ខេត្តស្វាយរៀង ៖ មានករណីជនជាតិចិនចំនួន១៣នាក់ ជិះរថយន្ត១គ្រឿងម៉ាកLEXUS .RX300
ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2G-9521 បានក្រឡាប់ផ្ងារជើងឡើងលើ មិនដឹងថាពួកជនជាតិចិនទាំងនេះមកពីណានោះទេ។
ករណីរថយន្តក្រឡាប់នេះកើតឡើងនៅវេលាម៉ោង៤និង២៥នាទីព្រឹក ថ្ងៃទី១២ ខែមីនាឆ្នាំ២០២១ នៅចំណុចភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿង បើកបរពីទិសខាងលិចទៅកើតយ៉ាងលឿន នៅលើកំណាត់ផ្លូវជាតិលេខ១ លុះមកដល់ចំណុចខាងកើតស្ពានទន្លៀងទី២ ចំម្ងាយ២០០ម៉ែត្រ ស្រាប់តែរេចង្កូតទៅខាងស្តាំធ្លាក់ចិញ្ចើមថ្នល់ បានជ្រុលទៅបុកដើមអាកាស្យានៅខាមុខផ្ទះអ្នកស្រុក ក្រឡាប់ផ្ងារជើងឡើងលើតែម្តង ខណៈនោះគេឃើញមនុស្សលូនចេញពីខាងក្នុងរថយន្តបន្តបន្ទាប់ រហូតទៅ១៤នាក់។ ហើយភ្លាមៗនោះអ្នកបើកបររថយន្តបានរត់គេចខ្លួន ពីកន្លែងកើតហេតុបាត់ស្រមោលហើយមនុស្ស៥នាក់ បានរត់ទៅពួនតាមផ្ទះអ្នកស្រុក នៅសល់៨នាក់នៅកន្លែងរថយន្តកើតហេតុ។ ប្រភពបន្តទៀតថា ក្រោយមកសមត្ថកិច្ចនគបាលអធិការដ្ឋាននគបាលក្រុងស្វាយរៀង និងស្នងការដ្ឋាននគបាលខេត្ត បានមកដល់បានឃើញមនុស្សទាំង៨នាក់ គឺជនជាតិចិនទើបឃាត់ខ្លួនបញ្ជូនទៅការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរនិងបន្តតាមចាប់ខ្លួនជនជាតិចិនបាន៥នាក់ទៀត យកមកសាកសួរសរុប១៣នាក់ ចំណែកអ្នកបើកបររថយន្តសង្ស័យថាជាជនជាតិខ្មែរ សមត្ថកិច្ចកំពុងស្រាវជ្រាវរកដើម្បីទទួលខុសត្រូវ និងសួរព័ត៌មានថាតើគេដឹកជនជាតិចិននេះមកពីណា ។
ប្រភពមិនច្បាស់ការ គឺជនជាតិចិនទាំងនេះ មិនព្រមឆ្លើយប្រាប់ឈ្មោះ ហើយមកពីណាទៅណា គ្រាន់តែឆ្លើយថា ពួកគេមកពីប្រទេសចិន មានគេយកមកឲ្យធ្វើការនៅស្រុកខ្មែរ ក៏មិនដឹងថាទៅធ្វើការនៅកន្លែងណាទេ គេមិនស្គាល់ទេ ក៏ប៉ុន្តែបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ជនជាតិចិន១៣នាក់នេះគឺរថយន្តដឹកទៅក្រុងបាវិត។
បើតាមលោកតូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការឆ្លងមេរោគកូវីដ១៩ ខេត្តស្វាយរៀងបានឲ្យដឹងថា ជនជាតិចិន១៣នាក់នេះ សមត្ថកិច្ចបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលធ្វើចត្តាឡីស័កផ្ទះសំណាក់គ្រូបង្រៀន នៃមន្ទីរអប់រំយុវជននិងកីឡាខេត្ត ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យធ្វើតេស្តកូវីដ១៩ នៅរាជធានីភ្នំពេញរួចហើយដែរ។
ហើយចំពោះព័ត៌មានជនជាតិចិន មកពីណានោះ គឺរង់ចាំការស្វែងរកអ្នកបើកបររថយន្ត ឲ្យឃើញមកបំភ្លឺទើបដឹងការពិត ដោយជនជាតិចិនទាំង១៣នាក់មិនព្រមឆ្លើយ ពីសាវតារ និងអត្តសញ្ញាណ ឲ្យសមត្ថកិច្ចបានដឹងនៅឡើយ៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ














