ភ្នំពេញ ៖ ប្រទះឃើញរថយន្ដMercedes មានស្នាមបុកខឿនរង្វង់មូលមហាវិថីវិមានឈ្នះឈ្នះ និងជ្រុលទៅបុកដើមឈើមួយដើមទៀតខូចខាតយ៉ាងដំណំទៅមុខលែងរួច ។ ហេតុការណ៍នេះទើបបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ និង ៣០ នាទីព្រឹកថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២១ ត្រង់ចំណុចរង្វង់មូលត្រើយខាងកើតជិតស្ពានព្រែកព្នៅ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមប្រភព ពីសមត្ថកិច្ចដែលនៅចំណុចកើតហេតុ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ថា ប្រទះឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកMercedes G.L 320 ពណ៌សពាក់ផ្លាកលេខភ្នំពេញ2AG-0899 នៅជាប់នឹងគល់ឈើត្រង់ចំណុចក្បែររង្វង់មូលមហាវិថីឈ្នះឈ្នះ នៅដោយសភាពរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ប្រភពព័ត៌មាន ពីកម្លាំងសមត្ថកិច្ច បានប្រាប់បន្តថា រថយន្ត ស៊េរីទំនើប Mercedes GL320 មួយគ្រឿងនេះ សង្ស័យបើកបរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់រង្វង់មូលសួនច្បារ ចំណុចកើតហេតុ ដោយម្ចាស់រថយន្តខ្វះការប្រុងប្រយ័ត្ន ក៏បួងចង្គូតមិនទាន់ក៏បុករបាំងថ្មររង្វង់មូលពេញទំហឹង ដោយរថយន្តមិនទាន់អស់ល្បឿន ជ្រុលទៅបុកដើមឈើមួយដើមទៀតទៅមុខលែងរួច រួចម្ចាស់រថយន្តក៏បានចាកចេញ បន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុតែម្តង លុះព្រឹកទើបប្រជាពលរដ្ឋប្រទះឃើញរថយន្តរួចរាយការណ៍ទៅសមត្ថកិច្ចតែម្ដង។
ក្រោយពេលទទួលបានដំណឹងពីប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញខណ្ឌ បានមកដល់ចំណុចកើតហេតុ និងបានធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុកនៅអធិការខណ្ឌជ្រោយចង្វារ រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖ សារឿន








