Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង​ប្រទេស​ចំនួន ៣២ រួមគ្នា​ផ្ញើ​សារ​អបអរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ឆ្លុះ​បង្ហាញ​ពី​ចំណងមិត្តភាព​ជិតស្និទ្ធ​ជា​ប្រពៃណី និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​

​បាងកក ៖ ប្រធាន​ស្ថាន​តំណាង​នៃ​ប្រទេស​ចំនួន ៣២ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​និវាសដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បានរួម​គ្នា​ផ្ញើ​សារ​អបអរ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំឆ្លូវ ទោស័ក ព​.​ស​.២៥៦៥ ដែល​នឹង​ចូល​មកដល់​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​តាមរយៈ​កាត​ជូនពរ​ដែលមាន​ទង់ជាតិ​ចម្រុះ​ពណ៌ និង​ឃ្លាប្រយោគ​ជា​ភាសា​ខុសៗ​គ្នា ដែលមាន​ខ្លឹមសារ «​សួស្តី​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ២០២១» បាន​ឆ្លុះ​បង្ហាញ​ពី​ចំណងមិត្តភាព​ជិតស្និទ្ធ​ជា​ប្រពៃណី និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​រវាង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​ស្ថានទូត​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ចំនួន ៣២ ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។

​ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ បានលើកឡើង​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា «​កម្ពុជា​តូច​ពិត ចិត្ត​ទូលាយ និង​មាន​មិត្ត​ច្រើន​» ហើយ​បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម លោកជំទាវ ដែលជា​អង្គទូត​នៃ​ប្រទេស​ទាំង​៣២ ដែល​បាន​គាំទ្រ ផ្តល់​ពាក្យពេជន៍​ជា​ភាសាជាតិ​របស់ខ្លួន និង​ចូលរួម​ចុះហត្ថលេខា​លើ​កាត​ជូនពរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​។

​សូមជម្រាបថា កាត​ជូនពរ​ឆ្នាំ​ថ្មី​ចម្រុះ​ភាសា​នេះ ត្រូវបាន​ផ្តួចផ្តើម​រៀបចំឡើង​ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ សហការ​ជាមួយ​ក្រុមការងារ​ការ​ទូត​សេដ្ឋកិច្ច នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ ដែលជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ទូត​សេដ្ឋកិច្ចកម្ពុជា ដល់​ពិភពលោក​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×