តៃវ៉ាន់នឹងនៅតែតស៊ូរហូតដល់ទីបញ្ចប់ប្រសិនបើចិននៅតែវាយប្រហារខ្លួន នេះបើតាមការថ្លែងឱ្យដឹងពីរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់កាលពីថ្ងៃពុធ ទី ៧កន្លងទៅ។
ដោយបន្ថែមថាសហរដ្ឋអាមេរិកបានឃើញកាន់តែច្បាស់ពីបញ្ហាគ្រោះថ្នាក់ដែលអាចនឹងកើតមានឡើងចំពេលដែលសម្ពាធយោធាចិនកាន់តែខ្លាំង រួមទាំងសមយុទ្ធនាវាដឹកយន្តហោះនៅជិតកោះតៃវ៉ាន់ថែមទៀត។
កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាដែនដីរបស់ចិន បានត្អូញត្អែរពីសកម្មភាពម្តងហើយម្តងទៀត របស់យោធានៃទីក្រុងប៉េកាំងក្នុងកំឡុងខែនេះ ដោយសមយុទ្ធរបស់ចិនបានប្រើប្រាស់នូវយន្តហោះកងទ័ពជើងអាកាសឱ្យហោះហើរស្ទើរតែជារៀងរាល់ថ្ងៃក្នុងតំបន់កំណត់ដែនព្រំដែនអាកាសរបស់តៃវ៉ាន់។ កាលពីថ្ងៃចន្ទ ប្រទេសចិនបាននិយាយថា ក្រុមនាវាដឹកយន្តហោះរបស់ខ្លួនគឺបាននឹងកំពុងធ្វើសមយុទ្ធនៅជិតនឹងកោះតៃវ៉ាន់នេះ។
លោក Joseph Wu ថ្លែងក្នុងទីស្តីការក្រសួងការបរទេសរបស់លោកថា បើតាមការយល់ឃើញរបស់ខ្ញុំចំពោះសហរដ្ឋអាមេរិកដែលកំពុងតាមដានស្ថានភាពក្នុងតំបន់នេះ គឺពួកគេប្រាកដជាឃើញច្បាស់ពីគ្រោះថ្នាក់នៃលទ្ធភាពរបស់ប្រទេសចិនក្នុងការវាយប្រហារប្រឆាំងមកដល់កោះតៃវ៉ាន់។
លោកមានប្រសាសន៍ថា៖ យើងនឹងសុខចិត្តការពារខ្លួនដោយគ្មានសំណួរណាមួយនោះទេ ហើយយើងនឹងធ្វើសង្គ្រាមប្រសិនបើយើងត្រូវការធ្វើសង្គ្រាម។ ប្រសិនបើយើងត្រូវការពារខ្លួនរហូតដល់ថ្ងៃចុងក្រោយ យើងនឹងត្រូវការពារខ្លួនរបស់យើងរហូតដល់ថ្ងៃចុងក្រោយដូចគ្នា។
ទីក្រុងវ៉ាស៊ីនតោនដែលជាអ្នកគាំទ្រ និងផ្គត់ផ្គង់អាវុធអន្តរជាតិដ៏សំខាន់បំផុតរបស់តៃវ៉ាន់បាននឹងកំពុងជំរុញទីក្រុងតៃប៉ិ ឲ្យធ្វើទំនើបកម្មយោធារបស់ខ្លួនដូច្នេះវាអាចក្លាយជា“សត្វកាំប្រម៉ា” ដែលពិបាកសម្រាប់ចិនក្នុងការវាយប្រហារ។
លោក Wo បាននិយាយថា ពួកគេកំពុងប្តេជ្ញាធ្វើឲ្យកាន់តែប្រសើរឡើងនៅសមត្ថភាពយោធារបស់ពួកគេ និងចំណាយពេលអោយបានយូរក្នុងការការពារ ហើយការពារកោះតៃវ៉ាន់គឺជាទំនួលខុសត្រូវរបស់យើងដោយយើងនឹងព្យាយាមគ្រប់មធ្យោបាយដែលយើងអាចធ្វើឱ្យកាន់តែប្រសើរឡើងនូវសមត្ថភាពការពាររបស់ពួកយើង៕
ប្រភព៖ AFP
រក្សាសិទ្ធិដោយ៖CEN