Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ​ខេត្តក្រចេះ ចុះ​ត្រួតពិនិត្យ​គោលដៅ​ឈរជើង​របស់​សមត្ថកិច្ច ក្នុងការ​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នៅ​ព្រំប្រទល់​ខេត្ត​ទាំង​២(​ក្រចេះ​-​មេមត់ និង​ក្រចេះ​-​កែវ​សី​ម៉ា​) ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្នួល​

​ក្រចេះ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៨ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្ត បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​គោលដៅ​ឈរជើង​របស់​សមត្ថកិច្ច ក្នុងការ​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​ព្រំប្រទល់​ខេត្ត​ទាំង​២(​ក្រចេះ​-​មេមត់ និង​ក្រចេះ​-​កែវ​សី​ម៉ា​) ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្នួល ខេត្តក្រចេះ ដោយ​អនុវត្តតាម​សេចក្ដីសម្រេច​លេខ​៤៤ សសរ ចុះ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​សេចក្តីណែនាំ​លេខ​០០៤​ស​ណន ចុះ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តក្រចេះ ស្ដីពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ឯកឧត្តម គង់ គឹម​នី មានប្រសាសន៍ថា ការចុះ​ត្រួតពិនិត្យ​គោលដៅ​ឈរជើង​របស់​សមត្ថកិច្ច​នៅពេលនេះ ធ្វើឡើង​ក្នុង​គោលបំណង​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មួយចំនួន​ចែកជូន​កងកម្លាំង​ប្រចាំការ​នៅ​គោលដៅ ព្រមទាំង​ជំរុញ​ឲ្យ​សមត្ថកិច្ច​រឹតបណ្តឹង​ការអនុវត្ត​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ឯកឧត្តម​បាន​ថ្លែង​កោតសរសើរ​ដល់​កម្លាំង​សមត្ថកិច្ច​ដែល​បាន​ឈរជើង​នៅ​គោលដៅ​ខាងលើ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្តតាម​តួនាទី​ភារកិច្ច​របស់ខ្លួន​យ៉ាង​ល្អប្រសើរ ស្របតាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល និង​បទបញ្ជា​របស់​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​។

​ឯកឧត្តម​អភិបាលរង​ខេត្ត​បាន​បន្តថា ការហាមឃាត់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នាពេលនេះ គឺ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ពិសេស​រាជរដ្ឋាភិបាល​បានគិត​គូរ​ពី​សុខភាព​សាធារណៈ គិតគូរ​ពី​អាយុជីវិត​បងប្អូន​ក្នុង​គ្រួសារ និង​សង្គមជាតិ ហើយ​ចំពោះ​អ្នក​ចំណូលស្រុក​ត្រូវអោយ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ នៅតាម​ផ្ទះ ឬ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក អោយបាន​ត្រឹមត្រូវ ព្រមទាំង​ចូលរួម​អនុវត្តន៍​តាម​វិធានការ (៣​ការពារ ៣​កុំ​) របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ខ្លួន​ពី​ការចម្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​ផងដែរ​។

​នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​គោលដៅ​ទាំង​២​ខាងលើ ឯកឧត្តម​អភិបាលរង​ខេត្ត ក៏បាន​នាំយក​សម្ភារៈ​មួយចំនួន​ឧបត្ថម្ភ​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​នៅ​គោលដៅ​ទាំង​២​ខាងលើ រួមមាន ÷ អង្ករ អាល់កុល ម៉ាស់ ថវិកា​ចំនួន​១​លាន​រៀល​ក្នុង​១​គោលដៅ​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×