ភ្នំពេញ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានអះអាងថា មានផលប៉ះពាល់មួយចំនួន គឺលក់មិនបានច្រើន ប៉ុន្តែការចិញ្ចឹមក៏មានការកើនឡើងច្រើន ព្រោះតម្រូវការបរិភោគមានការថយចុះក្នុងពេលស្ថានភាពសេដ្ឋកិច្ចមិនល្អដោយសារជំងឺកូវីដ១៩។ ចំណែកការនាំចូលក៏ត្រូវបានបន្ថយចំនួនផងដែរ។
លោក ស្រ៊ុន ពៅ បានគូសបញ្ជាក់ថា តម្រូវការសាច់សត្វពុំមានការខ្វះខាតនោះទេ គឺមានតែលើសតម្រូវការថែមទៀត ក៏ប៉ុន្តែតម្រូវការទិញយកទៅចម្អិនជាម្ហូបអាហារមានការធ្លាក់ចុះយ៉ាងខ្លាំង។
លោកបានបន្តថា វិស័យចិញ្ចឹមសត្វនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែបើនិយាយពីមាន់វិញនៅសល់រាប់លានក្បាល បើទោះបីជាអ្នកចិញ្ចឹមលក់ក្នុង ១គីឡូ តម្លៃ ១៥០០រៀល ក៏មានគេទិញយកមិនអស់នោះដែរ។ បើសិនមើលទៅទីផ្សារ ដែលធ្លាប់មួយថ្ងៃលក់អស់ ២០០ក្បាល ប៉ុន្តែឥឡូវនេះលក់ក្នុងមួយថ្ងៃមិនបាន ២០ ទៅ ៣០ក្បាលផង ប៉ុន្តែអាជីវករលក់មាន់នៅតែលក់ថ្លៃពី ៨ពាន់រៀល ទៅ ៩ពាន់រៀល ក្នុងមួយគីឡូមាន់សាច់ ខណៈការលក់នៅកសិដ្ឋានវិញ ក្នុងមួយគីឡូ ១៥០០រៀលស្ទើរតែមិនបានផង ដូច្នេះធ្វើឲ្យមាន់របស់ពួកគាត់កកស្ទះយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត សមាគម និងក្រសួងកំពុងតែសហការរៀបចំដើម្បីរកវិធីជួយដល់អ្នកចិញ្ចឹមមាន់ ក៏ប៉ុន្តែជួយមិនចេញនោះទេ ដោយសារតែការដឹកទៅលក់នៅថៃ គឺដឹកចេញទៅមិនបាន និងដឹកទៅវៀតណាមក៏ដឹកទៅមិនបាន ដោយសារប្រទេសគេមានអ្នកចិញ្ចឹមសត្វដូចយើងដែរ។
ដោយឡែក សាច់ជ្រូកវិញ ត្រូវបានលោក ស្រ៊ុន ពៅ លើកឡើងថា មានផលប៉ះពាល់មួយចំនួន គឺលក់មិនបានច្រើន ប៉ុន្តែការចិញ្ចឹមក៏មានការកើនឡើងច្រើន ព្រោះតម្រូវការបរិភោគមានការថយចុះក្នុងពេលស្ថានភាពសេដ្ឋ កិច្ចមិនល្អដោយសារជំងឺកូវីដ១៩។ ចំណែកការនាំចូលក៏ត្រូវបានបន្ថយចំនួនផងដែរ។
យ៉ាងណាក៏ដោយលោកថា តម្លៃសាច់ជ្រូក មិនធ្លាក់ចុះនោះទេ ពោលគឺវានៅរក្សាតម្លៃដដែល ប៉ុន្តែតម្រូវការមានការថយចុះ ខណៈកាលពីមុនយើងធ្លាប់មានតម្រូវការក្នុងមួយថ្ងៃ ៨ពាន់ក្បាល តែឥឡូវនេះនៅសល់តែត្រឹម ៦ពាន់ក្បាលប៉ុណ្ណោះ។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះឲ្យដឹងទៀតថា ទោះបីជាតម្លៃជ្រូកលក់ចេញពីកសិដ្ឋានធ្លាក់ចុះ ក៏អាជីវករលក់នៅតាមផ្សារលក់សាច់ជ្រូកក្នុងតម្លៃខ្ពស់ដដែល ដែលកត្តានេះហើយវាក៏ជាផ្នែកមួយរួមផ្សំធ្វើឲ្យតម្រូវការធ្លាក់ចុះ ក្នុងពេលចំណូលប្រជាពលរដ្ឋកំពុងថមថយ៕
រក្សាសិទ្ធិដោយ៖CEN


