ក្នុងដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់អំពីផលប៉ះពាល់ក្រោយការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ ២០២៦ លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំបានមកដល់ខេត្តបន្ទាយមានជ័យជាមួយក្រុមទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់ខ្ញុំទៅកាន់ខេត្តបន្ទាយមានជ័យក្នុងខែកុម្ភៈនេះ។
លោក Dominic Williams បានថ្លែងថា យើងបានទៅទស្សនាមជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសខ្លួន និង យើងបានទៅមើលផ្ទះរបស់ពួកគាត់នៅភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន។ ខ្ញុំមានអារម្មណ៍អាណិតអាសូរចំពោះប្រជាជនសាមញ្ញដែលរងផលប៉ះពាល់។
ចក្រភពអង់គ្លេសនឹងបន្តអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីនៅតាមព្រំដែន។ នេះគឺជាមធ្យោបាយប្រកបដោយនិរន្តរភាពតែមួយគត់សម្រាប់សហគមន៍នៅក្នុងប្រទេសទាំងពីរ ដើម្បីកសាងផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគាត់ឡើងវិញ។
លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ ២០២៦ បានដឹកនាំអង្គទូតបរទេស និងអង្គការអន្តរប្រចាំកម្ពុជា ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងតំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលយោធាថៃបន្តសកម្មភាពដាក់ទូកុងតឺន័រ និងរាយបន្លាលួស រួមទាំងលើកទង់ជាតិរបស់ខ្លួនក្នុងទឹកដីកម្ពុជា។
តាមការបញ្ជាក់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ៖ បច្ចុប្បន្នយោធាថៃបានរំលោភបំពានកាន់កាប់ដីកម្ពុជាខុសច្បាប់ប្រមាណ ៧៦០ហិកតា នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន។ ឯកឧត្តម បានបញ្ជាក់ថា យោធាថៃបានដាក់ទូកុងតឺន័រនៅភូមិជោគជ័យ ៤ទីតាំង ដែលមាន១៦កុងតឺន័រ និងគ្រប់គ្រងកាន់កាប់ដី១៣៧ហិកតា។ នៅភូមិព្រៃចាន់វិញ យោធាថៃបានដាក់ទូកុងតឺន័រ៣ទីតាំង ដែលមានដល់៦៣កុងតឺន័រ និងគ្រប់គ្រងកាន់កាប់ផ្ទៃដី៤២ហិកតា។ នៅតំបន់បឹងត្រកួន ដែលមាន៤ភូមិ ត្រូវបានថៃកាន់កាប់ផ្ទៃដីចំនួន៥៨៤ហិកតា និងដាក់ទូកុងតឺន័រ១៣កន្លែង ដែលមាន២៦កុងតឺន័រ។
សកម្មភាពដែលយោធាថៃបន្តរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជាមកទល់បច្ចុប្បន្ននេះ គឺកើតឡើងក្រោយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៃបទឈប់បាញ់រវាងប្រទេសទាំងពីរ។ ទង្វើរបស់យោធាថៃនេះ បានឱ្យពលរដ្ឋខេត្តបន្ទាយមានជ័យជាង៣០០០គ្រួសារមិនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ ខណ:ផ្ទះសំបែងរបស់ពលរដ្ឋខ្មែរមួយចំនួន ត្រូវបានយោធាថៃវាយកម្ទេចចោល ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















