Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអចិន្រ្តៃយ៍ ឆ្លើយតបទៅនឹងគណៈប្រតិភូហ្វាំងឡង់ នៅកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្ដីពី “កិច្ចសហប្រតិបត្តិការបចេ្ចកទេស” នាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស

ហ្សឺណែវ ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជា អាន សុខខឿន បានប្រើប្រាស់សិទ្ធិឆ្លើយតបទៅនឹងគណៈប្រតិភូហ្វាំងឡង់ នៅកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្ដីពី “កិច្ចសហប្រតិបត្តិការបចេ្ចកទេស” នាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។

ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជា បានថ្លែងថា គណៈប្រតិភូយើងខ្ញុំសូមប្រើប្រាស់សិទ្ធិ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ របស់គណៈប្រតិភូ ហ្វាំងឡង់។

លោកបន្តថា យើងខ្ញុំកត់សម្គាល់ដោយការខកចិត្តយ៉ាងខ្លាំង ចំពោះគណៈប្រតិភូខាងលើដែលបានបដិសេធ មិនប្រកាន់យកវិធីសាស្ត្រប្រកបដោយភាពសត្យានុម័ត មិនជ្រើសរើសតែមួយជ្រុង និងមិន ធ្វើនយោបាយូបនីយកម្ម នៅពេលវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

ក្នុងន័យនេះ លោកអាន សុខខឿន សូមផ្តល់ជូនអង្គប្រជុំនូវតថភាពមួយចំនួន ដូចតទៅ៖

  • ទី១៖ ការអំពាវនាវឱ្យកម្ពុជាសហការជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សបាន បង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការមិនអើពើរបស់ហ្វាំងឡង់ចំពោះការពិតនៅកម្ពុជា។ វត្តមានជិតបីទសវត្សរ៍នៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ប្រចាំកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣ មក ដែលបច្ចុប្បន្ននេះ ក្លាយជាការិយាល័យវ័យចំណាស់ជាងគេបំផុតនៅលើ ពិភពលោក គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការដោយបើកចំហ និង ស្ថាបនារបស់កម្ពុជា ជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ កាលពីខែធ្នូ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានបន្តសុពលភាពអនុស្សរណៈយោគយល់ ជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលប្រការនេះស្តែងឱ្យឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តឥតងាករេ របស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស គ្រប់ប្រភេទ តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស។
  • ទី២៖ ជារឿងគួរឱ្យអស់សំណើចដែលហ្វាំងឡង់ទើបប្រកាសបិទប្រទេស និងដាក់ប្រទេស ក្នុងភាពអាសន្ន ធ្វើឱ្យមានការរឹតត្បិតសេរីភាពមូលដ្ឋានរបស់ប្រជាជនខ្លួន នាពេលថ្មីៗនេះ បែរជាមកទាមទារឱ្យកម្ពុជា គោរពសិទ្ធិពលរដ្ឋនិងនយោបាយ ជាងសិទ្ធិដទៃទៀត។ ទង្វើនេះគឺងាកចេញពីគន្លងនៃវិធីសាស្រ្តរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិឯកឧត្តម អាន់តូនីញ៉ូ គូតែរ៉េស ដែលធ្លាប់បានគូសបញ្ជាក់ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ថា “សិទ្ធិមនុស្សមិនត្រូវក្លាយជាមធ្យោបាយ ដើម្បីអនុវត្តស្តង់ដារពីរ ឬជាឧបករណ៍ ដើម្បី សម្រេចរបៀបវារៈលាក់ពុតណាមួយឡើយ ”។ លើសពីនេះ សេចក្តីសម្រេចចិត្តនានារបស់ អង្គការសហប្រជាជាតិក៏បានបញ្ជាក់ដែរថា សិទ្ធិមនុស្សទាំងអស់ រួមមានសិទ្ធិពលរដ្ឋ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងសិទ្ធិទទួលបានការអភិវឌ្ឍ ត្រូវបាន ចាត់ទុកថា មានតម្លៃស្មើគ្នា ឈរលើជំហរតែមួយ និងមានសារៈសំខាន់ដូចៗគ្នា។
  • ទី៣៖ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ -១៩ ដែលត្រូវបាន អនុម័តនាពេលថ្មីៗនេះ ដោយសភាទាំងពីរថ្នាក់របស់កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍ នីត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រភាព។ ច្បាប់នេះពុំមានគោលបំណងដាក់ ទោសទណ្ឌលើបុគ្គលណាម្នាក់នោះទេ ផ្ទុយទៅវិញច្បាប់នេះមានគោលបំណងការពារ អាយុជីវិត និងលើកទឹកចិត្តពលរដ្ឋគ្រប់រូបឱ្យចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចប្រឹងប្រែងធានាសុវត្ថិភាពសុខភាពសាធារណៈ និងអាយុជីវិតដ៏មានតម្លៃរបស់ ពលរដ្ឋ។ ដូចក្នុងបណ្តាប្រទេសលោកខាងលិចដែរ វិធានការទាំងនោះនឹងត្រូវអនុវត្ត ចំពោះតែបុគ្គលទាំងឡាយណាដែលបំពានច្បាប់ បង្កឱ្យមានការចម្លងជំងឺរាតត្បាតចូល ក្នុងសហគមន៍ប៉ុណ្ណោះ ដោយផ្អែកលើប្រភេទបទល្មើស និងចេតនាក្នុងការប្រព្រឹត្ត ។
  • ទី៤៖ មានតែពលរដ្ឋកម្ពុជាប៉ុណ្ណោះ ដែលមានសិទ្ធិខ្ពស់បំផុតក្នុងការវាយតម្លៃពីស្ថានភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅកម្ពុជា។ សិទ្ធិអំណាចរបស់ពលរដ្ឋកម្ពុជាត្រូវបាន ឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការបោះឆ្នោត ដែលបុគ្គលគ្រប់រូបត្រូវតែគោរពតាម។ អគ្គលេខាធិការ អង្គការសហប្រជាជាតិ ឯកឧត្តម អាន់តូនីញ៉ូ គូតែរ៉េស បានពន្យល់ថា ជោគជ័យនៃវិញ្ញាសារខាងលើត្រូវវាស់ស្ទង់ ដោយប្រើប្រាស់មាត្រដ្ឋាននៃភាពប្រសើរឡើង ក្នុងជីវភាពរបស់ពលរដ្ឋ មិនមែនផ្អែកលើការបញ្ចេញអារម្មណ៍វិនិច្ឆ័យឡើយ ។

ជាចុងបញ្ចប់ របៀបវារៈទី ១០នេះគួរដើរតួនាទីស្នូល ក្នុងការលើកកម្ពស់ កិច្ចពិភាក្សា ប្រកបដោយការគោរព ស្តីពី ឧត្តម្មានុវត្តន៍សកលពាក់ព័ន្ធនឹងកិច្ចសប្រតិបត្តិការបច្ចេកទេស។ ការបំពានរបៀបវារៈនេះ ក្នុងគោលបំណងស្វែងរកពិន្ទុនយោបាយ គួរតែត្រូវជៀសវាង ប្រសិនបើយើងទាំងអស់គ្នាប្រាថ្នាចង់រក្សាការពារនូវសុចរិតភាពនិងភាពអាចជឿទុកចិត្តបាន ខ្ពស់បំផុតរបស់ស្ថាប័នសិទ្ធិមនុស្សមួយនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×