ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល ១១ និង ៤៤ នាទីយប់ មានករណី លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(ប្រើជើងធាក់យកម៉ូតូមិនបានសម្រេច) នៅចំណុចមុខរោងចក្រថាក់ក្រាល ផ្លូវជាតិលេខ ៤ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
បង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់៖
១-ឈ្មោះ ស៊ុ ប៊ុនធួន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិអង្គ សង្កាត់ចោមចៅ3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន)(មានសារធាតុញៀន)
២-ឈ្មោះ ធាន ប៊ុនថាវ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន)(គ្មានសារធាតុញៀន)
៣-ឈ្មោះ ប៉ែន រតនា ប្រុសអាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៣៧(បុរីពិភពថ្មី៣) ផ្លូវលេខ ១៣ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ម៉ុន ភារម្យ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ អ្មកដឹកជញ្ជូន ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ
នគរបាលបញ្ជាក់ពីដំណើររឿងថា ជនរងគ្រោះ និងមិត្តភក្កិឈ្មោះ ខ្មៅ បានជិះម៉ូតូម៉ាក Let’s ពណ៌ស ស៊េរី ០១៥ ភ្នំពេញ 1FW-4450 ចេញពីទិញបាយនៅម្ដុំស្តុបផ្លូវបំបែកទៅទំនប់កប់ស្រូវ(សង្កាត់ចោមចៅ ៣) ត្រឡប់មកផ្ទះវិញ (ភូមិព្រៃបឹង សង្កាត់កន្ទោក) ពេលជិះមកដល់មុខរោងចាក់ថាក់ក្រាល ផ្លូវជាតិលេខ ៤ភូមិផ្សារកំបូល (សង្កាត់កំបូល) ស្រាប់តែជួបក្រុមជនសង្ស័យចំនួន 3៣នាក់ ជិះម៉ូតូចំនួន ០២ គ្រឿង (ដោយជនសង្ស័យឈ្មោះ ស៊ុ ប៊ុនធួន ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី0០១៩ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HW- 0998 ជិះម្នាក់ឯង, ជនសង្ស័យឈ្មោះ ប៉ែន រតនា បើកម៉ូតូម៉ាកហុងដាសេ១២៥ស៊េរី ០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GT-9106 ឌុបជនសង្ស័យឈ្មោះ ធាន ប៊ុនថាវ) ពេលនោះជនសង្ស័យឈ្មោះ ស៊ុ ប៊ុនធឿន បានលើកជើងធាក់ដៃម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យដួល ហើយជនសង្ស័យឈ្មោះ ប៉ែន រតនា បានបើកម៉ូតូទៅឈប់ពីមុខម៉ូតូរបស់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ធាន ប៊ុនថាវ កាន់ខ្សែក្រវ៉ាត់់បំរ៉ុងវាយលើជនរងគ្រោះ ស្របពេលនោះក៏មានប្រជាពលរដ្ឋ ជិះម៉ូតូតាមផ្លូវឈប់សួរនាំ នឹងមានវិទ្យុទាក់ទងនៅនឹងចង្កេះ ឃើញដូចនោះក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។
បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល។ ក្រោយពីទទួលពាក្យបណ្ដឹងរួចនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១វេលាម៉ោងប្រហែល ១១ និង ៣០ នាទី សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការគ្នាជាមួយសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុ ប៊ុនធឿន នៅចំណុចតាមផ្លូវលំ ភូមិអង្គ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ, ជនសង្ស័យឈ្មោះ ធាន ប៊ុនថាវ នៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងជនសង្ស័យឈ្មោះ ប៉ែន រតនា នៅចំណុចតាមផ្លូវបេតុង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ នាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើអធិការដ្ឋាននគរបាលខណ្ឌកំបូល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សួង សាម





