សៀមរាប ៖ តាមរយៈរដ្ឋបាលស្រុកបន្ទាយស្រី បានចេញសេចក្តីដំណឹងដ៏គួរឱ្យរីករាយ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ថា បងប្អូនប្រជាពលរដ្ឋនៅភូមិព្រះដាក់ បានរួចផុតពីហានិភ័យឆ្លងកូវីដ-១៩ ហើយ ក្រោយពីទទួលបានលទ្ធផលអវិជ្ជមានជាបន្តបន្ទាប់ ពីការធ្វើតេស្តលើកំហាក ក្នុងរយៈកាលជិត២០ថ្ងៃ បន្ទាប់ពីមានអ្នកវិជ្ជមានកូវីដម្នាក់ បានមកពិសានំបញ្ចុកនៅក្នុងភូមិនេះ ដែលជាហេតុតម្រូវឱ្យអ្នកប៉ះពាល់ដោយផ្ទាល់ចំនួន២គ្រួសារ ត្រូវបានហ៊ុមព័ទ្ធឱ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះរហូតមកដល់ពេលនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយសារតែមានបុរសម្នាក់នៅភូមិគោកត្នោត សង្កាត់គោចក ក្រុងសៀមរាប កើតមានជំងឺកូវីដ-១៩ រដ្ឋបាលស្រុកបន្ទាយស្រី បានដាក់ចេញនូវវិធានការបិទទីតាំងលក់នំបញ្ចុកចំនួន២កន្លែង នៅភូមិព្រះដាក់ ឃុំព្រះដាក់ និងដាក់ឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី។
ទន្ទឹមនឹងនេះផងដែរ ដើម្បីបញ្ចប់ភាពមន្ទិលសង្ស័យ និងជៀសវាងការរើសអើងដោយប្រការណាមួយ រដ្ឋបាលស្រុកបានរៀបចំលិខិតបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មនំបញ្ចុកឡើងវិញ ព្រមទាំងប្រគល់ជូនលិខិតបញ្ជាក់លទ្ធផលអវិជ្ជមានកូវីដ១៩ ដែលចេញដោយមណ្ឌលសុខភាពបន្ទាយស្រី។
តែទោះយ៉ាងណា រដ្ឋបាលស្រុកបន្ទាយស្រី ក៏សូមណែនាំឲ្យអ្នកពាក់ព័ន្ធទាំងនេះ ត្រូវបន្តតាមដានសុខភាពរបស់ខ្លួនបន្ថែមទៀត ក្នុងករណីណាមួយដែលបងប្អូនមានការប្រែប្រួលសុខភាព ដោយសូមរួសរាន់ផ្តល់ព័ត៌មានមករដ្ឋបាលស្រុកតាមរយៈលេខ ០៧៧ ៧៣១ ២៨៦ និង០១៧ ៤១៩ ៦២២៕ រក្សាសិទ្ធិដោយ៖ លឹម ហុង