ភ្នំពេញ ៖ ក្នុងឆ្នាំ២០២០កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២១នេះ កម្ពុជាក៏ដូចបណ្តា ប្រទេសនៅលើពិភពលោកបាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ មកលើបញ្ហា សុខភាព សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ដល់កិច្ច ដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជាផងដែរ។
នេះបើតាមសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាមានកំណើន អវិជ្ជមានប្រមាណជាង-៣%។ កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុង ប្រយ័ត្ននិងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញនិងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការប្រកួត ប្រជែង ព្រមទាំងការផលិតនិងការប្រើប្រាស់ក្នុងស្រុក។
ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង ៣៦ ៤០៨លានដុល្លារអាម៉េរិក ចំណែកឯការនាំចេញមានប្រមាណជាង១៧ ៤៣៦លានដុល្លារអាមេរិក។ អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាបនិងអាចគ្រប់គ្រងបាន ទុនបម្រុងអន្តរជាតិ បន្តកើនឡើង២១,៣ប៊ីលានដុល្លារអាម៉េរិក។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលយើងបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានការរើសអើង។
ផលិតផលក្នុងស្រុកសរុប(ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់ពី១ ៦៧៩ដុល្លារអាមេរិក ក្នុង ឆ្នាំ២០១៩ ដល់ប្រមាណ១ ៦៨៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានរៀបចំ ប្រាក់ចំណូលជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ឱ្យទទួលបាននូវប្រាក់បៀវត្សអប្បបរមា កើនដល់ កម្រិតជាង១លាន១៧ម៉ឺនរៀល ហើយការបើកបៀវត្សបានអនុវត្តទាន់ពេលវេលាគឺបើក២ដងក្នុងមួយខែ តាមប្រព័ន្ធធនាគារ។
ចំពោះវិស័យថាមពលអគ្គិសនីវិញ នៅឆ្នាំ២០២០កន្លងទៅ បរិមាណផ្គត់ផ្គង់ដោយវារីអគ្គិសនី និងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលជាប្រភពថាមពលផ្ទាល់របស់កម្ពុជាសម្រេចបានជាង៨ ៥១២លាន គីឡូវ៉ាត់ម៉ោង បើធៀបនឹងឆ្នាំមុន ដែលមានជាង៨ ៦៧៥លានគីឡូវ៉ាត់ម៉ោង ថយចុះ១,៨៧%។ ការ តភ្ជាប់ ខ្សែបណ្តាញចរន្តឱ្យដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ថាមពលអគ្គិសនីរហូតមកដល់ឆ្នាំ២០២០នេះ ចំពោះគេហដ្ឋានប្រជាពលរដ្ឋ សុទ្ធសាធបាន កើនដល់ប្រមាណ២,៩ ១លានខ្នងផ្ទះ ត្រូវជាប្រមាណ ៨១,០៦% នៃចំនួនផ្ទះសរុបប្រមាណ៣,៥៩លានខ្នងផ្ទះ និងគ្របដណ្តប់ដល់ភូមិប្រមាណ៩៧,៣៩% នៃ ចំនួនភូមិសរុប ១៤ ៤៩៨ភូមិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឆ្នាំជូត ទោស័ក ព .ស.២៥៦៤ កន្លងទៅនេះ ដោយសារអាកាសធាតុមានលក្ខណៈអំណោយផល ល្អសម្រាប់ការបង្កបង្កើនផលដំណាំស្រូវនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យបរិមាណផលិតផល ស្រូវរដូវវស្សានិងស្រូវរដូវប្រាំងសម្រេចបានប្រមាណជាង១០,៩៣លានតោន គឺប្រហាក់ប្រហែលនឹង ឆ្នាំ២០១៩ ដែលតាមការប៉ាន់ស្មាន យើងមានអតិរេកស្រូវជាង៥,៩២លានតោន គិតជាអង្ករស្មើនឹង៣,៧៩ លានតោន សម្រាប់បម្រើឱ្យការនាំចេញ។ រីឯការនាំចេញអង្ករទៅទីផ្សារបរទេសបានជាង៦៩ម៉ឺនតោន ទៅ កាន់ទិសដៅ ៦០ប្រទេស។
រហូតមកដល់បច្ចុប្បន្ន ទោះបីព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺឆ្លងកូវីដ-១៩ក្តី ក៏វិស័យឧស្សាហកម្មនិងសិប្បកម្មបានរីកលូតលាស់ជាបន្តបន្ទាប់ ។ រោងចក្រសរុបមានចំនួន ជាង១ ៨៦៤រោងចក្រ ដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងមានឧស្សាហកម្ម ធុនតូច មធ្យម និងសិប្បកម្មជាង៤៣ ០៨២មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណ ជាង១,៥លាននាក់។ ចំពោះកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងវិស័យទេសចរណ៍ដែលព្យួរ ការងារកំពុងទទួលបាននូវប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល៤០ដុល្លារអាមេរិក ក្នុងមួយខែ ដើម្បីជួយធ្វើឱ្យ បងប្អូនមានលំនឹងជីវិតនិងអាចលើកកម្ពស់ជំនាញ និងបង្កើនផលិតភាពការងាររបស់ខ្លួនតាមរយៈការ បណ្តុះបណ្តាលជំនាញរយៈពេលខ្លី។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏នៅតែបន្តដំណើរការរាល់កម្មវិធីជំនួយ សង្គមនិងគាំពារសង្គមទាំងឡាយដែលមានស្រាប់មិនឱ្យមានការខកខាននៅក្នុងអំឡុងពេលមានជំងឺកូវីដ១៩ទេ ដូចជាការឧបត្ថម្ភសាច់ប្រាក់ពេលសម្រាលកូនសម្រាប់កម្មករ និយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ និងការ ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រជាដើម។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយពលករកម្ពុជាដែលធ្វើការនៅបរទេសមានប្រមាណជាង២ម៉ឺននាក់ មាន ជាអាទិ៍ ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និងហុងកុង ក្នុងការធានានូវផលប្រយោជន៍ ស្របច្បាប់និងមុខជំនាញបច្ចេកទេស។
វិស័យសំណង់បាននិងកំពុងរីកលូតលាស់ ដោយមានអគារខ្ពស់ៗប្រមាណជាង២ ១៨០អគារ ចាប់ ពី៥ជាន់ ទៅ៤០ជាន់ឡើង ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងនៅតាមបណ្តាខេត្តមួយចំនួន។
ភ្ញៀវទេសចរអន្តរជាតិចូលមកព្រះរាជាណាចក្រកម្ពុជា មានចំនួនប្រមាណ១,៣១លាននាក់ ថយចុះ ប្រមាណ៨០,២០% និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៧,២៣លាននាក់ ថយចុះប្រមាណ៣៦,១០% បើធៀបនឹងឆ្នាំ២០១៩។ ចំណូល ពីវិស័យទេសចរណ៍បានប្រមាណ១,០២៣លានដុល្លារអាមេរិក ថយចុះ ៧៩,២០% ហើយចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរទទួលបានប្រមាណជាង១៨លាន ដុល្លារអាម៉េរិក និងមានភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រមាណជាង៤០ម៉ឺននាក់៕