Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទេរ​នូវ​ចំណេះដឹង ចំណេះធ្វើ ជំនាញ​បច្ចេកទេស និង​ទេពកោសល្យ​វប្បធម៌ ដល់​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី​

​ភ្នំពេញ ​៖​ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ពិតណាស់ ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​៣​មីនា​នេះ គឺជា​ការជំរុញ និង​ផ្សព្វផ្សាយ និង​ផ្ទេរ​នូវ​ចំណេះដឹង ចំណេះធ្វើ ជំនាញ​បច្ចេកទេស ហើយ​និង​ទេពកោសល្យ​វប្បធម៌ ក៏​ដូច​ជា​ការ​ក្រើនរំលឹក​បំផុសស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​ចំពោះ​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេសជាតិ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី សូម​អរគុណ​បងប្អូន កូនក្មួយ វីរ​សិល្បករ សិល្បការិនី ដែល​ស្រលាញ់​គាំទ្រ និង​បោះឆ្នោត​អោយ គណបក្ស​ប្រជាជន ដែល​មាន​ខ្ញុំ​ជា​ប្រធាន​ដើម្បី​ដឹកនាំ​កសាង​ប្រទេសជាតិ​យើង​អោយ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត​។​

​នៅ​រសៀល​ថ្ងៃ​អង្គារិ៍​ទី​៦ ខែ​មីនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង “​ទិវា​វប្បធម៌​ជាតិ ៣​មីនា​” លើក​ទី​២០ ក្រោម​ប្រធានបទ “ យុវជន ដើម្បី​វប្បធម៌​ជាតិ ” និង ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស រួម​ទាំង​ពិធី​សំណេះសំណាល​ជាមួយ​សិល្បករ សិល្បការិនី ប្រមាណ​ជិត​៤​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អបអរសាទរ និង​កោតសរសើរ​ចំពោះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​បាន​រៀបចំ​អោយមាន​កម្មវិធី​នេះ​ឡើង ដើម្បី​អភិរក្ស និង​ថែរក្សា​សិល្បៈ និង​បំផុស​សេចក្តីស្រឡាញ់​វប្បធម៌​ជាតិ​។ នៅក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​បន្ត​ជួបជុំ​ប្រចាំឆ្នាំ​ជា​មួយ​សិល្បករ និង​សិល្បការ​នី ផងដែ​។​

​ទិវា​វប្បធម៌​ជាតិ​៣​មីនា ជា​ទិវា​ដ៏​សំខាន់​មួយ​របស់​ប្រទេសជាតិ ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​រៀបចំ​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ​ដើម្បី​រំ​ឮ​ក​ដល់​គុណូបការៈ និង​ស្នាដៃ​ដ៏​វិសេសវិសាល​នៃ​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់ទុក​នូវ​កេរ្តិ៍មរតក​វប្បធម៌​ដែល​មាន​តម្លៃ​មហាសាល​មិន​អាច​កាត់ថ្លៃ​បាន​ដល់​កូនចៅ​ជំនាន់​ក្រោយ​។ ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​នេះ ក៏​ជា​ការជំរុញ និង​ផ្សព្វផ្សាយ ផ្ទេរ​ចំណេះដឹង ចំណេះធ្វើ ជំនាញ​បច្ចេកទេស ហើយ​និង​ទេពកោសល្យ​វប្បធម៌ ក៏​ដូច​ជា​ការ​ក្រើន​រំ​ឮ​ក បំផុសស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​ប្រទេសជាតិ​ព្រមទាំង​ដើម្បី​ប្រែក្លាយ ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​ជា​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្តល់​នូវ​អនុសាសន៍​សំខាន់ៗ​មួយចំនួន​ក្នុង​កិច្ចការពារ​ថែរក្សា អភិរក្ស ស​ម្ប​តិ្ត​វប្បធម៌​ជាតិ ដែល​ក្នុងនោះ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ និង​គិតគូរ​អោយបាន​ត្រឹមត្រូវ​តាមរយៈ​ការ​ផ្ទេរមរតក​អោយទៅ​អ្នក​បន្តវេន រួមទាំង​អ្នក​ជំនាន់​មុន និង​អ្នកជំនាន់ក្រោយ​ត្រូវ​ធ្វើការ​អោយ​បាន​ស៊ីសង្វាក់​គ្នា​ល្អ​ទាំង​ការផ្ទេរ និង​ការទទួល​សំដៅ​រួមគ្នា​ថែរក្សា​ការពារ​អត្តសញ្ញាណ​វប្បធម៌​ជាតិ​អោយបាន​ស្ថិតស្ថេរ​គង់វង្ស​។ ត្រូវ​ចូលរួម​អភិរក្ស​ដើម្បី​អភិវឌ្ឍន៍ ពោល​គឺ​រក្សា​ចាស់ បង្កើត​ថ្មី ប៉ុន្តែ​ថ្មី​ត្រូវ​មាន​ជា​អត្តសញ្ញាណ​ច្បាស់លាស់​របស់​ជាតិ​។ ត្រូវ​ចេះ​ឆ្នៃប្រឌិត​បង្កើត​ថ្មី​ក្នុង​ទម្រង់​រចនាបទ​ថ្មី​របស់​ខ្មែរ​។ ហេតុ​នេះ​ត្រូវ​ខិតខំ​បណ្តុះ​គ្រាប់ពូជ​នេះ​អោយបាន​រីក​សាយភាយ​អោយបាន​កាន់តែ​ច្រើនឡើង ជា​ពិសេស​បង្កើត​ស្នាដៃ​ថ្មីៗ ដែល​ជា​ស្នាដៃ​របស់​យើង​ផ្ទាល់ ចៀសវាង​ការលួចចម្លង​ទាំង​ដុល​ពី​បរទេស​ដែល​ជា​ភាពអាម៉ាស់​អាប់ឱន​ដល់​កិត្យានុភាព​ជាតិ​។ ម្យ៉ាងវិញទៀត​បរិស្ថាន​វប្បធម៌​ក្នុង​ចរន្ត​សាកលភាវូបនីយកម្ម​ក្នុង​សម័យ​បច្ចុប្បន្ន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×