Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកទំនិញបើកបុកម៉ូតូពីក្រោយ កិនអូសប្រមាណជិត២០ម៉ែត្រ នៅជាប់គល់ស្ពានព្រែកជ្រៃ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម្នាក់ឯងតាមដងផ្លូវ ស្រាប់តែត្រូវបានរថយន្តហ៊ីយ៉ាន់ដាយ ដឹកទំនិញធុនធំបើកបុកពីក្រោយ និងកិនអូសជិត២០ម៉ែត្របណ្ដាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ217 ត្រង់ចំណុចគល់ស្ពានព្រែកជ្រៃ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រីឯ តៃកុងរថយន្តបង្កមានឈ្មោះ ប៉ក់ កវី ភេទប្រុស អាយុ២០ឆ្នាំ អាសយដ្ឋាន ភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ ។ ចំណែកសពជនរងគ្រោះមានឈ្មោះ ស៊ឹម ចាន់ឌឿន ភេទប្រុស អាយុ៣៥ឆ្នាំ អាសយដ្ឋាន ភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ កំពង់ធំ 1D-6269 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តហ៊ីយ៉ាន់ដាយ (ប្រភេទដឹកទំនិញធុនធំ)ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 3A-2722 បានធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូពីក្រោយ និងកិនជនរងគ្រោះអូសជិត២០ម៉ែត្រ បណ្ដាលឱ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម នៅកន្លែងកើតហេតុ ចំណែកតៃកុងរថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក ព្រមទាំងនាំតៃកុង និងយកម៉ូតូជនរងគ្រោះ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នាពេលក្រោយ ។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ច បានធ្វើកំណត់ហេតុ និងទាក់ទងទៅខាងក្រុមគ្រួសារ ឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធិដោយ៖មីដា

×