Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្រុកសេសាន ខេត្តស្ទឹងត្រែង នាំគ្នាដាំបន្លែកាន់តែច្រើន

ស្ទឹងត្រែង ៖ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេសាន ស្រុកសេសាន ខេត្តស្ទឹងត្រែង នាំគ្នាសម្រុកដាំបន្លែកាន់តែច្រើន ដើម្បីបំពេញតម្រូវការទីផ្សារបច្ចុប្បន្ននេះ។

កូនកាត់ខ្មែរឡាវអ្នកភូមិសាមឃួយ ឃុំកំភុន ស្រុកសេសាន ឈ្មោះចាន់ន្ធី សុភី អាយុ២៥ឆ្នាំ បានរៀបរាប់ថា ដោយសារឪពុកម្ដាយនាង គឺជាកសិករធ្វើស្រែចំការគាត់ឆ្លៀតឱកាសដាំបន្លែនៅក្បែរផ្ទះ មិនឱ្យទំនេរដៃ។ នាងមានចំណាប់អារម្មណ៍ក្នុងការដំណាំបន្លែគ្រប់មុខផងនោះ រួមទាំងមានការជំរុញ ពីឪពុកម្ដាយទើបធ្វើឲ្យខ្លួនដាំបន្លែ នៅក្បែរផ្ទះកាន់តែច្រើន។

អ្នកដាំបន្លែខាងលើនេះ បាននិយាយបន្ថែមទៀតថា ក្រោយពីមានការបង្ហាត់បង្រៀន ពីអង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីជំនាញផ្នែកកសិកម្មគ្រួសារ នាងបានដាំបន្លែគ្រប់មុខតាមបច្ចេកទេស។

ក្រោយពីអនុវត្តក្នុងរយៈពេលខ្លីឃើញថា ទទួលបានទិន្នផលខ្ពស់ធ្វើឲ្យអ្នកភូមិ មានការកោតសរសើរ ដល់គ្រួសាររបស់នាង។ ឃើញដូចនេះអ្នកភូមិផ្សេងទៀត ក៏ចាប់ផ្ដើមនាំគ្នាសម្រុកដាំបន្លែកាន់តែច្រើនឡើង។

អ្នកនាងចាន់ន្ធី សុភី បាននិយាយទៀតថា ចំពោះទីផ្សារវិញ គឺមិនលំបាកទេមានអ្នកក្នុងភូមិខ្លះ មកទិញហើយនិងយកទៅលក់នៅផ្សារស្ទឹងត្រែង មានម៉ូយទៅចាំទិញដល់ផ្ទះទៀតផង។

ក្រៅពីនោះ ក៏មានអ្នកទៅទទួលទិញបន្លែពីស្រុកសេសាន យកទៅកាន់ទីក្រុងភ្នំពេញ។

មន្ត្រីជំនាញផ្នែកកសិកម្មខេត្តស្ទឹងត្រែង បានឲ្យដឹងថា ការដាំបន្លែនៅក្នុងស្រុកសេសាន ពិតជាទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមស្រុកក្រុងទាំង ៦ នៃខេត្តស្ទឹងត្រែង។

កាលពីកន្លងទៅថ្មីៗនេះ លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ស្ដីទី បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលការដាំបន្លែ របស់ប្រជាពលរដ្ឋនៅស្រុកសេសាន។

លោកទុំ នីរ៉ូ នឹងបន្តជួយគាំទ្រកសិករ យ៉ាងពេញទំហឹងទាំងបច្ចេកទេស និងធាតុចូលមួយចំនួនទៀត ដើម្បីឲ្យកសិករនៅខេត្តស្ទឹងត្រែង មានលទ្ធភាពពង្រីកផលិតភាព កសិកម្មរបស់ខ្លួន ដើម្បីទទួលបានចំណូលខ្ពស់ និងសន្តិសុខស្បៀងសម្រាប់គ្រួសារ៕ រក្សាសិទ្ធិដោយ៖សុខុម

×