Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ Kim Jong-Un កូរ៉េខាងជើង​នឹង​បោះបង់ចោល​កម្មវិធី​កាំជ្រួច និង​នុយក្លេអ៊ែរ ប្រសិនបើ​មានការ​ធនា ហើយ​ឯកភាព​រៀបចំ​ជំនួប​កំពូល​កូរ៉េ​ទាំង​២ នៅ​អំឡុង​ខែមេសា​

​នេះ​ជា​លើកដំបូង​ហើយ​ដែល​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un បាន​ជួប​ជាមួយ​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូង គិត​តាំងពី​ឡើងកាន់តំណែង​នៅ​ឆ្នាំ ២០១៣​។​

​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូង​ទៅកាន់​ក្រុង​ព្យុងយ៉ាង​ត្រូវបាន​មេដឹកនាំ​កូរ៉េខាងជើង​គីម ស្វាគមន៍​យ៉ាង​កក់ក្តៅ​។​

​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូង មាន​សមាជិក ១០​រូប ក្នុងនោះ​មាន​មន្ត្រីជាន់ខ្ពស់ ៥​រូប និង​មន្ត្រី​ថ្នាក់​អ្នកឯកទេស​៥​រូប ដែល​ដឹកនាំ​ដោយ​នាយក​ការិយាល័យ​សន្តិសុខ​ជាតិ Chung Eui-yong ។​

​ប្រតិភូ​កូរ៉េខាងត្បូង (​ឆ្វេង​) ពិភាក្សា​ជាមួយ​មន្ត្រី​កូរ៉េខាងជើង អំពី​កម្មវិធី​នៃ​ដំណើរ​បេសកកម្ម​នេះ ពេល​ជាន់​ទឹកដី​កូរ៉េខាងជើង​ភ្លាម​។​

​ឧ​ត្ត​ម​សេនីយ​កូរ៉េខាងជើង Kim Yong-chol (​ឆ្វេង​) ទទួល​ជួប​បេសកជន​ពិសេស​នៅ​កូរ៉េខាងត្បូង នៅ​សណ្ឋាគារ​ព្យុងយ៉ាង​ថ្ងៃ ៥ ខែ​៣​។​

​ក្រោយមក​មេដឹកនាំ Kim Jong-Un បាន​ចេញមក​ស្វាគមន៍​ផ្ទាល់​នឹង​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង នៅ​រដ្ឋធានី​ព្យុងយ៉ាង​។ ក្នុង​រូបភាព​ខាងលើ​លោក Kim Jong-Un បាន​ចាប់ដៃ​មេដឹកនាំ​ស្ថាប័ន​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង Chung Eui-yong ដែលជា​ប្រធាន​ប្រតិភូ​។​

​បណ្តា​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​បាន​ពិភាក្សា​នូវ​បញ្ហា​ក្តៅគគុក​ជាច្រើន ក្នុងនោះ​រួមមាន​ទាំង​លទ្ធភាព​រៀបចំ​សន្និសីទ​កំពូល​អន្តរ​កូរ៉េ​។ កិច្ចពិភាក្សា​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ស្និទ្ធស្នាល​។​

​មេដឹកនាំ​កូរ៉េខាងជើង​ស្វាគមន៍​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូង​។​

​ភាគី​ទាំងសងខាង​បាន​ប្តូរ​យោបល់ និង​ពិភាក្សា​ក្នុង​បរិយាកាស​រីករាយ​។ ជំនួប​និង​ពិធី​លាង​សោយ​ភោ​ជ​ចាប់ផ្តើម​ពី​ម៉ោង ១៨ ល្ងាច​ថ្ងៃទី​៥ មីនា អូសបន្លាយ​ជាង​៤​ម៉ោង​។ ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងត្បូង​សរសេរថា ៖ “​ការដែល​លោក Kim Jong-Un ជួបពិភាក្សា និង​មន្ត្រី​កូរ៉េខាងត្បូង​ហាក់​បង្ហាញ​ឲ្យ​ឃើញថា មេដឹកនាំ​រូបនេះ បាន​ត្រៀមខ្លួន​សម្រាប់​ការកែសម្រួល​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​”​។​

​លោក Kim Jong-Un បាន​ចែករំលែក​ទស្សនៈ​សំដៅ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​២ ហើយ​ក៏បាន​ផ្តួចផ្តើម​ឲ្យ​មាន​កិច្ចចរចា ការទាក់ទង កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​ផ្សេងទៀត​រវាង​ប្រទេស​ទាំង​២​។​

​ក្នុង​ពិធី​ពិភាក្សា​ដោយផ្ទាល់​នោះ លោក Chung Eui-yong បាន​បញ្ជូន​សា​លិខិត​របស់​ប្រធានាធិបតី Moon Jae-in ជូន​លោក Kim Jon-Un​។ គួរ​កត់សម្គាល់ថា មុន​នោះ​ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ​កូរ៉េខាងជើង Kim Yo-jong ក៏បាន​បញ្ជូន​សា​លិខិត​ដល់​ប្រធានាធិបតី Moon Jae-in ក្នុងអំឡុងពេល​ទស្សន​កិច្ច​កូរ៉េខាងត្បូង​កន្លងមក​។​

​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un និង​ភរិយា Ri Sol-ju បានរៀបចំ​ពិធី​លៀង​សោយ​ភោ​ជ​ទទួល​បេសកជន​ពិសេស​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in នៅ​ទីស្នាក់ការ​បក្ស​ពលករ​កូរ៉េ ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​។​

​គួររំលឹកថា លោក Kim Jong-Un មាន​ឥរិយាបថ​ពុំ​និយម​ការជួប​ប្រាស្រ័យ​នឹង​ភ្ញៀវ​បរទេស​ជា​ផ្លូវការ​។ លោក​តែង​បដិសេធ​មិន​ជួប​សូម្បីតែ​បេសកជន​ពិសេស​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ពៀន លោក Song Tao កាលពី​ឆ្នាំ​២០១៧​។​

​តាម​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ឲ្យ​ដឹងថា នេះ​ជា​លើកដំបូង​ហើយ​ដែល​លោក Kim Jong-Un បាន​អញ្ជើញ​មន្ត្រី​កូរ៉េខាងត្បូង​ទៅកាន់​ទីស្នាក់ការ​របស់​បក្ស​ពលករ​កូរ៉េខាងជើង នៅ​រដ្ឋធានី​ព្យុងយ៉ាង វត្តមាន​របស់​ភរិយា​លោក Kim Jong-Un ក្នុង​ពិធីជប់លៀង​ដល់​ប្រតិភូ​កូរ៉េខាងត្បូង គឺជា​រឿង​កើតមាន​ជា​លើកដំបូង​។ លើសពីនេះ​ទៀត​ក្រុមគ្រួសារ​របស់​មេដឹកនាំ​កូរ៉េខាងជើង នៅបាន​ជូន​ដំណើរ​ប្រតិភូ​កូរ៉េខាងត្បូង​ដល់​រថយន្ត​ព្រមទាំង​លើកដៃ​គ្រវី​ជា​សញ្ញា​លាគ្នា​ផង​។​

​តាម​អ្នកជំនាញ​ការវិភាគ​មួយចំនួន​នោះ ឥរិយាបថ​ប្រែប្រួល​ជាមួយ​បដិសណ្ឋារកិច្ច​ស្និទ្ធស្នាល​នឹង​ប្រតិភូ​កូរ៉េខាងត្បូង​បង្ហាញថា មេដឹកនាំ​កូរ៉េខាងជើង​កំពុង​ស្វែងរក​វិធី​រំដោះខ្លួន​ចេញពី​ការដាក់ទណ្ឌកម្ម​ដ៏​តឹងរឹង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​៕ សូ​យ​ន

×