Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា តម្រូវឲ្យក្រុមហ៊ុន KrisEnergy បង្ហាញហេតុផលច្បាស់លាស់ ពីផលិតកម្មរបស់ខ្លួន ដែលអះអាងថាកំពុងប្រឈមនឹងហានិភ័យ

ភ្នំពេញ៖ ក្រុមហ៊ុន KrisEnergy ដែលកំពុងធ្វើអាជីវកម្មទាញយកធនធានប្រេងកាត នៅក្នុងដែនសមុទ្រកម្ពុជា នៃតំបន់អប្សរា ក្នុងប្លុក A តម្រូវឲ្យបង្ហាញពីរបាយការណ៍ និងហេតុផលច្បាស់លាស់អំពីផលិតកម្មរបស់ខ្លួន ដែលអះអាងថា កំពុងប្រឈមនឹងហានិភ័យ ដោយមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកវិស័យប្រេងកាតរបស់កម្ពុជា បានលើកឡើងថា បើមិនដូច្នេះទេក្រុមហ៊ុននេះ អាចនឹងរងការផាកពិន័យ ឬលុបកិច្ចព្រមព្រៀង។

ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កម្ពុជារំពឹងថា នឹងមានការពន្យល់ពីក្រុមហ៊ុនជាលាយលក្ខអក្សរ ដើម្បីឯកភាពគ្នា នៅចុងខែឧសភានេះ បើពុំដូច្នោះទេ គឺអាចឈានទៅដល់ការប្តឹងផ្តល់គ្នានៅតុលាការ។

ក្រុមហ៊ុន KrisEnergy បានចាប់ផ្តើមធ្វើប្រតិបត្តិការទាញយកប្រេងពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា កាលពីថ្ងៃទី ២៩ខែធ្នូ ឆ្នាំ ២០២០។ ក្រុមហ៊ុន ដែលបានចុះបញ្ជីនៅក្នុងប្រទេសសិង្ហបុរីមួយនេះ បានលើកឡើងថា ការទាញយកប្រេងរបស់ខ្លួនកំពុងប្រឈមនឹងហានិភ័យ។ ក្រុមហ៊ុន KrisEnergy បានបង្ហាញកាលពីសប្តាហ៍មុនថា ផលិតកម្មប្រេងនៅតំបន់សម្បទានក្នុងដែនសមុទ្រកម្ពុជា ដែលត្រូវបានគេស្គាល់ថា ជាអណ្តូងប្រេងអប្សរា គឺទាបជាងការព្យាករណ៍ ដែលធ្វើឱ្យមានភាពមិនប្រាកដប្រជា ថាតើក្រុមហ៊ុនអាចបញ្ចប់ការរៀបចំរចនាសម្ព័ន្ធទាញយកប្រេង តាមការគ្រោងទុកឬយ៉ាងណា។

ផលិតកម្មប្រេងជាមធ្យម ចន្លោះពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែមីនា ទទួលបានប្រេងជាមធ្យមចំនួន ២៨៨៣បារ៉ែល ក្នុងមួយថ្ងៃ ដែលជាចំនួនទាបជាងការព្យាករណ៍ ដែលអាចផលិតបានខ្ពស់បំផុតចំនួន ៣៥៤៣បារ៉ែល ដែលជាទិសដៅមួយមិនទាន់អាចសម្រេចបានឡើយ។

គួរបញ្ជាក់ថា បើយោងតាមក្រសួងរ៉ែ និងថាមពល បរិមាណសក្តានុពលធនធានប្រេងកាតដែលត្រូវបានសិក្សារកឃើញ និងរំពឹងទុក គម្រោងប្រេងកាតប្លុក A សម្រាប់ដំណាក់កាលដំបូង 1A និង 1B ត្រូវបានប៉ាន់ស្មានថា អាចមានលើសពី ៣០លានបារ៉ែល ដែលមានរយៈពេលផលិតកម្ម ៩ឆ្នាំ ហើយអាចមានលទ្ធភាពពាណិជ្ជកម្មគ្រប់គ្រាន់ ដើម្បីជំរុញកម្ពុជាឲ្យក្លាយជាប្រទេសផលិតប្រេងឆៅនាពេលខាងមុខ៕រក្សាសិទ្ធិដោយ៖CEN

×