ភ្នំពេញ ៖ ដូចដែលយើងគ្រប់គ្នាបានទទួលស្គាល់ហើយថា ក្នុងអំឡុងពេលនៃវិបត្តិកូវីដ ដែលកំពុងឆ្លងរីករាលដាលដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះ នោះនរណាៗក៏សុទ្ធតែជួបការលំបាកដូចៗគ្នាផងដែរ។ ប៉ុន្តែ ទន្ទឹមនឹងការលំបាកនេះ ក៏មានមនុស្សមួយចំនួន បែរជាមានគំនិតមិនល្អ ដើរប្រព្រឹត្តនូវអំពើដែលសង្គមស្អប់ខ្ពើមធ្វើជាចោរដើរលួច ឆក់របស់ទ្រព្យអ្នកដទៃ ដោយពុំគិតខិតខំរិះរកមុខរបរអ្វីផ្សេងដែលជាអំពើសុច្ចរិតនោះទេ។
ជាក់ស្តែង ដូចជាចោរស្រីម្នាក់នេះអ៊ីចឹង ដែលមានមុខមាត់ស្អាតបាតនឹងគេដែរ តែមិននឹកស្មានថាជាចោរសោះ ដោយបានធ្វើជាចូលទៅទិញទូរស័ព្ទស៊េរីទំនើប២គ្រឿងតម្លៃ 500$ និងចុងក្រោយបន្លំលួចបម្រុងចាកចេញ ក៏ត្រូវម្ចាស់ហាងចាប់បានតែម្តង។
នេះបើយោងតាមម្ចាស់ហាងទូរស័ព្ទ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sithi Na បានបង្ហោះករណីនេះកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឲ្យដឹងថា៖ «សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា ជនខិលខូចមួយនេះបានចូលមកបន្លំយកទូរសព្ទពីរគ្រឿងពីរហាងខ្ញុំ តែខ្ញុំចាប់បាន សូមបងប្អូនប្រយត្ន័ផង ល្បិចខ្ពស់ណាស់(កំពុងកូវិតផងមកធ្វើបាបឯងទៀត)»។
ក្រោយពីបានឃើញបែបនេះ ក៏មានបងប្អូនអ្នកប្រើប្រាស់បណ្តាញម្នាក់ ដែលធ្លាប់ប្រទះនឹងចោរស្រីកំពូលល្បិចរូបនេះ បានប្រាប់ឲ្យដឹងថា៖ «ម្នាក់នឹងពីមុនធ្លាប់បោកលុយបងថ្លៃខ្ញុំ ថាខ្លីលុយឲ្យថ្លៃកង់បីសិន រួចហើយចូលធ្វើក្រចកនិងកក់សក់ ហើយថាភ្លេចយកលុយមកទៀត តែអាណិតឃើញលើកដៃសំពះ ហើយក៏ឲ្យទៅៗ រួចប្រាប់ថាថ្ងែក្រោយកុំធ្វើអ៊ីចឹងទៀត»។ រីឯម្នាក់ទៀត ក៏បានឲ្យដឹងផងដែរថា៖ «ថ្ងៃមុនចូលហាងខ្ញុំដែរហ្នឹង ថាយក RENO5 ២ដើម រៀបចំឲ្យហើយ ថាសុំយកទូរស័ព្ទសិន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




