ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា “ខ្ញុំសម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្ត ចោទសួររិះគិតថា ហេតុអ្វីបានជាបុគ្គលខ្លះ គាត់មិនអនុវត្តន៍បាននូវវិធានការការពារដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន? បើខ្ញុំអាចអនុវត្តជំនួសពួកគាត់បាន ខ្ញុំប្រាកដជាធ្វើជូនពួកគាត់ តែបើខ្ញុំធ្វើ គឺការពារបានតែរូបខ្ញុំ និងការពារមិនចម្លងជំងឺសាហាវនេះ ទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ។ ចុះបើយើងសុខចិត្តលំបាកក្នុងរយ:ពេលខ្លី នាំគ្នាអនុវត្តវិធានការការពារទាំងអស់គ្នា យេីងនឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង”។
វេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ អ្នកឆ្លងរកឃើញកើនឡើងច្រើនបង្កើតនូវការព្រួយបារម្ភ ដល់ផលប៉ះពាល់សុខភាពសាធារណ: ក្នុងរយ:ពេលយូរដែលយើងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់ សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍ និងផលរំខានដល់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គម។
លោកជំទាវ បានបញ្ជាក់ថា ដូច្នេះ ខ្ញុំសូមបង្កើតពាក្យថា៖ “ចូលឆ្នាំនៅផ្ទះ “ ឫ “New Year at Home” ជាមួយនឹងការអនុវត្តវិធានការ៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលអាចឱ្យបុគ្គលអាចវ៉ៃបកបានទៅនឹងការវាយលុកធ្ងន់ធ្ងរលើសរីរាង្គកាយរបស់ខ្លួន ចៀសផុតនូវការចម្លងជំងឺកូវីដ-១៩ និងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាន និងឆាប់បានធ្វើឱ្យមានការងើបឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិយើងផងដែរ។
លោកជំទាវបានបញ្ជាក់បន្ថែមថា “ខ្ញុំគោរពសូមជូនពរឆ្នាំថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នូវពាក្យថា “ចូលឆ្នាំនៅផ្ទះ” មិនប៉ះកូវីដ-១៩ សុខភាពមាំមួន មានសុខសិរី ជ័យមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន។ រីករាយឆ្នាំថ្មី! សួស្តីឆ្នាំថ្មី! ជាឆ្នាំប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យឈ្នះទាំងអស់គ្នា” ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ