Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត​សុខ ទូច ៖ មនុស្ស​ភាគច្រើន​ថា ជំងឺ​កូ​វីដ​-១៩​សាហាវ ប៉ុន្តែ​អ្វីដែល​សាហាវ​ជាង​កូ​វីដ​-១៩​នោះ គឺ​«​មនុស្ស​»

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​រាជបណ្ឌិត្យសភាកម្ពុជា អះអាងថា មនុស្ស​ភាគច្រើន​ថា ជំងឺ​កូ​វីដ​-១៩​សាហាវ ប៉ុន្តែ​អ្វីដែល​សាហាវ​ជាង​កូ​វីដ​-១៩​នោះ គឺ​«​មនុស្ស​» ពីព្រោះ​មនុស្ស​ស៊ី​ទាំង​សួត​ប្រមាត់ ថ្លើម ឈាម ដោយ​ស៊ី​ទាំង​ខ្លាំង​ទាំង​ខ្សោយ ហើយ​ស៊ី​បំបាត់​ជម្រក​របស់គេ​ថែមទៀត​។​

​លោក​បណ្ឌិត​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា​សា​រលើ​ហ្វេ​ស​នាពេល​ថ្មីៗ​នឹះ​ថា មនុស្ស​ភាគច្រើន​ថា កូ​វីដ​សាហាវ តែ​កូ​វីដ​ស៊ី​សួត និង​សម្លាប់​តែ​អ្នកខ្សោយ​ប៉ុណ្ណោះ វា​មិន​សម្លាប់​អ្នកខ្លាំង​នោះទេ ដោយ​គេ​ប្រើតែ​ម៉ាស សាប៊ូ អាល់កុល ឬ​ជែ​ល និង​រក្សា​គម្លាត​សុវត្ថិភាព គេ​អាច​ការពារ និង​យកឈ្នះ​លើ​វា​បាន​ទៅហើយ ប៉ុន្តែ​មនុស្ស​សាហាវ​ជាង​កូ​វីដ​ឆ្ងាយ​ណាស់ មនុស្ស​ស៊ី​ទាំង​សួត ប្រមាត់ ថ្លើម ហើយ​និង​ឈាម​គេ ស៊ី​ទាំង​ខ្លាំង ស៊ី​ទាំង​ខ្សោយ ស៊ី​គេ​ហើយ បំបាត់​ជម្រក​គេ​ទៀត​។​

​ឧទាហរណ៍​មនុស្ស​ស៊ី​ត្រី លុប​បឹង លុប​សមុទ្រ មនុស្ស​ស៊ីសាច់​សត្វព្រៃ​ដូចជា ឈ្លូស ប្រើស ហើយ​កាប់​ព្រៃ​បំផ្លាញ​ជម្រក​របស់គេ​ទៀត តើ​នេះ​មិន​សាហាវ​ទេ​? មនុស្ស​បាន​រុករាន​ទៅដល់​ក្រោម​ដី​ដើម្បី​យក​ហ្គាស យក​ធ្យូងថ្ម​មក​ប្រើ ដែល​ធ្វើឱ្យ​ផែនដី​មានការ​ប្រែប្រួល​អាកាសធាតុ បញ្ចេញ​ជាតិពុល​តាមរយៈ​ឧស្ម័ន​កាបូ​និ​ច និង​ឧស្ម័ន​ពុល​ដទៃទៀត​តាមរយៈ​ចំហេះ​ពី​រោងចក្រ ក៏ដូចជា​គ្រឿង​ម៉ាស៊ីន​ជាច្រើន​។ មនុស្ស​សម្លាប់​មនុស្ស រហូតដល់​សម្លាប់​ជាតិ​សាសន៍​ខ្លួនឯង ដោយ​គ្រាន់តែ​ទំនាស់​ផលប្រយោជន៍ ឬ​មនោគមន៍វិជ្ជា​។​

​លោក​ថា ហេតុនេះហើយ មនុស្ស​សាហាវ​ជាង​កូ​វីដ​រាប់ពាន់​ដង ដូច្នេះ​មនុស្ស​ក៏​អាច​ទប់ស្កាត់​កូ​វីដ​បាន​នាពេលខាងមុខ​បាន តាមរយៈ​ការពាក់​ម៉ាស លាងដៃ​ដោយ​សាប៊ូ អាល់កុល ឬ​ជែ​ល រស់នៅ​ដោយ​រក្សា​គម្លាត​ក្នុងសង្គម និង​ចុងក្រោយ​គឺ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នោះ​យើង​នឹង​អាច​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​បាន​ដោយ​ងាយ ប៉ុន្តែ​សកម្មភាព​ដែល​មនុស្ស​បាន​ប្រព្រឹត្ត​ខាងលើ មិន​ងាយ​នឹង​បញ្ចប់​នោះឡើយ​។​

​ក្រោយពី​ទទួល​ការចាក់​វ៉ាក់សាំង​ហើយ ត្រូវ​ទទួល​វេជ្ជបញ្ជា​ពី​លោកគ្រូ​ពេទ្យ​មិន​ឲ្យ​ធ្វើ​កិច្ចការ​ធ្ងន់​ក្នុង​រយៈពេល​មួយអាទិត្យ មិន​ទទួលទាន​គ្រឿង​ស្រវឹង មិន​ទទួលទាន​កាហ្វេ មិន​ឲ្យ​ងូតទឹក​មួយថ្ងៃ​ទៀត​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×