ភ្នំពេញ ៖ ជាការពិតណាស់ មហាជនគ្រប់គ្នាពិតជាបានសម្តែងនូវក្តីអាណិតអាសូរទៅដល់សន្តិសុខ ដែលបានប្រើសិទ្ធិការពារខ្លួន រហូតជ្រុលដៃបាញ់ទៅលើបុរសទំនើងបណ្តាលឲ្យស្លាប់នៅក្រោមស្ពានផ្សារដីហុយ និងក៏កំពុងបួងសួងសូមឲ្យតុលការលើកលែងទោសទណ្ឌរបស់គាត់ផងចុះ។
យ៉ាងណាមិញ ក្រោយបានដឹងពីប្រវត្តិរបស់សន្តិសុខរូបនេះ ដែលគាត់ជាមនុស្សស្លូតបូត សុភាពរាបសារ មិនសូវនិយាយស្តី ស្រគត់ស្រគំ និងលើសពីនេះគាត់ក៏ជាកូនកំព្រាឱពុក រស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយ និងមានបងប្រុសជាមនុស្សវិកលចរិក ហើយគាត់គឺជាបង្គោលគ្រួសារទៀតផងនោះ ដោយមានក្តីអាណិត និងដឹងថា សមត្ថកិច្ចនឹងបញ្ចូនខ្លួនគាត់ឡើងតុលាការ ដើម្បីប្រឈមនឹងទោសទណ្ឌនៃករណីឃាតកម្មនេះ មេធាវីចិត្តធម៌ម្នាក់ ក៏បានចេញមុខជួយការពារគាត់គួរឲ្យរំភើបជំនួសជាខ្លាំង។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Boryma Dy ដែលជាមេធាវីម្នាក់ បានបញ្ជាក់ប្រាប់តាមរយៈ Comment ឲ្យដឹងថា៖ «ខ្ញុំមេធាវី ឌី បូរីម៉ា សូមផ្តាំផ្ញើរផង បើគាត់គ្មាន មេធាវីការពារទេ ខ្ញុំនិងស្ម័គ្រចិត្តជួយគាត់ មិនយកកម្រៃសេវា ដើម្បីស្វែងរកសិទ្ធិ និងយុត្តិធម៌ តាមនឺតិវិធីច្បាប់ជូនគាត់ ។ពិសេសសូមផ្តាំ ទៅគាត់កុំឲ្យបាក់ទឹកចិត្ត សូមថែរក្សាសុខភាពអោយល្អ ទេវតាមានភ្នែក អរគុណច្រើន»។
គួររម្លឹកថា កាលពីវេលាម៉ោងប្រមាណជាង ៩ យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ មានករណីផ្ទុះអាវុធចំនួន៣គ្រាប់ នៅចំណុចធនាគារ ABA ជាប់នឹងស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបណ្តាលឲ្យបុរសម្នាក់ដែលត្រូវបានដឹងថាជាអ្នករើសអេតចាយ ស្នាក់នៅខាងក្រោមស្ពាន ស្លាប់ភ្លាមៗនៅនឹងកន្លែង។
រឿងហេតុ គឺផ្តើមចេញពីជនរងគ្រោះ បានដេញវាយគ្នារត់ចូលកន្លែងសន្តិសុខ កំពុងយាមកាមនៅមុខធនាគារ ហើយនៅពេលនោះ សន្តិសុខដែលមានកាំភ្លើង ក៏បានដេញពួកគេឲ្យចាកចេញពីកន្លែងពួកគាត់គ្រប់គ្រង រហូតធ្វើឲ្យជនរងគ្រោះផ្ទុះកំហឹង ស្ទុះវាយប្រតប់មកលើរូបគាត់មួយប្រាវ ហើយក៏រត់ទៅកន្លែងខ្លួនស្នាក់នៅក្រោមស្ពានវិញ។ តែទោះយ៉ាងណា មួយសន្ទុះក្រោយមក ជនរងគ្រោះក៏បានទាញកាំបិតចុងស្រួច រត់សំដៅមកចាក់សន្តិសុខទាំងកម្រោលតែម្តង។ ប៉ុន្តែ ដោយសារតែមិនអាចរត់គេចពីការដេញចាក់ពីសំណាក់ជនរងគ្រោះ នៅទីបំផុត សន្តិសុខក៏បានសម្រេចចិត្តបាញ់ចំនួន៣គ្រាប់ និងគ្រាប់ចុងក្រោយ ត្រូវចំកន្លែងសំខាន់បណ្តាលឲ្យដេកដួលស្លាប់ភ្លាមៗតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





