ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានផ្ដល់អាទិភាព ចាក់វ៉ាក់សាំងជូនអតីតយុទ្ធជនទូទាំងប្រទេស ជិត៨ម៉ឺននាក់។
ការលើកឡើងរបស់ឯកឧត្តម គន់ គីម ធ្វើឡើងក្នុងពិធីបើកយុទ្ធនាការចាក់បាក់សាំងការពារជំងឺកូវីដ១៩ ជូនអតីតយុទ្ធជន ក្នុងខេត្តកំពង់ធំចំនួន ៣,០៩៨ នាក់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២១។
ឯកឧត្តម នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន រួមទាំងបានផ្តាំផ្ញើរឲ្យអាជ្ញាធរគ្រប់ខេត្តក្រុងនិងអាជ្ញាធរមូលដ្ឋាន មើលថែទាំរអតីតយុទ្ធជននិងក្រុមគ្រួសារ ទាំងយប់ទាំងថ្ងៃ រួមទាំងបានទុកលេខទូរស័ព្ទ សម្រាប់ទាក់ទងសមត្ថកិច្ចនៅពេលមានការចាំបាច់ ជាពិសេសសម្ដេចតេជោ បានផ្ដល់ អាទិភាពចាក់វ៉ាក់សាំងជូនដល់បងប្អូនអតីតយុទ្ធជន ទូទាំងប្រទេសជិត៨ម៉ឺននាក់ ជាពិសេសក្នុងខេត្តកំពង់ធំ។
អតីតយុទ្ធជន ដែលទទួលបានការចាក់វ៉ាក់សាំងបង្កាមេរោគកូវិដ១៩ បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែលជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសជាប្រមុខរាជរដ្ឋាភិបាលដែលយល់ពីសុខទុក្ខនិងដឹងគុណអតីតយុទ្ធជន ដែលបានលះបង់អាយុជីវិត បូជាសាច់ស្រស់ឈាមស្រស់ចូលរួមជាមួយសម្តេចតេជោហ៊ុនសែន អនុវត្តនយោបាយឈ្នះៗ ដណ្តើមយកសន្តិភាពមកជូនប្រជាពលរដ្ឋខ្មែរ ទើបមានអ្វីៗគ្រប់យ៉ាងនៅពេលនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំថ្លែងថា ដំណើរការចាក់វ៉ាក់សាំង ជូនអតីតយុទ្ធជន និងត្រូវបានបែងចែក ការចាក់វ៉ាក់សាំង នៅតាមមណ្ឌលសុខភាព ក្រុង ស្រុក ទាំង៩ របស់ខេត្តកំពង់ធំ ដោយចាក់ក្នុងថ្ងៃតែមួយ សរុបមានចំនួន៣,០៩៨ នាក់ ដើម្បីឲ្យបងប្អូនមានភាពងាយស្រួល ក្នុងការធ្វើដំណើរនៅជិតមូលដ្ឋាន មកទទួកវ៉ាក់សាំងបានឆាប់រហ័ស។
គួរបញ្ជាក់ថា ការផ្ដល់អាទិភាព ចាក់វ៉ាក់សាំងជូនបងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេសនេះ ធ្វើឡើងស្រប ពេលដែលប្រទេសកម្ពុជា កំពុងរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៃព្រឹតិ្តការណ៍សហគម២០កុម្ភៈ ដែលចេះតែកើនឡើងឥតឈប់ពីមួយថ្ងៃទៅមួយថ្ងៃ៕
រក្សាសិទ្ធិដោយ៖CEN