Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ ហ៊ុន សែន ចេញ​សារលិខិត​ជូន​ជនរួមជាតិ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​

​ភ្នំពេញ ៖ សារលិខិត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើជូន​ជនរួមជាតិ​កម្ពុជា ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។​រាជរដ្ឋាភិបាល​សូម​អំពាវនាវ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ផ្តល់នូវ​ការគាំទ្រ​និង​ចូលរួម​អនុវត្ត​ដោយ​សកម្ម​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ជោគវាសនា​របស់ ប្រទេសជាតិ ដោយ​ឈរលើ​គោលការណ៍​តម្កល់​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន​ជាធំ ដើម្បី​ជម្នះ​បាន​នូវ បញ្ហា​ប្រឈម​ហានិភ័យ និង​ឧបសគ្គ​ទាំងឡាយ សំដៅ​បន្ត​ដឹកនាំ​នាវា​កម្ពុជា​រក្សា​ការពារ​បាន​សុខសន្តិភាព យូរអង្វែង មាន​វឌ្ឍនភាព វិបុលភាព និង​យុត្តិធម៌​សង្គម​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សូម​ចូលរួម​អបអរសាទរ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល ប្រព្រឹត្តទៅ​នា​ថ្ងៃ​ពុធ ៣​កើត ថ្ងៃ​ព្រហស្បតិ៍ ៤​កើត និង​ថ្ងៃ​សុក្រ ៥​កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ទី ១៥ និង​ទី​១៦ ខែមេសា ឆ្នាំ​២០២១ ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ដែល កំពុង​រស់នៅក្នុង​និង​ក្រៅប្រទេស ប្រកបដោយ ក្តី​សោមនស្ស​រីករាយ សិរី​សួស្តី និង​ជ័យ​មង្គល​ដ៏​ឧត្តុង្គឧត្តម​ក្នុង​ក្រុមគ្រួសារ​និង​សង្គមជាតិ​ទាំងមូល​។ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ឆ្នាំនេះ ជា​ឆ្នាំ​ពាក់កណ្តាល​អាណត្តិ របស់​រាជរដ្ឋាភិបាល​ដែល​បាន​ខិតខំ​បន្ត​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល ទី​៤ សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ដែល​បាន​ដាក់ចេញ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ សម្រេចបាន​សមិទ្ធផល ធំៗ​ថ្មីៗ​យ៉ាងច្រើន​ប្រកបដោយ​មោទនភាព​។​

​រាជរដ្ឋាភិបាល នីតិកាល ទី​៦​នៃ​រដ្ឋសភា ដែល​បានប្រសូត​ចេញពី​ការបោះឆ្នោត​ប្រកបដោយ​ភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស និង​បានទទួល ការគាំទ្រ​និង​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើសលប់ កំពុង​បន្ត​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ជា​ប្រវត្តិសាស្ត្រ របស់ខ្លួន​ជាមួយនឹង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ឥត​រាថយ​និង​កាន់តែ​ស្វាហាប់​ក្នុងការ​បម្រើប្រជាជន ក៏ដូចជា ក្នុងការ​បង្កើនល្បឿន​នៃ​ការអនុវត្ត​ការងារ​កែទម្រង់​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​សកម្ម ស៊ីជម្រៅ និង​មាន​ភាព​ប្រាកដនិយម ជាពិសេស​ការអនុវត្ត​អភិក្រម​ទាំង​៥ “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​” និង បាវចនា -​កែទម្រង់​ខាងក្នុង កសាង​មិត្ត​ខាងក្រៅ ដោយ​ឈរលើ​មូលដ្ឋាន​ឯករាជ្យ​”​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ខិតខំ​បន្ត​ពង្រឹងសមត្ថភាព​ផ្ទៃក្នុង​ជាប់​ជាប្រចាំ តាមរយៈ​ការបន្ត​កសាង​និង​ពង្រឹងសមត្ថភាព​ស្ថាប័ន​ឱ្យ​ខ្លាំង ជាង​មុន ដើម្បី​ធ្វើឱ្យ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​របស់​កម្ពុជា​អាច​គ្រប់គ្រង​និង​ដោះស្រាយ​បញ្ហា​សង្គម​និង សេដ្ឋកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​និង​សក្តិ​សិទ្ធិ​ភាព​។​

​ឆ្នាំ​ចាស់ ឆ្នាំជូត ទោស័ក ព .​ស .២៥៦៤ បាន​កន្លងផុតទៅ ដោយ​ផ្លាស់​ជំនួស​វិញ​នូវ​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ រាជរដ្ឋាភិបាល​បន្តក​សាង​ប្រទេសជាតិ​ឱ្យមាន​វឌ្ឍនភាព​លើ​គ្រប់​វិស័យ និង​ការពារ​ដាច់ខាត នូវ​ឯករាជ្យ​ជាតិ សន្តិភាព អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ការពារ​សមិទ្ធ​ផលស​ង្គ​ម​ជាតិ ទប់ស្កាត់​ការ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌ ឬ​ការ​ញុះញង់​ណាមួយ​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​និង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ បង្កឱ្យមាន​អស្ថិរភាព នយោបាយ​ឬ​ចលាចល​ក្នុង​សង្គមជាតិ​កម្ពុជា​។ ជា​លទ្ធផល កម្ពុជា​រក្សាបាន​នូវ​សុខសន្តិភាព ឯករាជ្យ​ជាតិ និង​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់ខ្លួន ព្រមទាំង​បញ្ចៀស​បាន​នូវ​គ្រោះមហន្តរាយ​សម្រាប់​ប្រជាជន កម្ពុជា ដែល​កំពុង​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​និង​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ​។​

​ក្នុង​ឆ្នាំ​២០២០​កន្លងទៅ និង​រហូតមកដល់​ជិត​ពាក់កណ្តាល​ឆ្នាំ​២០២១​នេះ កម្ពុជា​ក៏​ដូច​បណ្តា ប្រទេស​នៅលើ​ពិភពលោក​បាននិងកំពុង​ទទួលរង​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ពី​ជំងឺ​កូ​វីដ​-១៩ មកលើ​បញ្ហា សុខភាព សង្គម សេដ្ឋកិច្ច ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន ហើយ​ថែមទាំង​អាច​បន្ទច់បង្អាក់​ដល់​កិច្ច ដំណើរការ​អភិវឌ្ឍន៍​ឈានឡើង​របស់​កម្ពុជា​ផងដែរ​។ តាម​ការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជា​មានកំ​ណើ​ន អវិជ្ជមាន​ប្រមាណ​ជាង​-៣%​។ កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ប្រកបដោយ​ភាព​ប្រុង ប្រយ័ត្ន​និង​ធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព ហើយ​បាន​ជំរុញ​និង​លើកកម្ពស់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការប្រកួត ប្រជែង ព្រមទាំង​ការផលិត​និង​ការប្រើប្រាស់​ក្នុងស្រុក​។ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​មាន​ប្រមាណ​ជាង ៣៦ ៤០៨​លាន​ដុល្លារ​អាម៉េរិក ចំណែកឯ​ការនាំចេញ​មាន​ប្រមាណ​ជាង​១៧ ៤៣៦​លាន​ដុល្លារ​អាមេរិក​។ អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព អត្រា​អតិផរណា​ស្ថិតក្នុង​កម្រិត​ទាប​និង​អាច​គ្រប់គ្រង​បាន ទុនបម្រុង​អន្តរជាតិ បន្ត​កើនឡើង​២១,៣​ប៊ី​លាន​ដុល្លារ​អាម៉េរិក​។ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​កែទម្រង់​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ឱ្យមក​បោះទុន​នៅ​កម្ពុជា​កាន់តែច្រើន ខណៈដែល​យើង​បានរៀបចំ​ការសម្រួល​ពាណិជ្ជកម្ម ពង្រឹង​ភាព​ប្រកួតប្រជែង​ជូន​វិនិយោគិន​នៅ​កម្ពុជា ក្រោម​ដំបូល​សន្តិភាព លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ដោយ​មិនមាន​ការរើសអើង​។​

​ផលិតផល​ក្នុងស្រុក​សរុប​(​ផ​.​ស​.​ស​.) ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ពី​១ ៦៧៩​ដុល្លារ​អាមេរិក ក្នុង ឆ្នាំ​២០១៩ ដល់​ប្រមាណ​១ ៦៨៣​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២០​។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បាន​រៀបចំ ប្រាក់ចំណូល​ជូន​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ ឱ្យទទួល​បាន​នូវ​ប្រាក់បៀវត្ស​អប្បបរមា កើន​ដល់ កម្រិត​ជាង​១​លាន​១៧​ម៉ឺន​រៀល ហើយ​ការបើក​បៀវត្ស​បាន​អនុវត្ត​ទាន់ពេលវេលា​គឺ​បើក​២​ដង​ក្នុង​មួយខែ តាម​ប្រព័ន្ធ​ធនាគារ​។​

​ក្នុង​ឆ្នាំ​កន្លងទៅ រាជរដ្ឋាភិបាល​សម្រេច​បានការ​ងារ​ធំៗ​ជាច្រើន​វិស័យ ក្នុងនោះ​ការកសាង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន ត្រូវបាន​បន្ត​អនុវត្ត​ជាប់ ជាប្រចាំ ស្របតាម​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​និង​ការធ្វើដំណើរ​របស់​ប្រជាជន​។ រហូតមកដល់​បច្ចុប្បន្ន សមិទ្ធផល​ជា ច្រើន​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេចបាន ក្នុងនោះ​មាន​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវលំ ជនបទ ស្ពាន​ឆ្លងកាត់​ទន្លេ ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​។​ល​។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០២០ កន្លងទៅ រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យ​ដំណើរការ​មាន ជាអាទិ៍ ផ្លូវជាតិ​លេខ​១១ មាន​ប្រវែង​៩៦,៤៨​គ . ម . ការលើក​កម្រិត និង​ថែទាំ​ផ្លូវជាតិ​លេខ​១ មាន​ប្រវែង​៩៥,៧០​គ​.​ម​. ការលើក​កម្រិត​និង​ថែទាំ​ផ្លូវជាតិ​លេខ​៦ មាន​ប្រវែង​៤៩,៨៨​គ​. និង​ផ្លូវ​៣៤​ខ្សែ មាន​ប្រវែង​៨២,១៤៥​គ​.​ម ម​. . នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ ថ្មីៗ​នេះ បានដាក់​ឱ្យ ដំណើរការ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​(​ស្ទឹងត្រង់​-​ក្រូចឆ្មារ​) មាន​ប្រវែង​១ ១៣១​ម . និង​ការបើក​ការដ្ឋាន​សាងសង់ និង​កែលម្អ​ផ្លូវ​៣៨​ខ្សែ មាន​ប្រវែង​១០៨,៧៤​គ​.​ម​. នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។ រីឯ​ផ្លូវ​ជនបទ​ក្រាល កៅស៊ូ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​បាន​ស្ថាបនា​រួចរាល់​១០០% មាន ជាអាទិ៍ (១) ផ្លូវ ៩​ខ្សែ ប្រវែង​១៩៣,៩០ គ​.​ម​. នៅ​ខេត្ត​ត្បូងឃ្មុំ (២) ផ្លូវ​១០​ខ្សែ ប្រវែង​១២៥,៥០​គ​.​ម​. នៅ​ខេត្តពោធិ៍សាត់ (៣) ផ្លូវ​៨​ខ្សែ ប្រវែង​១០១,២០​គ​.​ម​នៅ​បាត់ដំបង (៤)​ផ្លូវ​៥​ខ្សែ​ប្រវែង​៩០,៧០​គ​.​ម​នៅ​បន្ទាយមានជ័យ និង​(៥) ផ្លូវ​៦​ខ្សែ ប្រវែង​៥០​គ​.​ម​. នៅ​ខេត្តកំពង់ចាម​។​

​ចំពោះ​វិស័យ​ថាមពល​អគ្គិសនី​វិញ នៅ​ឆ្នាំ​២០២០​កន្លងទៅ បរិមាណ​ផ្គត់ផ្គង់​ដោយ​វា​រី​អគ្គិសនី និង​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ដែលជា​ប្រភព​ថាមពល​ផ្ទាល់​របស់​កម្ពុជា​សម្រេច​បាន​ជាង​៨ ៥១២​លាន គីឡូវ៉ាត់ម៉ោង បើ​ធៀប​នឹង​ឆ្នាំមុន ដែលមាន​ជាង​៨ ៦៧៥​លាន​គីឡូវ៉ាត់ម៉ោង ថយចុះ​១,៨៧%​។ ការ ត​ភ្ជាប់ ខ្សែបណ្តាញ​ចរន្ត​ឱ្យដល់​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ថាមពល​អគ្គិសនី​រហូត​មកដល់​ឆ្នាំ​២០២០​នេះ ចំពោះ​គេហដ្ឋាន​ប្រជាពលរដ្ឋ សុទ្ធសាធ​បាន កើន​ដល់​ប្រមាណ​២,៩ ១​លាន​ខ្នង​ផ្ទះ ត្រូវជា​ប្រមាណ ៨១,០៦% នៃ​ចំនួន​ផ្ទះ​សរុប​ប្រមាណ​៣,៥៩​លាន​ខ្នង​ផ្ទះ និង​គ្របដណ្តប់​ដល់​ភូមិ​ប្រមាណ​៩៧,៣៩% នៃ ចំនួន​ភូមិ​សរុប ១៤ ៤៩៨​ភូមិ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ឆ្នាំជូត ទោស័ក ព .​ស​.២៥៦៤ កន្លងទៅនេះ ដោយសារ​អាកាសធាតុ​មាន​លក្ខណៈ​អំណោយផល ល្អ​សម្រាប់​ការបង្កបង្កើន​ផលដំណាំ​ស្រូវ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើឱ្យ​បរិមាណ​ផលិតផល ស្រូវ​រដូវវស្សា​និង​ស្រូវ​រដូវប្រាំង​សម្រេចបាន​ប្រមាណ​ជាង​១០,៩៣​លាន​តោន គឺ​ប្រហាក់ប្រហែល​នឹង ឆ្នាំ​២០១៩ ដែល​តាម​ការប៉ាន់ស្មាន យើង​មាន​អតិរេក​ស្រូវ​ជាង​៥,៩២​លាន​តោន គិត​ជា​អង្ករ​ស្មើនឹង​៣,៧៩ លាន​តោន សម្រាប់​បម្រើឱ្យ​ការនាំចេញ​។ រីឯ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​បរទេស​បាន​ជាង​៦៩​ម៉ឺន​តោន ទៅ កាន់​ទិសដៅ ៦០​ប្រទេស​។​

​រហូតមកដល់​បច្ចុប្បន្ន ទោះបី​ព្រះរាជាណាចក្រ​កម្ពុជា​បាននិងកំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជំងឺឆ្លង​កូ​វីដ​-១៩​ក្តី ក៏​វិស័យ​ឧស្សាហកម្ម​និង​សិប្ប​កម្មបាន​រីកលូតលាស់​ជា​បន្តបន្ទាប់ ។ រោងចក្រ​សរុប​មាន​ចំនួន ជាង​១ ៨៦៤​រោងចក្រ ដែល​ភាគច្រើន​ជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​មាន​ឧស្សាហកម្ម ធុន​តូច មធ្យម និង​សិប្បកម្ម​ជាង​៤៣ ០៨២​មូលដ្ឋាន ហើយ​ដែល​បាន​ស្រូប​កម្លាំង​ពលករ​សរុប​ប្រមាណ ជាង​១,៥​លាន​នាក់​។ ចំពោះ​កម្មករ និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​ដែល​ព្យួរ ការងារ​កំពុង​ទទួល​បាន​នូវ​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​៤០​ដុល្លារ​អាមេរិក ក្នុង​មួយខែ ដើម្បី​ជួយ​ធ្វើឱ្យ បងប្អូន​មាន​លំនឹង​ជីវិត​និង​អាច​លើកកម្ពស់​ជំនាញ និង​បង្កើន​ផលិតភាព​ការងារ​របស់ខ្លួន​តាម​រយៈ​ការ បណ្តុះបណ្តាល​ជំនាញ​រយៈពេល​ខ្លី​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏​នៅតែ​បន្ត​ដំណើរការ​រាល់​កម្មវិធី​ជំនួយ សង្គម​និង​គាំពារ​សង្គម​ទាំងឡាយ​ដែលមាន​ស្រាប់​មិនឱ្យ​មានការ​ខកខាន​នៅក្នុង​អំឡុងពេល​មាន​ជំងឺ​កូ​វីដ​១៩​ទេ ដូចជា​ការឧបត្ថម្ភ​សាច់ប្រាក់​ពេល​សម្រាលកូន​សម្រាប់​កម្ម​ករ និយោជិត​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ និង​ការ ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ​ជាដើម​។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​ក៏​បាននិងកំពុង​ជួយ​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​បរទេស​មាន​ប្រមាណ​ជាង​២​ម៉ឺន​នាក់ មាន ជាអាទិ៍ ប្រទេស​ថៃ សាធារណរដ្ឋ​កូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហ​បុរី និង​ហុងកុង ក្នុងការ​ធានា​នូវ​ផលប្រយោជន៍ ស្របច្បាប់​និង​មុខជំនាញ​បច្ចេកទេស​។​

​វិស័យ​សំណង់​បាននិងកំពុង​រីកលូតលាស់ ដោយមាន​អគារ​ខ្ពស់ៗ​ប្រមាណ​ជាង​២ ១៨០​អគារ ចាប់ ពី​៥​ជាន់ ទៅ​៤០​ជាន់ឡើង ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។​

​ភ្ញៀវទេសចរ​អន្តរជាតិ​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចំនួន​ប្រមាណ​១,៣១​លាន​នាក់ ថយចុះ ប្រមាណ​៨០,២០% និង​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​ប្រមាណ​៧,២៣​លាន​នាក់ ថយចុះ​ប្រមាណ​៣៦,១០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។ ចំណូល ពី​វិស័យ​ទេសចរណ៍​បាន​ប្រមាណ​១,០២៣​លាន​ដុល្លារ​អាមេរិក ថយចុះ ៧៩,២០% ហើយ​ចំណូល​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ទទួលបាន​ប្រមាណ​ជាង​១៨​លាន ដុល្លារ​អាម៉េរិក និង​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចូល​ទស្សនា​ប្រមាណ​ជាង​៤០​ម៉ឺន​នាក់​។​

​ចំពោះ​ការងារ​ការបរទេស​វិញ រាជរដ្ឋាភិបាល​បាន​ខិតខំ​បំពេញបេសកកម្ម​ការទូត​នៅលើ​ឆាក​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​រលើ​គ្រប់​វិស័យ ដោយ​ទទួលបាន​នូវ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ជាអាទិ៍ កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិ​សស​និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ស្ដីពី​កូ​វីដ​-១៩ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក ទី​៣៦ ក្រោម​មូលបទ​“​ភាព​ស្អិតរ​មួ​ត​និង​ការឆ្លើយតប​• កិច្ចប្រជុំ​កំពូល​មេគង្គ -​ឡាន​ឆាង​លើក​ទី​៣ ក្រោម មូលបទ – ពង្រឹង​ភាពជា​ដៃគូ​និង​វិបុលភាព​រួម និង​ពិព័រណ៍​អាស៊ាន​ចិន​លើក​ទី​១៧ ក្រោម​មូលបទ “​រួមគ្នា កសាង​ខ្សែក្រវាត់​និង​ផ្លូវ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល​” តាមរយៈ​ប្រព័ន្ធ​បញ្ជូន​រូបភាព​និង សំឡេង​(Video Conference)​និង​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០ ក្រោម​ប្រធានបទ​- សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​មនុស្ស​” នៅ​សាធារណរដ្ឋ​កូរ៉េ និង​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​គិត​ចាប់តាំងពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០២០ គឺជា​ឆ្នាំ​ទី​១៤ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជូន កម្លាំង​កងយោធពល​ខេមរភូមិន្ទ​ទៅ​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​របស់​អង្គការ សហប្រជាជាតិ​សរុប​៧ ១២៣​នាក់​(​ស្រី​៤១៩​នាក់​) មាន​ជាអាទិ៍ សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង សាធារណរដ្ឋ ស៊ូដង់ សាធារណរដ្ឋ​លី​បង់ សាធារណរដ្ឋ​ឆាដ សាធារណរដ្ឋ​ស៊ី​ប សាធារណរដ្ឋ​ស៊ី​រី សាធារណរដ្ឋ​ម៉ាលី សាធារណរដ្ឋ​យេ​ម៉ែន និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​បាននិងកំពុង​ទទួលរង​ផលប៉ះពាល់​សាកល​ពី​ជំងឺ​កូ​វីដ​-១៩ ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​កំពុងមាន​សភាព​ធ្ងន់ធ្ងរ​កាច​សាហាវ​និង​មិនទាន់មាន សញ្ញា​ថមថយ​ឡើយ​។ ក្នុង​រយៈពេល​នេះដែរ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​វិធានការ​និង​គ្រប់គ្រង​បាន​នូវ សភាពការណ៍​នៃ​ការឆ្លង​រាលដាល​នៃ​ជំ​ង​កូ​វីដ​-១៩ ជាពិសេស​ព្រឹត្តិការណ៍​៣​វិច្ឆិកា ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ឆ្នាំ​២០២០ និង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ឆ្នាំ​២០២១ ហើយក៏​កំពុង​បន្ត​ដាក់ចេញ​នូវ​វិធានការ ថ្មីៗ​ជាក់ស្តែង​បន្តទៀត ដើម្បី​គ្រប់គ្រង​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​បន្ថែមទៀត​។​

​ទោះបី​កម្ពុ​ជាមាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដូច​ប្រទេស​នានា​ក្នុង​តំបន់​និង​លើ​ពិភពលោក ប៉ុន្តែ​កម្ពុជា ទទួលបាន​ការកោតសរសើ​រ​ពី​អង្គការ​សុខភាព​ពិភពលោក​និង​ប្រទេស​ដទៃ ជាច្រើន​ថា​បាន​ទប់ស្កាត់​និង​ឆ្លើយតប បាន​យ៉ាង​ល្អ ទាន់ពេលវេលា ចំពោះ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។ រាជរដ្ឋាភិបាល​នៅតែ​បន្ត​ចាត់វិធានការ ដោយ​យកចិត្តទុកដាក់​បំផុត​ក្នុងការ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ឱ្យបាន​ទាន់ពេលវេលា ការចាក់​វ៉ាក់សាំង ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន​ដែល​ងាយ​រង​ហានិភ័យ​ពី​ការឆ្លង ជំងឺ​នេះ​ដោយ​ស្ម័គ្រចិត្ត​និង​មិន​គិតថ្លៃ ជាពិសេស វិធានការ ការពារ និង​៣​កុំ ព្រមទាំង​វិធានការ​នានា​ស្របតាម ច្បាប់​ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​។​

​ជាមួយគ្នានេះ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី​នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ និង​សប្បុរសជន បាន​ចូលរួម​វិភាគទាន​ជា​ប្រាក់​ឬ​ប្រាក់បៀវត្ស​ដោយ​ស្ម័គ្រចិត្ត​ជូន មូលនិធិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ បាន​សរុប​ប្រមាណ​ជាង​៥៧​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ទិញ​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ -១៩ ចាក់​ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ​។ ការបរិច្ចាគ​ក្នុង​ការជួយ​រាជរដ្ឋាភិបាល​ទិញ​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​-១៩ បាន​ក្លាយជា​ចលនា​ជាតិ “​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន និង​បាន​ឆ្លុះបញ្ចាំង​ឱ្យ ឃើញ​ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ​យ៉ាងរឹងមាំ​របស់​ប្រជាជន​កម្ពុជា​។ រាជរដ្ឋាភិបាល​មាន​ជំនឿ​យ៉ាង មុតមាំ​ថា ព្រះរាជាណាចក្រ​កម្ពុជា​យើង​នឹង​ឆ្លង​ផុត​ដំណាក់កាល ដ៏​លំបាក​នេះ នាពេល​ឆាប់ៗ​ខាងមុខ​។

​រាល់​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​កន្លងទៅនេះ គឺ​អាស្រ័យ​ដោយមាន​ការដឹកនាំ​ខាង នយោបាយ​ត្រឹមត្រូវ ប្រកបដោយ​ឆន្ទៈ​មោះមុត មានការ​ចូលរួម​គាំទ្រ​ពី​សមាជិក សមាជិកា​នៃ​ស្ថាប័ន នីតិប្បញ្ញត្តិ សមាជិក សមាជិកា​រាជរដ្ឋាភិបាល មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់ ប្រភេទ កម្មករ កសិករ និយោជិត ធុរជន វិនិយោគិន យុវជន យុវនារី លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និស្សិត សិស្សានុសិស្ស និង​ប្រជាជន​ទូទាំងប្រទេស ព្រម​ជាមួយនឹង​ការជួយឧបត្ថម្ភ​គាំទ្រ​ដោយ​ចិត្ត​ស្មោះសរ​ពី​បណ្តា ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍ​និង​សហគមន៍​អន្តរជាតិ សំដៅ​ឈានទៅ​សម្រេចបាន​នូវ​បំណងប្រាថ្នា​រយៈពេល វែង​របស់​ប្រជាជន​កម្ពុជា ដែល​ចង់ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​មោទនភាព​ជាតិ មាន​អនាគត​ដ៏​រុងរឿង​ភ្លឺស្វាង ត្រចះត្រចង់ និង​ជា​រដ្ឋ​អធិបតេយ្យ​មួយ​រឹងមាំ​ដែល​គោរព​ខ្ជាប់ខ្ជួន នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ និង​មាន​សន្តិភាព​ពេញលេញ ព្រមទាំង​មាន​កិត្យានុភាព​ខ្ពស់ត្រដែត​លើ​ឆាក​អន្តរជាតិ​។​

​សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ត្រី​ស័ក ព .​ស​.២៥៦៥ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្ដេជ្ញាចិត្ត​យ៉ាង មោះមុត ដើម្បី​ធានា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ ឯកភាព​ជាតិ ឯករាជ្យ អធិបតេយ្យ​ជាតិ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​កាន់តែ​រឹងមាំ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​របបរាជានិយម ស្របតាម​បាវចនា​ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​រាល់​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ទាំងមូល សម្រេចបាន​នាពេល​កន្លងទៅ​។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​នឹង​បន្ត​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​តាម​អភិក្រម “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​” ក្នុងនោះ​មានការ​ពង្រឹង​អភិបាលកិច្ច​ល្អ តាមរយៈ​ការ ពង្រឹង​ស្ថាប័ន​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ការធ្វើកំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ការកែទម្រង់ រដ្ឋបាល​សាធារណៈ ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌ និង​ការ ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ ការអភិវឌ្ឍ​ធនធានមនុស្ស ការកែលម្អ​ប្រព័ន្ធ​អប់រំ​ឱ្យ​កាន់​តែមាន​គុណភាព ខ្ពស់ ដោយ​ផ្សារភ្ជាប់​ជាមួយ​សេដ្ឋកិច្ច​ឌីជីថល​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ទីផ្សារការងារ​ទាំង​ក្នុង​និង​ក្រៅ ប្រទេស ការលើកកម្ពស់​ប្រព័ន្ធ​គាំពារ​សង្គម ការលើកកម្ពស់​គុណភាព​សេវា​សុខាភិបាល ការកសាង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​រូបវន្ត​សំណង់ ផ្លូវ ស្ពាន និង​ធារាសាស្ត្រ បង្កើន​ប្រភព​ថាមពល​អគ្គិសនី បន្ត​ពង្រីក​បណ្តាញ​ចែកចាយ ថាមពល​អគ្គិសនី​ឱ្យបាន​គ្របដណ្តប់​នៅ​ទូទាំងប្រទេស ជាពិសេស នៅតាម​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម​ដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និង​កសិកម្ម ឱ្យ​កាន់តែ រីកចម្រើន​ឥតឈប់ឈរ​ថែមទៀត​។ ក្នុងន័យនេះ រាជរដ្ឋាភិបាល​សូម​អំពាវនាវ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ផ្តល់នូវ​ការគាំទ្រ​និង​ចូលរួម​អនុវត្ត​ដោយ​សកម្ម​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ជោគវាសនា​របស់ ប្រទេសជាតិ ដោយ​ឈរលើ​គោលការណ៍​តម្កល់​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន​ជាធំ ដើម្បី​ជម្នះ​បាន​នូវ បញ្ហា​ប្រឈម​ហានិភ័យ និង​ឧបសគ្គ​ទាំងឡាយ សំដៅ​បន្ត​ដឹកនាំ​នាវា​កម្ពុជា​រក្សា​ការពារ​បាន​សុខសន្តិភាព យូរអង្វែង មាន​វឌ្ឍនភាព វិបុលភាព និង​យុត្តិធម៌​សង្គម​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​សូមបញ្ជាក់ ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​នៅ​ឆ្នាំ​ថ្មី​២០២១​នេះ ក្នុងការ​រក្សា​ភាពជា​ម្ចាស់​លើ​ការងារ​ជា​អាទិភាព​ចម្បង​ទាំងពីរ​គឺ ទី​១- ការរក្សា សន្តិភាព​និង​ស្ថិរភាព​នយោបាយ និង​ទី​២- ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យបាន​ល្អប្រសើរ និង​បន្ត​ជំរុញ អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​រាល់​ភារកិច្ច​ដែល​បាន​ដាក់ចេញ ដើម្បី​អភិវឌ្ឍ​ជាតិ​និង​ភាព​សុខក្សេមក្សាន្ត​របស់​ប្រជាជន កម្ពុជា​ចៀស​ផុតពី​ជំងឺឆ្លង​កាច​សាហាវ​កូ​វីដ​-១៩ ដែល​បាននិងកំពុង​យាយី​ដល់​សុខមាលភាព​របស់​ប្រជាជន​។

​ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រី​ស័ក ព .​ស​.២៥៦៥ នេះ ទូលបង្គំជាខ្ញុំ​ក្នុងនាម​រាជរដ្ឋាភិបាល​ព្រមទាំង មន្ត្រីរាជការ កងយោធពល​ខេមរភូមិន្ទ កង​នគរបាលជាតិ និង​បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​លំឱនកាយ វាចា​ចិត្ត គោរព​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី​វត្ថុ​សក្តិ​សិទ្ធិ​ក្នុង​លោក ទេវតា​ឆ្នាំ​ថ្មី ព្រះនាម ម​ណ្ឌា​ទេវី សូម​ប្រោះព្រំ​សព្ទសាធុការពរ បវរ​មហាប្រសើរ ចំពោះ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង សម្តេចព្រះ​មហាក្សត្រី​នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​សូម​ព្រះអង្គ​មាន​ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះកាយពល​មាំមួន ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ដើម្បី​បាន​គង់ប្រថាប់​នៅក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ ជា​ម្លប់ ដ៏​ត្រជាក់​នៃ​ប្រជាជន​ខ្មែរ ជា​កូន ចៅ ចៅទួត ជានិច្ច​និរន្តរ៍​តរៀង​ទៅ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ

×