រឿងរ៉ាវនៃអំពើហិង្សាក្នុងគ្រួសារមួយ ដែលបណ្តាលរាងកាយទាំងមូលរបស់ស្ត្រីម្នាក់ ជាពិសេស្បែកផ្ទៃមុខរបស់នាងត្រូវ «រលាយ» ក្លាយជាមនុស្ស «ចម្លែក» មើលលែងស្គាល់ បន្ទាប់ពីត្រូវបានប្តីកំណាចមានចិត្តប្រចណ្ឌដ៏ជ្រុលហួស យកសាំងចាក់ស្រោចលើខ្លួនប្រាណនាង និងដុតប៉ងសម្លាប់ចោល ដោយសារខឹងនាងថតរូប selfie បង្ហោះឡើងបណ្តាញសង្គមដោយគ្មានបំណងអាក្រក់អ្វីសោះ នៅតែទទួលការចាប់អារម្មណ៍ និងចែករំលែកជាថ្មីនៅលើអ៊ីនធើរណេត ។
យោងតាមប្រភព័ត៌មានបានឲ្យដឹងថា បុរសជាប្តីម្នាក់ឈ្មោះ Chatchawarn រស់នៅក្នុងទីក្រុង Chiang Kham (ថៃ) បានយកសាំងចាក់ស្រោចប្រពន្ធឈ្មោះ Nednapha Nuankhul អាយុ ២៦ ឆ្នាំ និងដុតប៉ងសម្លាប់នាងទាំងរស់ បន្ទាប់ផ្ទុះរឿងប្រចណ្ឌ ព្រោះតែប្រពន្ធថតរូប selfie បង្ហោះនៅលើបណ្តាញសង្គម ។
តាមរបាយការណ៍ព័ត៌មាន ស្ត្រីរងគ្រោះ Nuankhul បានផុសរូបថត selfie ជាប់ៗគ្នាចំនួន៣លើក នៅលើ Facebook ដែលជាហេតុធ្វើឲ្យ Kham ផ្ទុះរឿងប្រចណ្ឌយ៉ាងខ្លាំងក្លា ។ ហើយជម្លោះក៏បានកើតឡើងឈានដល់ការប្រើអំពើហិស្សាស្លាប់រស់តែម្តង ។ Kham ភ្លាមៗនោះ បានយកសាំងចាក់ស្រោចលើខ្លួនប្រាណប្រពន្ធ និងដុតនាងទាំងរស់ភ្លើងឆេះសន្ធោសន្ធៅ ដោយគ្មានក្តីអាសូរសូម្បីបន្តិចឡើយ ។
ម្តាយនៃកូនអាយុ ៦ ឆ្នាំ ម្នាក់នេះ ត្រូវបានអ្នកជិតខាង ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យក្បែរនោះជាបន្ទាន់ ទីកន្លែងដែលរបួសរបស់នាងត្រូវបានព្យាបាល និងតម្រូវឲ្យធ្វើការវះកាត់ចំនួន៣លើក ខណៈប្តីចិត្តកំណាច Chatchawarn ត្រូវបានប៉ូលីសចាប់ខ្លួន ដើម្បីនាំយកទៅកាត់ទោសតាមផ្លូវច្បាប់ ៕ ចន្ទី