ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី ១ ខែមីនា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ CHON Kyun Soo ប្រធានស្តីទីក្រុមហ៊ុនទីប្រឹក្សា Yooshin Engineering Corporation នៃសាធារណៈរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Yoosin ដែលក្នុងពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយក្រសួងធនធានទឹក និងឧតុនិយម ក្នុងការសិក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រនានា ។ តាមរយៈការសិក្សានេះ មានគម្រោងមួយចំនួនត្រូវបានអនុវត្តដោយជោគជ័យរួចហើយ ដូចជាគម្រោងទំនប់ការពារទឹកជំនន់ បាធាយ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ។ គម្រោងមួយចំនួន បាន និងកំពុងអនុវត្ត ដូចជា ប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ គម្រោងសាងសង់អាងទឹក ដូនទ្រី ដែលមានតួនាទីតម្កល់ទឹកប្រមាណ ១៩០ លានម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់ឱ្យស្ទឹងមោង និងប្រព័ន្ធធារាសាស្ត្រនៅតំបន់នោះ និងគម្រោងសាងសង់ ទំនប់សាលាតាអន ដែលមានតួនាទីសម្រាប់ស្រោចស្រពផង និងផ្គត់ផ្គង់ទឹកសម្រាប់ការផលិតទឹកស្អាតក្នុងក្រុងបាត់ដំបងផង ។ ទន្ទឹមនឹងនេះ ក៏មានគម្រោងមួយចំនួនទៀត ក៏បាន និងកំពុងដំណើរការសិក្សា ។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គម្រោងអភិវឌ្ឍន៍ទាំងនេះ បានផ្តល់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រែរាប់ម៉ឺនហិកតា ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយក៏បានជួយការពារ និងកាត់បន្ថយទឹកជំនន់ផងដែរ ។ ទាំងនេះ គឺជាអ្វីក្រុមហ៊ុនបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។
លោកសាស្ត្រាចារ្យ CHON Kyun Soo បានជម្រាបថា ក្រុមហ៊ុន Yoosin ពិតជាមានមោទនភាព ដោយបានទទួលនូវការគាំទ្រយ៉ាងកក់ក្តៅ និងការវាតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារពីលោករដ្ឋមន្ត្រី ដែលនេះគឺជាថាមពលមួយ ជម្រុញលើកទឹកចិត្តឱ្យក្រុមហ៊ុនលោក បង្កើនសកម្មភាពកាន់តែខ្លាំងក្លាបន្ថែមទៀត លើការងារសិក្សាដើម្បីឈានទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រធំៗនៅកម្ពុជា ៕ ដោយ៖បញ្ញាស័ក្តិ