Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស​ប្រកាស​លទ្ធផល​នៃ​កិច្ចសន្ទនា​ត្រីភាគី​បើកចំហថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចក្រភព​អង់គ្លេស​

ភ្នំពេញ ៖ សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​កិច្ចសន្ទនា​ត្រីភាគី​បើកចំហថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចក្រភព​អង់គ្លេស លើក​ទី​២ ដែល​បាន​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ​២០២១​។​

​នៅ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចូលរួម​ក្នុង​កិច្ចសន្ទនា​ត្រីភាគី​បើកចំហថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចក្រភព​អង់គ្លេស លើក​ទី​២ តាម​ប្រព័ន្ធ​វីដេអូ​។ សមាសភាព ត្រីភាគី រួមមាន ប្រទេស​ប្រ៊ុយណេ​ដា​រ៉ូ​សា​ឡឹម ដែលជា​ប្រធាន​អាស៊ាន​នាពេល​បច្ចុប្បន្ន កម្ពុជា​ដែលជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​នៅ​ឆ្នាំក្រោយ និង​អគ្គលេខាធិការ​អាស៊ាន​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដទៃទៀត និង​តំណាង ក៏បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នេះ​ផងដែរ​។​

​កិច្ច​ប្រជុំបាន​ពិភាក្សា​អំពី​ការលើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ចក្រភព​អង់គ្លេស នៅលើ​វិស័យ​ជាច្រើន​ដែលជា​ចំណាប់អារម្មណ៍​រួម និង​ផលប្រយោជន៍​ទៅវិញទៅមក​។ កិច្ច​ប្រជុំបាន​ផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​គ្រោះអាសន្ន​សុខភាព​សាធារណៈ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​បម្រែបម្រួល​អាកាសធាតុ ក៏ដូចជា បញ្ហា​តំបន់​និង​អន្តរជាតិ ដែលជា​ក្តីបារម្ភ និង​ផលប្រយោជន៍​រួម​។ កិច្ច​ប្រជុំបាន​អះអាង​ជាថ្មី អំពី​សារសំខាន់​នៃ​ពហុភាគី​និយម​សម្រាប់​ការឆ្លើយតប​រួមគ្នា និង​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​នានា​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩ និង​បាន​ប្តេជ្ញាចិត្ត​ធ្វើការ​រួមគ្នា​ឆ្ពោះទៅរក​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត ប្រកបដោយ​ចីរភាព​។​

​លោក ដូ​មី​និក រ៉ា​អាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេស​នៃ​ចក្រភព​អង់គ្លេស បាន​ជម្រាបជូន​អង្គប្រជុំ​ដោយ​សង្ខេប​អំពី​គំនិត​ផ្តួចផ្តើម​របស់​ចក្រភព​អង់គ្លេស​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ រាតត្បាត និង​ការចូលរួមចំណែក​រប​ស់​ចក្រភព​អង់គ្លេស​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ជាស​កល ដើម្បី​គ្រប់គ្រង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ទប់ស្កាត់​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​។ លោក​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​អំពី​ភាពចាំបាច់​ដើម្បី​ធានាថា វិថី​ឆ្ពោះទៅរក​ការស្ដារ​ឡើងវិញ​នូវ​សេដ្ឋកិច្ច​-​សង្គម មិន​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ភពផែនដី​ឡើយ​។ ឆ្លៀត​ក្នុងឱកាស​នោះ លោក​ក៏បាន​ជម្រាបជូន​ដោយ​សង្ខេប​អំពី​អាទិភាព​របស់​ចក្រភព​អង់គ្លេស ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​អង្គការសហប្រជាជាតិ ស្តីពី​ការប្រែប្រួល អាកាសធាតុ​លើក​ទី​២៦ (COP26) ផងដែរ​។​

​អាស៊ាន​បាន​លើកទឹកចិត្ត​ចក្រភព​អង់គ្លេស​ឱ្យ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​អាស៊ាន និង​ប្រទេស​ជា​សមាជិក​របស់ខ្លួន ព្រមទាំង​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ការចូលរួម​វិភាគទាន​របស់​ចក្រភព​អង់គ្លេស​ចំនួន ១​លាន​ផោន ដល់​មូលនិធិ​អាស៊ាន​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ កូ​វីដ​-១៩​។ អាស៊ាន ក៏បាន​ស្វែងរក​ការគាំទ្រ​បន្ថែមទៀត​ផងដែរ ពី​ចក្រភព​អង់គ្លេស​ដល់​គំនិត​ផ្តួចផ្តើម ផ្សេងៗ​ទៀត​របស់​អាស៊ាន ដើម្បី​ដោះស្រាយ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នេះ រួមមាន ក្របខ័ណ្ឌ​ស្តារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន (ACRF) និង​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​គ្រោះអាសន្ន​សុខភាព​សាធារណៈ និង​ជំងឺ​កើត​ថ្មី (ACPHEED) នៅពេលណា​ដែល​គំនិត​ផ្ដួចផ្ដើម​នេះ​ត្រូវបាន​បង្កើតឡើង​។​

​អង្គប្រជុំ​បានកត់សម្គាល់​សំណើ​របស់​ចក្រភព​អង់គ្លេស សុំ​បង្កើត​ភាពជា​ដៃគូ​សន្ទនា​ជាមួយ​អាស៊ាន​។​

​ក្នុងអំឡុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​ការកោតសរសើរ​ដល់​ចក្រភព​អង់គ្លេស​ដែល​បាន​ចូលរួម​វិភាគទាន​ដ៏​សប្បុរស​ដល់​កម្មវិធី​កូ​វ៉ា​ក់ (COVAX Facility) ដែល​ក្នុងនោះ ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​នៅក្នុង​តំបន់ ដែល​បានទទួល​វ៉ាក់សាំង​អា​ស្ដ្រា​ហ្សេ​នី​កា (AstraZeneca) ចំនួន ៣២៤.០០០​ដូ​ស​។​

​សម្រាប់​វិស័យ​ពាណិជ្ជកម្ម លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​អាស៊ាន និង​ចក្រភព​អង់គ្លេស​ឱ្យ​រិះរក​លទ្ធភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន និង​ចក្រភព​អង់គ្លេស (ASEAN-UK FTA) ក៏ដូចជា​ពង្រីក​កិច្ចសហប្រតិបត្តិការ​ខាង​ផ្នែក​ឌីជីថល ដើម្បី​គាំទ្រ​កំណើន​សហគ្រាស​មីក្រូ ធុន​តូច និង​មធ្យម (MSMEs)​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ លោក​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ជំនឿ​ជឿជាក់ថា សន្និសីទ​អង្គការសហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី​២៦ (COP26) ដែល​ចក្រភព​អង់គ្លេស​ធ្វើជា​ប្រធាន ក្នុង​ឆ្នាំ​២០២១​នេះ នឹង​ផ្តល់នូវ​កាលានុវត្តភាព​ដ៏​ឧ​ត្ត​ម​មួយ​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន ក្នុងការ​ចូលរួម​បន្ថែមទៀត​ជាមួយ​ចក្រភព​អង់គ្លេស ដើម្បី​សម្រេចបាន​នូវ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​កម្រិត​ទាប និង​រយៈពេល​វែង​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×