បុរសជាឪពុកចិត្តកំណាចម្នាក់ រស់នៅភាគនិរតីនៃប្រទេសចិន ត្រូវបានប៉ូលីសចាប់ឃុំខ្លួន បន្ទាប់ពីបានប្រើអំពើហិង្សាដ៏យង់ឃ្នង មកលើកូនស្រីរបស់ខ្លួនអាយុ ១០ ឆ្នាំ ដោយចងអូសតាមម៉ូតូ ។
យោងតាម Beijing News ហេតុការណ៍ដ៏រន្ធត់ចិត្តនេះ ត្រូវបានគេថតយកបានកាលពីថ្ងៃទី២៨ កុម្ភៈ ស្ថិតក្នុងទីក្រុង Ya Long តំបន់ស្វយ័ត Da Hua Yao ខេត្ត Guangxi ។
នៅក្នុងវីដេអូឃ្លីប ឪពុកឈ្មោះ Wei ត្រូវបានឃើញវាយក្បាល, ខ្នង និងកំប៉េះគូទកូនស្រីរបស់ខ្លួន ជាមែកឈើ ។
បុរសអាយុ ៣៨ ឆ្នាំ រូបនេះ បន្ទាប់មក បានយកខ្សែចងកូនស្រីរបស់ខ្លួន ទៅនឹងកន្ទុយម៉ូតូ រួចបើកអូសនាងយ៉ាងទីណាត់ទីណែងគួរឲ្យអាសូរបំផុត ។
ក្មេងស្រីនោះត្រូវបានលឺស្រែកយំយ៉ាងខ្លាំង ដើម្បីឲ្យគេជួយ ប៉ុន្តែ គ្មាននរណាម្នាក់ចូលមកបញ្ឈប់សកម្មភាពដ៏ឃោរឃៅរបស់ឪពុកនាងនោះទេ ។
អរគុណណាស់ ដែលអាជ្ញាធរបានបើកការស៊ើបអង្កេតភ្លាមៗ បន្ទាប់ពីពួកគេបានដំណឹងនេះ តាមរយៈវីដេអូដែលត្រូវបានបង្ហោះឡើងនៅលើបណ្តាញសង្គម នៅក្នុងថ្ងៃដដែលនោះ ។ ក្នុងរយៈពេលត្រឹមតែ ២០ នាទី ប៉ុណ្ណោះ ពួកគេបានរកឃើញទង្វើរបស់ឪពុកនេះមកលើកូនស្រី ស្ថិតនៅឯផ្សារមួយ ។
យោងតាមរបាយការណ៍ ក្មេងស្រីនោះបានរងរបួសស្បែកនៅលើដៃ និងខ្នងរបស់នាង ។ នាងត្រូវស្ថិតនៅមណ្ឌលសុខភាពក្រុង Ya Long ដើម្បីឲ្យក្រុមគ្រូពេទ្យស្កេនក្បាល និងព្យាបាលចិត្តសាស្ត្រ ។
ទន្ទឹមនោះផងដែរ Wei បានសារភាពថា គាត់វាយធ្វើបាបកូនស្រីបែបនេះ ព្រោះតែនាងពុំព្រមទៅសាលារៀន ។
ទោះយ៉ាងណា ឪពុករូបនេះត្រូវបានឃុំខ្លួន ពីបទប្រើអំពើហិង្សាមកលើកុមារ ៕ ចន្ទី