ក្រចេះ៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆ្លូង បានចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ដោយបានឃាត់ម៉ូតូសណ្តោងរ៉ឺម៉ក ចំនួន ០១គ្រឿង និងឈើអាប្រភេទកកោះចំនួន១៩០សន្លឹក។
អ្វីដែលធ្វើអោយមហាជនមានការភ្ញាក់ផ្អើលនោះ គឺ ម៉ូតូ ឬហៅថា ម៉ូតូកម្លាំងយក្ស មានសណ្តោងរ៉ឺម៉ក ហើយដឹកជញ្ជូនឈើជាច្រើនម៉ែត្រគូប ធ្វើដំណើរចេញពីក្រុងក្រចេះ ឆ្លងកាត់គោលដៅសមត្ថកិច្ចនៅចំណុចគល់ស្ពានពាមទេ រហូតមកដល់ស្រុកឆ្លូង ទើបកងរាជអាវុធហត្ថស្រុកឆ្លូង បង្ក្រាបបាន ដែលជាហេតុធ្វើឲ្យមហាជនមិននឹកស្មានដល់តែម្តង ។
លក្ខណៈពិសេស នៃម៉ូតូនេះ វាមានឈ្មោះ សេរ៉ូស កម្លាំងម៉ាស៊ីន ១២៥c មានតួកែច្នៃរឹងមាំ ដាក់កង់ល្អពិសេស ធន់មិនងាយបែក និងមានបំពាក់ធុងទឹកចំណុះ៣០លីត្រ ធ្វើឲ្យប្រព័ន្ធម៉ាស៊ីមិនឡើងកំដៅ រត់ផ្លូវឆ្ងាយធុនបានយូរ លើសពីម៉ូតូធម្មតាទ្វេដង ។
ហើយការបង្ក្រាបនោះ គឺធ្វើឡើងកាលពីវេលាម៉ោង ០២និង ៤៥នាទីទៀបភ្លឺ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆ្លូង ដឹកនាំរួម ដោយលោក អនុសេនីយ៍ឯក កង ស៊ុម មេបញ្ជាការរងស្រុក បានចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ដោយបានឃាត់ម៉ូតូសណ្តោងរ៉ឺម៉ក ចំនួន ០១គ្រឿង និងឈើអាប្រភេទកកោះចំនួន១៩០សន្លឹក។
បច្ចុប្បន្នវត្ថុតាងប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖បញ្ញាស័ក្តិ



