វិធីសាស្ត្រព្យាបាលថ្មីនេះ មានសកម្មភាពប្រៀបដូចជាប្រភេទវ៉ាក់សាំងមួយដែលជួយកម្ចាត់ដុំពកមហារីក្នុងសរីរាង្គ ហើយមានប្រសិទ្ធភាពចំពោះជំងឺមហារីកច្រើនប្រភេទ។
សង្គ្រាមរបស់មនុស្សប្រយុទ្ធនឹងជំងឺមហារីកកំពុងបោះជំហានទៅកាន់សករាជថ្មី នៅពេលដែលក្រុមអ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យ Stanford ប្រកាសថា គេចាប់ផ្តើមសាកពិសោធន៍វិធីសាស្ត្រព្យាបាលថ្មីនេះនៅលើមនុស្ស។
តាម Independent វិធីសាស្ត្រព្យាបាលថ្មីនេះ គឺជាការគួបផ្សំរវាងឱសថមានស្រាប់២ប្រភេទបច្ចុប្បន្ននេះ ជាមួយនឹងសារធាតុចម្រុះម្យ៉ាងដែលមានប្រសិទ្ធភាពស្រដៀងនឹងវ៉ាក់សាំង។ ក្នុងការអនុវត្តជាក់ស្តែង ក្រុមគ្រូពេទ្យនឹងចាក់បញ្ចូលសារធាតុនេះ 1microgram ទៅក្នុងដុំពកដើម្បីដាស់ញោចបណ្តាកោសិកាការពាររាងកាយដែលកំពុងត្រូវបានកោសិកាមហារីក “គាបសង្កត់” វាមានសកម្មភាពរស់ឡើងវិញ ហើយផ្តើមពីនោះមកវានឹងបង្កឲ្យមានប្រតិកម្មការពាររាងកាយទាំងមូលធ្វើសកម្មភាពកម្ចាត់កោសិកាមហារីកនៃដុំពក។
កោសិកាមហារីក lympho hodgkin មុននោះសកលវិទ្យាល័យ Stanford បានសាកពិសោធន៍វិធីសាស្ត្រព្យាបាលវ៉ាក់សាំងមហារីកនៅលើសត្វកណ្តុរ ហើយទទួលបានលទ្ធផលដ៏ “ស័ក្តិសិទ្ធ”។ កណ្តុរចំនួន ៨៧ក្បាលលើ ៩០ក្បាល ដែលមាន “ជំងឺមហារីកឈាម” បានជាសះស្បើយទាំងស្រុង រីឯកណ្តុរ៣ក្បាលទៀត មានសភាពរើឡើងវិញ ប៉ុន្តែវាក៏បានជាសះស្បើយទាំងស្រុង បន្ទាប់ពីគេចាក់បញ្ចូលសារធាតុនេះជាលើកទី២។ អ្នកវិទ្យាសាស្ត្រក៏បានធ្វើវិធីបិសោធន៍ដូចគ្នានេះលើកណ្តុរ ដែលត្រូវបាន “បង្ក” ឲ្យមានជំងឺមហារីកដោះ មហារីកពោះវៀន និងមហារីកស្បែក ហើយក៏ទទួលបានលទ្ធផលគួរជាទីមោទនដូចគ្នាដែរ។
បណ្ឌិត Ronald Levy ដែលស្ថិតក្នុងក្រុមស្រាវជ្រាវថ្លែងដោយជំនឿទុកចិត្តទាំងស្រុងថា៖ “ខ្ញុំគិតថា ពុំមានប្រភេទមហារីកណាមួយដែលពុំអាចព្យាបាលបានតាមវិធីសាស្ត្រនេះឡើយ៕ លីសា