត្តិមួយឆ្នាំ គឺដើម្បីបន្ថែមអាណត្តិរបស់គាត់ ក្រោយពេលប្រទេសមានវិបត្តិជាច្រើន ហើយក្នុងចំណោមវិបត្តិទាំងនោះមាន ការគំរាមកំហែងរបស់ទីក្រុងព្យុងយ៉ាង។
បើតាមការស្ទង់មតិលើប្រជាជនដែលបានចាកចេញពីកន្លែងបោះឆ្នោត លោកអាបេនឹងឈ្នះការបោះឆ្នោតនេះ ហើយគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) របស់លោកអាចនឹងឈ្នះអាសនៈពី ២៥៣ ទៅ ៣០០ ក្នុងចំណោមអសន៖ទាំង ៤៦៥ក្នុងសភា។
បច្ចុប្បន្ន ជប៉ុនកំពុងទទួលរងការគំរាមកំហែងយ៉ាងខ្លាំងពីកូរ៉េខាងជើង ដែលពិភពលោកមើលឃើញថា ជិតសម្រេចបានអាវុធប្រល័យលោកហើយ ដោយសារតែប្រទេសផ្តាច់ការមួយនេះ មានការរីកចម្រើនយ៉ាងខ្លាំងលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងមីស៊ីលចំនួន ២ដងហោះលើប្រទេសជប៉ុន៕ សុភ័ត្រ្ត