Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហេង សំរិន អំពាវនាវដល់ជនរួមជាតិ មានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ

ភ្នំពេញ ៖ សម្តេច ហេង សំរិន បានអំពាវនាវដល់ជនរួមជាតិនៅទូទាំងប្រទេស មានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយត្រូវបន្តចូលរួមអនុវត្ត ឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ជាទីបំផុតនូវវិធានការទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះឱ្យខាងតែបាន។។

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតជូនពរមួយច្បាប់ជូនប្រជាពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលឈានចូលមកដល់នៅសប្តាហ៍ក្រោយនេះ សម្តេច ហេង សំរិន មានក្តីសោមនស្សរីករាយសម្តែងនូវអំណរសាទរដ៏ថ្លៃថ្លា និងសូមប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរជូនដល់ជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ប្រកបដោយសិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ព្រមទាំងទទួលបានជោគជ័យថ្មីៗថែមទៀត ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍប្រទេស ឈានឆ្ពោះទៅរកវិបុលភាពដ៏រុងរឿង និង វឌ្ឍនភាពជានិច្ចនិរន្ត។

ក្នុងសារលិខិតសម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលក្នុង រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំពុះពារ និងជម្នះគ្រប់ឧបសគ្គ ដើម្បីនាំកម្ពុជាឆ្ពោះទៅមុខប្រកបដោយសុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ ក្លាយជានីតិរដ្ឋមួយមានអធិបតេយ្យភាព បូរណភាពទឹកដី ឯកភាពជាតិ សម្បូរសប្បាយ ព្រមទាំងមានកិត្យានុភាពជាតិ ស្មើមុខស្មើមាត់ ជាមួយប្រទេសនានា ក្នុង តំបន់ និងលើសកលលោក។

សម្តេចពញាចក្រី ក៏បានគូសរំលេចដែរថា ឆ្នាំចាស់ ទោះបីជាកម្ពុជា ក៏ដូចជាប្រទេសនានាដទៃទៀតនៅក្នុងតំបន់ និង លើសកលលោកកំពុងជួបរងនូវវិបត្តិជំងឺកូវីដ-១៩ ដ៏ធ្ងន់ធ្ងរយ៉ាងណាក្តី ដោយមានកិច្ចខិតខំប្រឹងប្រែង និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ បានធ្វើឱ្យយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺ ដ៏កាចសាហាវនេះ សម្រេចបានលទ្ធផលល្អប្រសើរមួយកម្រិត តាមរយៈការដាក់ចេញឱ្យអនុវត្តយ៉ាងម៉ឺង ម៉ាត់និងហ្មត់ចត់នូវវិធានការច្បាប់និងសុខាភិបាល ក្នុងនោះ «ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់និងធ្ងន់ធ្ងរផ្សេងៗទៀត» វិធានការ «៣ ការពារ ៣ កុំ» និង «ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ» ជាដើម។

សម្តេចបានបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ និងការ បន្តប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលជាបន្តទៀត យើងនឹងឈានទៅគ្រប់គ្រងនិងបិទបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈនេះបានដោយជោគជ័យ ហើយនឹងឈានទៅស្តារសេដ្ឋកិច្ចសង្គមរបស់ខ្លួនឱ្យងើបជាប្រក្រតី ឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ»។

«សូមបងប្អូន កូនក្មួយ ជនរួមជាតិរក្សាការជួបជុំគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួន ដោយជៀសវាងការជួបជុំគ្នាច្រើន ការ ប្រារព្ធពិធីផ្សេងៗ និងមិនត្រូវធ្វើដំណើរឆ្លងកាត់រាជធានីខេត្តដទៃឡើយ បើគ្មានភារកិច្ចចាំបាច់»។ នេះជាការអំពាវនាវរបស់សម្តេច ហេង សំរិន។

ក្នុងសារលិខិតនេះសម្តេចប្រធានរដ្ឋសភា ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធទប់ស្កាត់ និងដោះស្រាយវិបត្តិនៃជំងឺរាតត្បាតនេះ។

សម្តេចបានគូសបញ្ជាក់ថា វិភាគទានដ៏ថ្លៃថ្លា និងការលះបង់ដ៏មានតម្លៃរបស់បងប្អូន ជនរួមជាតិ បានឆ្លុះបញ្ចាំងអំពីវប្បធម៌នៃការចែករំលែក ស្មារតីសាមគ្គីភាព និងឯកភាពជាតិជាធ្លុង មួយដែលមិនចេះរីងស្ងួត និងសូមឱ្យវប្បធម៌ដ៏ល្អប្រពៃនេះចរិតជាប់ក្នុងបេះដូងប្រជាពលរដ្ឋយើងជា និច្ចនិរន្តរ៍៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×