Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រីមាស​ទីមួយ ឆ្នាំ​២០២១ ការនាំចេញ​អង្ករ​សម្រេចបាន​ជាង ១៥​ម៉ឺន​តោន​

​ភ្នំពេញ ៖ ការចេញផ្សាយ​របស់​ស​ហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា ការនាំចេញ​អង្ករ​របស់​កម្ពុជា ក្នុង​រយៈពេល​៣​ខែ នៃ​ត្រីមាស​ទីមួយ ដើមឆ្នាំ​២០២១ នេះ សម្រេចបាន ១៥៣ ៦៨៨ តោន គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១០៩.៧៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

​ចំពោះ​ទិសដៅ​ទីផ្សារ​នៃ​ការនាំចេញ​ក្នុង​រយៈពេល​មួយ​ត្រីមាស​នេះ ចំណែក​ធំជាងគេ​គឺ​ទៅកាន់​ប្រទេស​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន និង​តំបន់​ស្វយ័ត​ហុងកុង និង​ម៉ា​កាវ​ផងដែរ​នោះ មាន​ចំនួន ៨៥ ៣៧០ តោន ឬ​ស្មើនឹង ៥៥.៥៥%​។ រីឯ​ទីផ្សារ​ធំ​ទី​២ គឺ​ទីផ្សារ​សហភាព​អឺរ៉ុប ១៩​ប្រទេស និង​អង់គ្លេស ដែល​នាំចេញ​បាន​ចំនួន​២៥.០១% ឬ​ស្មើនឹង ៣៨ ៤៣៩​តោន ក្នុងនោះ ប្រទេស​បារាំង​ម្នាក់ឯង​មាន​ចំនួន​១៦ ០៦៦ តោន ឬ​ស្មើនឹង ១០.៤៥% នៃ​ការនាំចេញ​សរុប​។ ទីផ្សារ​បន្ទាប់ គឺ​ទីផ្សារ​ផ្សេងៗ មាន​ចំនួន ១១.៨៥% គិត​ជា​បរិមាណ ១៨ ២២១ តោន ដែល​រួមមាន តំបន់​ទ្វីបអាហ្វ្រិក អាមេរិក​ខាងជើង កាណាដា ម​ជ្ឈឹ​ម​បូព៌ា អាស៊ី​-​អូ​សេ​អា​នី (​អូស្ត្រាលី និង​ញូ​ហ្សេ​ឡេ​ន​) និង​អាស៊ី​-​អឺរ៉ុប ជាដើម​។ ចុងក្រោយ គឺ​ទីផ្សារ​អាស៊ាន មាន​ម៉ាឡេស៊ី សាំង​ហ្កា​ពួរ និង​ហ្វីលីពីន ដែលមាន​ចំណែក ៧.៥៩% នៃ​ការនាំចេញ​សរុប គិត​ជា​បរិមាណ​មាន​ចំនួន ១១ ៦៥៨ តោន​។​

​ទោះជា​យ៉ាងនេះ​ក្តី និន្នាការ​នៃ​ការនាំចេញ​អង្ករ​ក្នុង​ខែមីនា ឆ្នាំ​២០២១ នេះ បាននិងកំពុង​បន្ត​ងើបឡើង​វិញ​ជា​បណ្តើរៗ ដែលមាន​ការកើនឡើង ៨៤.៦៦% ធៀប​នឹង​ខែកុម្ភៈ គឺ​កើន​ពី​៤១ ៩៤៩ តោន នៅ​ខែកុម្ភៈ មក ៧៧ ៤៦៦ តោន នៅ​ខែមីនា ខណៈដែល​ខែកុម្ភៈ​ធៀប​នឹង​ខែមករា កើន​បានត្រឹមតែ​២២%​ប៉ុណ្ណោះ​។​

​ត្រីមាស​ទី​១ នៃ​ឆ្នាំ ២០២១​នេះ គឺជា​ឆ្នាំ​ដែលមាន​ការនាំចេញ​ទាប​ជាង​បណ្តា​ត្រីមាស នៃ​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​។ បញ្ហា​ចម្បង​ដែលជា​កត្តា​នាំឱ្យ​ការនាំចេញ​អង្ករ​កម្ពុជា​ជួបប្រទះ​នូវ​ភាពយឺតយ៉ាវ ក្នុងការ​បញ្ជូន​ទំនិញ​ទៅកាន់​អ្នកបញ្ជា​ទិញ​នៅក្រៅ​ប្រទេស ជាពិសេស​ទៅកាន់​បណ្តា​ប្រទេស​គោលដៅ នៅក្នុង​សហគមន៍​អឺរ៉ុប គឺ​កង្វះ​កុង​តែ​ន័​រ​សម្រាប់​អង្ករ និង​ថ្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​នៅតែ​បន្ត​មានតម្លៃ​ខ្ពស់ បើ​ប្រៀបធៀប​ទៅក្នុង​រយៈពេល​ដូចគ្នា ៥​ឆ្នាំ​ចុងក្រោយ ដែលមាន​គម្លាត​ខ្ពស់ជាង​រហូតដល់​ជាង​៥​ដង​។​

​ចំពោះ ប្រភេទ​អង្ករ​នាំចេញ ក្នុង​រយៈពេល​ត្រីមាស​ទី​១ ដើមឆ្នាំ​២០២១​នេះ ភាគច្រើនបំផុត​ជា​អង្ករ​ក្រអូប​ប្រណីត និង​អង្ករ​ក្រអូប​ធម្មតា ដែលមាន​ចំណែក​ជាង​ពាក់កណ្តាល​នៃ​ការនាំចេញ​សរុប​។ ជារួម អង្ករ​ក្រអូប​ប្រណីត ប្រភេទ​ផ្ការំដួល ផ្កាម្លិះ នាង​ម្លិះ សុ​ម៉ាលី បាន​នាំចេញ ៣៧.៩៥% អង្ករ​ក្រអូប​ធម្មតា ប្រភេទ​សែន​ក្រអូប មាន​ចំនួន ២៨.៩៦% អង្ក​រស ប្រភេទ​ស​ចម្រុះ ស​សរីរាង្គ និង​សំរូប​សរីរាង្គ មាន​ចំនួន ២៨.៤៩% រីឯ​អង្ករដំណើប មាន ១.៨៩% ហើយ​ចំណែកឯ​អង្ករ​ចំហុយ មាន​ចំហុយ​គ្រាប់​វែង និង​ចំហុយ​សរីរាង្គ មាន​ចំនួន ១.៦៧% និង​ចុងក្រោយ​គឺ អង្ករ​ក្រអូប​សរីរាង្គ មាន ១.០៤%៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

×