រដ្ឋការរបស់លោក ដូណាល់ ត្រាំ កំពុងតែពិចារណាវិធានការយោធាប្រឆាំងនឹងកូរ៉េខាងជើង ប្រសិនបើរបបផ្តាច់ការនេះសម្រេចបានអាវុធនុយក្លេអ៊ែរ ដែលអាចមានសមត្ថភាពបាញ់ដល់អាមេរិច។ នេះបើតាមប្រភពមួយចំនួនដែលដឹងច្បាស់ពីគំរោងរបស់រដ្ឋការ ត្រាំ។
មន្ត្រីជាន់ខ្ពស់សន្តិសុខជាតិអាមេរិចជាច្រើនរូប ជឿជាក់ថា ការសម្រេចបាននុយក្លេអ៊ែររបស់ព្យុងយ៉ាងគឺតំណាងឲ្យគ្រោះថ្នាក់សម្រាប់អាមេរិច។
លើសពីការគំរាមកំហែងនុយក្លេអ៊ែរ ចំពោះអាមេរិច មន្ត្រីសន្តិសុខជាតិដែលជំរុញឲ្យមានវិធានការយោធាលើបញ្ហានោះ បានជឿជាក់ថា ប្រសិនជាកូរ៉េខាងជើងសម្រេចបាននុយក្លេអ៊ែរពេញលេញរបបនេះ នឹងបង្កើតកូនកើតចៅ ព្រមទាំងមានការចែករំលែកបច្ចេកវិទ្យានុយក្លេអ៊ែរ និងមីស៊ីលជាមួយនឹងប្រទេសដទៃទៀតដូចជា អ៊ឺរ៉ង ប៉ាគីស្ថាន លីប៊ី និងរដ្ឋដទៃទៀត។
ការសម្រេចបាននុយក្លេអ៊ែរ និងការចែករំលែកបច្ចេកវិទ្យាដល់គ្នា នឹងបង្កើនការគំរាមកំហែងដល់អាមេរិច ហើយមន្ត្រីអាមេរិចនិយាយថា វានឹងមានគ្រោះថ្នាក់ខ្លាំងដល់អាមេរិច និងតំបន់ ជាងការចាត់វិធានការមុនប្រឆាំងនឹងមហិច្ឆតានុយក្លេអ៊ែររបស់ព្យុងយ៉ាង។
សូមបញ្ជាក់ថា បច្ចុប្បន្ន កូរ៉េខាងជើងកំពុងចរចារជាមួយនឹងកូរ៉េខាងជើង ដែលធ្វើឲ្យភាពតានតឹងនៅក្នុងតំបន់ហាក់បានធូរស្រាលបន្តិច ក្រោយពេលកូរ៉េខាងជើងបានចូលរួមកិច្ចប្រជុំជាមួយនឹងមន្ត្រីកូរ៉េខាងត្បូងជាច្រើនលើក។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនក៏បានអញ្ជឹងប្រធានាធិបតីកូរ៉េខាងត្បូងឲ្យទៅទស្សនៈកិច្ចនៅព្យុងយ៉ាងផងដែរ ដើម្បីធ្វើការចរចារ។
កូរ៉េខាងជើងក៏បានបង្ហាញបំណងចង់ចរចារជាមួយនឹងសហរដ្ឋអាមេរិចផងដែរ ប៉ុន្តែមានការព្រួយបារម្ភខ្លះថា កូរ៉េខាងជើងកំពុងតែពន្យាពេលដើម្បីបន្តអភិវឌ្ឍន៏អាវុធរបស់ខ្លួន។
ចំណែកកអាមេរិចវិញ បានលើកឡើងថា ពួកគេអាចចរចារជាមួយកូរ៉េខាងជើងបាន ក្នុងការណីកិច្ចចរចានោះផ្តោតលើការបោះបង់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕ សុភ័ក្ត្រ