Monday, February 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញសម្ពោធអាគារសិក្សាថ្មី​ ១ខ្នង និងចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ប្រគេន-ជូនសមណនិស្សិត និស្សិត ចំនួន ៤១៣ អង្គ/នាក់ 

ខេត្តកំពង់ចាម៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ្រ ចន្ទមុន្នី នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគារសិក្សាថ្មី ១ខ្នង និងចែកសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ប្រគេន-ប្រគល់ ដល់សមណៈនិស្សិត និងនិស្សិតជ័យលាភី ៤១៣អង្គ/អ្នក នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

បើតាមព្រះអង្គ សោមវេទីបណ្ឌិត អ៊ឹម សុភក្តិ ព្រះសាកលវិទ្យាធិការពុទ្ធិកៈសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ពុទ្ធិកសាកលវិទ្យាល័យមាន សមណនិស្សិត-និស្សិត កំពុងសិក្សាសរុបចំនួន ១.៤៣២អង្គ/នាក់ ។ ដោយឡែកសមណនិស្សិត-និស្សិត ដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ មានចំនួន ៤១៣រូប ក្នុងនោះសមណនិស្សិត-និស្សិតថ្នាក់បរិញ្ញាបត្រ ៣ជំនាន់ មានចំនួន ៣៤៨រូប (ព្រះសង្ឃ ៣១អង្គ, ស្រី ២១៥នាក់) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣ជំនាន់ សរុប ៦៥រូប (ព្រះសង្ឃ ៧អង្គ, ស្រី ១៩នាក់) ។ ព្រះអង្គបានបញ្ជាក់ថា កន្លងមក ពុទ្ធិកសាកលវិទ្យាល័យសម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់សញ្ញាបត្របរិញ្ញាបត្រចំនួន ២លើក រួចហើយ ដែលមានចំនួនសរុប ៣.០៣៤រូប ក្នុងនោះអ្នកដែលបានចូលបម្រើការងាររដ្ឋ និងឯកជនមានប្រមាណ ៩៥% ។ ជាមួយនោះ នាថ្ងៃនេះដែរ ពុទ្ធិកៈសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងប្ររព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផល ជាអគារសិក្សា ១ខ្នង ស្ថិតនៅបរិវេណវត្តសុទស្សនារាមជ្រោយថ្ម ផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ ផ្ដាំផ្ញើដល់សមណៈនិស្សិត និងនិស្សិត ដែលទទួលបានសញ្ញាបត្រ សូមប្រើប្រាស់ចំណេះដឹង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ និងបន្តចែករំលែកចំណេះដឹង អប់រំ ដល់យុវជន បន្តវេនជំនាន់ក្រោយ បន្តគោរពប្រតិបត្តិខ្ជាប់ខ្ជួនធម៌វិន័យ គោលការណ៍ព្រះពុទ្ធសាសនា ពិនិត្យលទ្ធភាពបន្តការសិក្សាបន្ថែមទៀត ឱ្យស្របជាមួយគោលការណ៍របស់ក្រសួងអប់រំ គឺ ៖ «រៀន មួយជីវិត» ។ ជាមួយគ្នានេះ ក៏ស្នើសុំឱ្យផ្នែកខាងពុទ្ធិកសាកលវិទ្យាល័យ សូមបន្តបេសកកម្មវិស័យអប់រំ បន្តចូលរួមចំណែកកសាងធនធានមនុស្ស និងបិណ្ឌបាត្រ ចំពោះ ព្រះសង្ឃគ្រប់វត្តអារាម នៅក្នុងពិធីបុណ្យផ្សេងៗ សូមឲ្យព្រះសង្ឃជួយខាងទេសនាអប់រំផ្ដល់ឱវាទដល់ពុទ្ធបរិស័ទ ជាពិសេស យុវជន ឱ្យដើរលើផ្លូវល្អ ដើម្បី រួមចំណែកជួយដល់សង្គមជាតិ ។ ដូចគ្នានោះដែរ​ ឯកឧត្តមសន្តិបណ្ឌិត បានមានប្រសាសន៍ចាត់ទុក អាគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ ១ខ្នងនេះ បានកើតឡើង ដោយសារការរួមគ្នាបរិច្ចាគពីសប្បុរសជន និងកើតចេញពីការទទួលខុសត្រូវ ទើបធ្វើឲ្យមានសំណង់ថ្មី ដែលជាផ្នែកមួយយ៉ាងសំខាន់ បានចូលរួមចំណែកនៅក្នុងវិស័យអាណាចក្រ ។ ដូច្នេះ សូមឱ្យខាងពុទ្ធិកសាកលវិទ្យាល័យ ដឹកនាំឲ្យដំណើរការ ឲ្យបានល្អប្រសើរ តទៅអនាគត ដើម្បី ជាទីកន្លែងបណ្ដុះបណ្ដាលធនធានមនុស្ស ដ៏មានសមត្ថភាព សម្រាប់អភិវឌ្ឍសង្គម និងប្រទេសជាតិ ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×